​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ថ្ងៃនេះ លោកស្រី កា​ម៉ា​ឡា ហារី​ស ( Kamala D. Harris) អនុ​ប្រធានាធិបតី​អាមេរិក បាន​សម្ពោធ​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ នៃ​មជ្ឈមណ្ឌល​បង្ការ​និង​កម្ចាត់​ជំងឺឆ្លង (CDC) របស់​សហរដ្ឋអាមេរិក នៅ​ទីក្រុង​ហាណូយ នៃ​ប្រទេស​វៀតណាម នៅក្នុង​ពិធី​មួយ​ដែលមាន​ការចូលរួម​ផងដែរ ពី​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សហរដ្ឋអាមេរិក ប្រធាន CDC សហរដ្ឋអាមេរិក មន្ត្រីជាន់ខ្ពស់​ផ្នែក​សុខាភិបាល​មកពី​ប្រទេស​ចំនួន ១១ ដោយ​រួមទាំង​កម្ពុជា​ផងដែរ ។​

​ការិយាល័យ​ប្រចាំ​តំបន់​ថ្មី​មួយ​នេះ នឹង​ពង្រឹងសមត្ថភាព​របស់ CDC សហរដ្ឋអាមេរិក ក្នុងការ​បំពេញបេសកកម្ម​របស់ខ្លួន​ក្នុងការ​ការពារ​ជនជាតិ​អាមេរិក​និង​ប្រជាជន​នៅក្នុង​តំបន់ ដោយ​ធ្វើការ​ឆ្លើយតបបាន​ឆាប់រហ័ស​ទៅនឹង​ការគំរាមកំហែង​ផ្នែក​សុខភាព​រាល់ពេល​ដែល​វា​កើតមានឡើង ហើយ​កសាង​ទំនាក់​ទំនងជា​គន្លឹះ​សម្រាប់​ដោះស្រាយ​អាទិភាព​រួម​ផ្នែក​សុខភាព​។​

​លោកស្រី​អនុ​ប្រធានាធិបតី បានធ្វើការ​បញ្ជាក់បន្ថែម​លើ​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ចំពោះ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​នៃ​សុខភាព​នៅក្នុង​តំបន់ ហើយ​បាន​បន្តធ្វើ​ការអំពាវនាវ​ឲ្យ​មាន​សកម្មភាព​ក្នុងការ​ឆ្លើយតប និង​ការត្រៀមខ្លួន​ជាស្រេច ចំពោះ​រោគរាតត្បាត​នេះ​។​
​លោក ហ្សា​វី​យេ បេ​សេ​រ៉ា ( Xavier Becerra) រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សហរដ្ឋអាមេរិក បាន​មានប្រសាសន៍ថា «​តាមរយៈ​ការិយាល័យ​នេះ យើង​នឹង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ក្នុង​តំបន់​នេះ​របស់​យើង ដើម្បី​ចែករំលែក​យុទ្ធសាស្ត្រ និង​ពង្រឹងសមត្ថភាព​គ្នា​ទៅវិញទៅមក ដើម្បី​ធ្វើការ​បង្ការ តាមដាន និង​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​នៃ​ជំងឺឆ្លង សម្រាប់​ពេលនេះ និង​ពេលអនាគត​។ ជោគជ័យ​នេះ​គឺជា​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​កម្រិត​ខ្ពស់​អស់​រយៈពេល​រាប់​ឆ្នាំ​មកហើយ រវាង​រដ្ឋាភិបាល​រប​ស់​យើង​។ វា​ក៏​តំណាង​ផងដែរ នៃ​ឱកាស​ដ៏​សំខាន់ ក្នុងការ​ប្រមូលផ្តុំ​គ្នា​ដើម្បី​ធ្វើការ​ពិភាក្សា​ពី​អាទិភាព​រួម​ផ្នែក​សន្តិសុខ​នៃ​សុខភាព​នៃ​ប្រទេស​របស់​យើង​»​។​

