​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ក្រោយ​អាជ្ញាធរ សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត បាន​ចុះ​បិទ​ទីតាំង​ក្រុមហ៊ុន ដឹកជញ្ជូន វីរៈ​ប៊ុន​ថាំ ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង ៨​និង​២០​នាទី យប់ ថ្ងៃទី ២៤ ខែសីហា​ឆ្នាំ ២០២១ លទ្ធផល តេស្ត​រហ័ស លើ​សំណាក​បុគ្គលិក និង​អ្នកពាក់ព័ន្ធ បាន​កើន ៣១ នាក់ វិជ្ជមាន​ជំងឺ​កូ​វីដ ១៩ ។ នេះ​បើតាម​មន្ត្រី បានអោយដឹង ទាក់ទិន​លទ្ធផល គិតពី​ថ្ងៃទី​២១ ដល់ ២៥ ខែសីហា ឆ្នាំ​២០២១​។​

​កន្លងមក ទីតាំង​ខាងលើ នៃ​ក្រុមហ៊ុន​វីរ​:​ប៊ុន​ថាំ​នេះ ត្រូវ​អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​បិទ​ខ្ទប់ តាំងពី​យប់ ថ្ងៃទី​២១ ខែសីហា រួចមកហើយ ដោយសារ​ផ្ទុះ​ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​១៩ ក្នុងចំណោម​បុគ្គលិក​។ ក្នុងនោះ ត្រូវបាន​ចងខ្សែ​លឿង មិន​អនុញ្ញាត​ឱ្យមាន​ការផ្ទេរ​ទំនិញ ឬ​ផ្ញើ​ឥ​វ៉ាន់​ឡើយ គឺ​ត្រូវ​បិទ​ខ្ទប់ រយ​:​ពេល ១៤​ថ្ងៃ ។ ប៉ុន្តែ​ក្រោយមក នៅតែ​លួច​បើក មានការ​ផ្ញើ​ឥ​វ៉ាន់​ទៀត ហេតុនេះ ទើប​អាជ្ញាធរ មាន​សមត្ថកិច្ច បាន​ចុះ​ចុះ​បិទ​ខ្ទប់ ទាំងយប់ នា​ថ្ងៃទី​២៤ ខែសីហា នោះ ។​

​ឧបទ្ទវហេតុ​នោះ បាន​បង្កអោយមាន​ប្រតិកម្ម ពី​ពលរដ្ឋ និង​មន្ត្រី​ថា ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ ដឹក​ជ្ជូ​នប​ញ្ញើ មួយ​នេះ ថា​គិតតែ​ប្រយោជន៍ ផ្ទាល់ខ្លួន ផ្គើន​នឹង​បទបញ្ជា និង​ច្បាប់ ស្តីពី​កូ​វីដ ហើយក៏​ប្រមាថ ដល់​សុវត្ថិភាព សុខភាព​សាធារណៈ និង​ពលរដ្ឋ​ផងដែរ ហើយក៏​ដូចជា មិន​គិតពី​សុខភាព របស់​បុគ្គលិក ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩ ជាច្រើន​នាក់ ដោយ​លាក់បាំង ឬ​មិន​សហការ​នឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដោយ​ទំនងជា​ខ្លាច បិទ​ទីតាំង​របស់ខ្លួន ដែល​បាន​នឹង​កំពុង​មមាញឹក ធ្វើ​អាជីវកម្ម​។​

​ពាក់ព័ន្ធ​ករណីនេះ បុគ្គលិក​ក្រុមហ៊ុន​នេះ បានអោយដឹងថាៈ ខ្លួន​ផ្ដល់ព័ត៌មាន​មក ក្នុង​គោលបំណង​ឱ្យ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះទៅ​អនុវត្តន៍​វិធានការ របស់​ក្រសួងសុខាភិបាល គឺ​ធ្វើតេស្ត ពិនិត្យ សំណាក​។ បើ​អ្នក​ឆ្លង ត្រូវ​យកទៅ​ព្យាបាល ។ ឯ​អ្នក​មិន​ឆ្លង ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ។​

​សូម​រំលឹកថា ករណីនេះ លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត បាន​ចាត់​មន្ត្រី​សាលាក្រុង លោក ប៊ុន សុ​វុ​ទ្ធា និង​ក្រុមការងារ​ក្រុង សង្កាត់​ប៉ោយប៉ែត និង​ភ្នាក់ងារ​ភូមិ​អូរជ្រៅ ចុះទៅ​កាន់​ទីតាំង​សាខា ក្រុមហ៊ុន ដឹកជញ្ជូន វិ​រៈ ប៊ុន​ថាំ អិ​ច​ប្រេ​ស ដើម្បី​ប្រមូល​ទិន្នន័យ ចំនួន​កម្មករ បុគ្គលិក ទាំងអស់ ធ្វើ​តារាង អោយបាន​ត្រឹមត្រូវ ដោយ​ណែនាំ តំណាង​ក្រុមហ៊ុន វិ​រៈ​ប៊ុន​ថាំ កុំ​លាក់បាំង តែ​ត្រូវ​សូម​ចូលរួម សហការ ជាមួយ​អាជ្ញាធរ ដើម្បី​នាំ​អ្នកពាក់ព័ន្ធ យក​សំណាក ពោលគឺ​នៅពេល​ដំបូងៗ បាន​រកឃើញ វិជ្ជមាន ១០ នាក់ ហើយ​តម​ក ក៏​កើនឡើង ជា​លំដាប់ ។​

​គួរ​រំលឹក​ដែរ​ថា ក្នុងអំឡុង​ផ្ទុះ​កូ​វីដ​១៩ នោះ ក្រុមហ៊ុន​ទទួលបញ្ញើ​វីរៈ​ប៊ុន​ថាំ អ៊ិ​ច​ប្រេ​ស ក៏បាន​ឧបត្ថម្ភ​មី ចំនួន ៥០ កេស​ធំ និង​ថវិកា​ចំនួន ១០ លាន​រៀល ជូន​ដល់​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​បន្ត​ឧបត្ថម្ភ ជូន​ពលរដ្ឋ​បិទ​ខ្ទប់ និង​ពលរដ្ឋ ជួប​ជីវភាព​ខ្វះខាត និង​ប្រើប្រាស់ ក្នុង​យុទ្ធនាការ​ទប់ស្កាត់ ការរីក​រាលដាល នៃ​មេរោគ​កូ​វីដ​-១៩ ក្នុង​មូលដ្ឋាន ក្រុង​ប៉ោយប៉ែត​។ លោក គាត ហ៊ុល និង​មន្ត្រី​ក្រុមការងារ បានទទួល​នៅ​សាលាក្រុង កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២១ គឺ​ទទួល​នៅ​ចំ​ថ្ងៃ ដែល​គ្រូពេទ្យ បានចាប់ផ្តើម​យក​សំណាក បុគ្គលិក​ក្រុមហ៊ុន ៕/V​