ដោយៈ គង់ហេង/ កំពង់ចាមៈ អាជ្ញាធរខេត្តកំពង់ចាមទំនងអាចនឹងជ្រើសរើសយកទីតាំងដីសាធារណៈរបស់រដ្ឋប្រមាណជិត ២០ ហិកតា ស្ថិតក្នុងឃុំកោះរកា ស្រុកកំពង់សៀម សម្រាប់ធ្វើជាទីលានចាក់សំរាមថ្មី ដែលមានលក្ខណៈអំណោយផលមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះ។
លោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាមដែលបានអមដំណើរប្រតិភូ ដែលដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមចុះពិនិត្យ និងសិក្សាជាក់ស្តែង ដើម្បីជ្រើសរើសទីលានចាក់សំរាមនៅព្រឹកថ្ងៃទី ២៥ សីហាបានឱ្យដឹងថា ដោយសារតែទីលានចាក់សំរាមយើងថ្មីនេះ តម្រូវកាយកប់ក្នុងដីនោះ គឺត្រូវស្វែងរកទីតាំងមួយមានលក្ខណៈសមស្រប និងអំណោយផល។
លោកប្រធានមន្ទីរបាននិយាយទៀតថា ក្នុងនោះម្ចាស់គម្រោងធនាគារអភិវឌ្ឍន៍អាស៊ី( ADB) តម្រូវទំហំដីជិត ២០ ហិកតា ពិសេសខាងក្រសួងបរិស្ថានតម្រូវឱ្យជ្រើសរើសទីតាំងមានលក្ខណៈអំណោយផល គឺងាយស្រួលក្នុងការគ្រប់គ្រងសំរាម ដែលមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែនៅទីតាំងឃុំព្រែកក្របៅ ស្រុកកងមាស ការពិនិត្យជាក់ស្តែង គឺមិនអំណោយផលក្នុងការធ្វើទីលានចាក់ ជាតំបន់ទំនាបបឹង និងជាតំបន់មានចម្ការប្រជាពលរដ្ឋ ហើយមានប្រភពទឹកហូរទៅរកបឹងធំទៀត។
លោក គង់សល្យ បានបន្តថា ដោយឡែកទីតាំងពីរកន្លែង ដែលបានជ្រើសរើសកន្លងមក គឺមួយកន្លែងនៅភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរនោះ ត្រូវក្រសួងបរិស្ថានជំទាស គឺប៉ះពាល់បរិស្ថានដល់ខាងពន្ធនាគារ និងទីតាំងនៅស្រុកជើងព្រៃខាងម្ចាស់ដីមិនទាន់ឆ្លើយតប តែខាងម្ចាស់គម្រោងត្រូវការទីតាំងធ្វើទីលានចាក់សំរាមប្រញាប់៕srn