​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​: ក្រុមហ៊ុន Oak Sourcing&Logistic,LLC ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល និង​សម្ភារ​បរិក្ខា​ពេទ្យ​មាន​ទីស្នាក់ការ​នៅ​សហរដ្ឋ​អាម៉េរិក បាន​ឧបត្ថម្ភ​ឈុត​ការពារ​វេជ្ជសាស្ត្រ​ជាង​ពីរលាន មក​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​រួមចំណែក​ជាមួយ សមាគម​ក្នុង​យុទ្ធនាការ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ។​

​លោក Matthew Sandvig គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​បាន​ថ្លែងថា​យើង​មាន​សេចក្តីត្រេកអរ​ជាខ្លាំង​ក្នុងការ ឧបត្ថម្ភ​ឈុត​ការពារ​វេជ្ជសាស្ត្រ​ដែលជា​សម្ភារ​បរិក្ខារ​កា​រពារ​ខ្លួន​សំខាន់​និង​ចាំបាច់​សម្រាប់​ប្រទេស​កម្ពុជា​ក្នុងពេលដែល​ប្រទេសមួយ​នេះ​កំពុង​ជួបនឹង​ការរីក​រាលដាល​នៃ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​ដែលមាន​កម្រិត​ធ្ងន់ធ្ងរ និង​មាន​ករណី​ស្លាប់​ច្រើនជាង​មុន​។​លោក​បាន​បន្ថែមថា​ឈុត​ការពារ​វេជ្ជសាស្ត្រ​(PPE)​ទាំងនេះ​នឹង​ជួយ​គាំទ្រ​ដល់​មន្ទីរពេទ្យ​និង​គ្លីនិក​វេជ្ជសាស្ត្រ​នៅ​ទូទាំងប្រទេស​ក្នុងការ​លើកកម្ពស់​សុវត្ថិ​ភាព​ក្រុមគ្រូពេទ្យ​ជួប​មុខ​នៅក្នុង​ការបំពេញ​កាតព្វកិច្ច និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។​

​លោក​វេជ្ជបណ្ឌិត ស៊ូ ស៊ីផា​ណ្ណា ប្រធាន​ប្រតិបត្តិ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ឈុត​ការពារ​វេជ្ជសាស្ត្រ​ដល់​ប្រទេស​កម្ពុជា​ខណៈដែល​ប្រទេស​កម្ពុជា​កំពុងមាន​តម្រូវការ​ចាំបាច់​បំផុត​ក្នុង​កិច្ចការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​បាន​ថ្លែងថា​”​យើង​និង​សប្បាយរីករាយ​ចំពោះ​ការឧបត្ថម្ភ​ប្រកប​ទឹកចិត្ត​សប្បុរសធម៌​រប​ស់​ក្រុមហ៊ុន​ដល់​ប្រទេស​យើង​ខណៈដែល​យើង​កំពុងតែបន្ត​ប្រយុទ្ធ​នឹង​វីរុស​កូ​វីដ​-១៩”​។

​យើង​សូម​ថ្លែងអំណរគុណ​ដល់​អ្នកស្រី ឈឹម កុលាប នាយិកា​អភិវឌ្ឍ​អាជីវកម្ម​របស់​ក្រុមហ៊ុន​សេ​ដ្យ​ឃែ​ភី​ថ​ល​សម្រាប់​ការសម្របសម្រួល​ឲ្យ​មានការ​ផ្ដល់​អំណោយ​នេះ​។

​ចំណែក​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន Oak Sourcing&Logistic,LLC​និង​សប្បុរសជន​ទាំងអស់​ដែល​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាមួយ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​ស​ម្តេ​តេ​ជោ​(TYDA) តាម រយៈ​ការឧបត្ថម្ភ​ថវិកា សម្ភារ ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​សមាគម​បំពេញបេសកកម្ម​មនុស្ស​ធម៌​សម្រាប់​ជាតិ និង​មាតុភូមិ​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១​នេះ ខណ​:​ដែល​ចំនួន​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ នៅតែមាន​ចំនួន​ច្រើន មាន​សប្បុរសជន​ជាច្រើន​បាន​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា ភេសជ្ជ​: អាហារ និង​សម្ភារៈ​ជូន​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យ​វជន​សម្តេច​តេ​ជោ​ដែល​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ជាការ​លើកទឹកចិត្ត​ចំពោះ​កិច្ចខិតខំ ប្រឹងប្រែង​ចូលរួម​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​កន្លងមក​៕​សរន​