​លោកស្រី​វេជ្ជបណ្ឌិត រ៉ូ​កែ​ល វ៉ា​ឡេ​ស្គី ( Rochelle Walensky) ប្រធាន​ទីភ្នាក់ងារ CDC បាន​មានប្រសាសន៍ថា «​ទីភ្នាក់ងារ CDC របស់​សហរដ្ឋអាមេរិក​បាន​មាន​វត្តមាន​យូរ​មកហើយ នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ ភាពជា​ដៃគូ​យូរអង្វែង​របស់​យើង​ជាមួយ​ប្រទេស​នៅ​តំបន់​អាស៊ាន បាន​ពង្រឹង​មន្ទីរពិសោធន៍​ផ្នែក​សុខភាព​សាធារណៈ មជ្ឈមណ្ឌល​ប្រតិបត្តិការ​សម្រាប់​គ្រា​បន្ទាន់ ប្រព័ន្ធ​តាមដាន ដែល​សុទ្ធតែជា​មធ្យោបាយ​ចាំបាច់ នៅក្នុង​អំឡុងពេល​នៃ​ការ​មាន​រោគរាតត្បាត ក្នុង​ពេលនេះ​។ ការិយាល័យ​ថ្មី​ប្រចាំ​តំបន់​នេះ នឹង​ពង្រឹង​បន្ថែម​លើ​កិច្ចសហការ​ជា​ដៃគូ​ដែលមាន​ស្រាប់ ហើយ​ជួយ​យើង​ឱ្យ​កាន់តែ​រឹងមាំ​ជាមួយគ្នា​ថែមទៀត​»​។​

CDC មាន​ភាពសមស្រប​ជាពិសេស​សម្រាប់​បង្កើន​ការចូលរួម និង​ការសហការ​របស់​សហ​រដ្ឋ​អាមេរិក​ជាមួយ​មេដឹកនាំ​នៅ​អាស៊ីអាគ្នេយ៍ ដើម្បី​លើកកម្ពស់​សមត្ថភាពរ​បស់​តំបន់​នេះ​ក្នុង​ការបង្ការ​តាមដាន និង​ឆ្លើយតប​ទៅនឹង​ជំងឺឆ្លង​និង​ការគំរាមកំហែង​ថ្មីៗ​ដទៃទៀត​មកលើ​សុខភាព​។ អាទិភាព​សម្រាប់​ការិយាល័យ​ថ្មី ប្រចាំ​តំបន់​នេះ​រួមមាន កសាង​កម្លាំង​អ្នកធ្វើការ​ផ្នែក​សុខភាព​សាធារណៈ​ទៅ​អនាគត ពង្រីក​ការបណ្តុះបណ្តាល​ផ្នែក​មន្ទីរពិសោធន៍​ផ្នែក​សុខភាព​សាធារណៈ​ប្រចាំ​តំបន់ អភិវឌ្ឍ​កម្មវិធី​ថ្មីៗ ដើម្បី​កែលម្អ​សុខភាព​សម្រាប់​ប្រជាជន​ធ្វើ​ចំណាកស្រុក និង​ប្រជាជន​ដែល​ធ្វើ​ផ្លាស់​ទីលំនៅ ធ្វើ​ឲ្យ​មានការ​ឆ្លើយតប​ដោយមាន​ការសម្របសម្រួល​គ្នា​ចំពោះ​ស្ថានភាព​បន្ទាន់​ផ្នែក​សុខភាព​សាធារណៈ តាមរយៈ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ក្នុង​គ្រា​បន្ទាន់ ដែលមាន​ជា​បណ្តាញ​ហើយ​ពង្រឹង​ប្រព័ន្ធ​ព្រមាន​ទាន់ពេលវេលា​ទាក់ទង​នឹង​ការរកឃើញ​ជំងឺឆ្លង​ថ្មីៗ និង​ដែល​ឆ្លង​ពីស​ត្វ​មក​មនុស្ស​។​

​លោក​វេជ្ជបណ្ឌិត John MacArthur គឺជា​ប្រធាន​ថ្មី​នៃ​ទីភ្នាក់ងារ CDC ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ធ្វើ​ការងារ​គាំទ្រ​ដល់​ដំណើរការ និង​សកម្មភាព​នៅក្នុង​ប្រទេស​ចំនួន ១១ រួមបញ្ចូល​ទាំង​ប្រទេស​កម្ពុជា​ផងដែរ​។ ការិយាល័យ CDC អាមេរិក នៅ​កម្ពុជា គឺជា​ផ្នែក​មួយ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក នៅ​ភ្នំពេញ ដែលមាន​ប្រធាន គឺ​អ្នកស្រី​វេជ្ជបណ្ឌិត Rachel Albalak ហើយ​ដើរតួនាទី​សំខាន់​ក្នុង​វិស័យ​សុខភាព​សាធារណៈ តាំងពី​ឆ្នាំ ២០០២ ដែល​ធ្វើ​ការងារ​យ៉ាងសកម្ម​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង រួមទាំង​ជំងឺគ្រុនចាញ់ ជំងឺអេដស៍ និង​ជំងឺ​កូ​វីដ ១៩៕​