នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចាំបាច់​ទៅ​បោះឆ្នោត​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨

1243
ចែករម្លែក
នាយ​ឧ​ត្ត​ម​សេនីយ៍​សែម​សុវណ្ណនី សំណេះសំណាល​និង​ផ្តល់​អំណោយ​ដល់​ក្រុមគ្រួសារ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ខ្នារ​សណ្តាយ

​ដោយ​: យោធិន / សៀមរាប​: លោក សែម សុវណ្ណនី សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​បក្ស​ប្រជាជន​កម្ពុជា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ទូទាំង​ឃុំ​ខ្នារ​សណ្តាយ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ចាំបាច់​ត្រូវបំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​ដោយ​ទៅ​ចូលរួម​បោះឆ្នោត រួមជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ទូទាំងប្រទេស នៅ​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨​ខាងមុខ​កុំបី​ខកខាន​។​

​ការអំពាវនាវ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២​អាជ្ញាធរ​មីន អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បែបនេះ ធ្វើឡើង​ក្នុងឱកាស​ជួបជុំ​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​មកពី​ភូមិ​ទាំង​ប្រាំពីរ​របស់ ឃុំ​ខ្នារ​សណ្តាយ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ ដើម្បី​ប្រារព្ធ​ពិធី​ទិវា​ជាតិ​នៃ​ការចងចាំ​របប​ប្រល័យពូជសាសន៍ ២០ ឧសភា ដែលជា​ទិវា​ជាតិ​រំលឹក​ដល់​ការឈឺចាប់​អំឡុង ឧក្រិដ្ឋកម្ម​ដ៏​សែន​ឃោ​ឃៅ​បំផុត​នៅ​កម្ពុជា​។​

​សូមបញ្ជាក់ថាៈ​ទិវា​ជាតិ នៃ​ការចងចាំ​២០​ឧសភា ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ បាន​នាំមក​នូវ​ការផ្សះផ្សា​ជាតិ​សាសន៍​ខ្មែរ និង​គោរព​ទៅដល់​វិញ្ញាណក្ខន្ធ​ប្រជាជន​ខ្មែរ ប្រមាណ​ជាង​ពីរលាន​នាក់ ដែល​បាន​បាត់បង់​ជីវិត​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ពី​ឆ្នាំ​១៩៧៥​ដល់ ឆ្នាំ​១៩៧៩​។ ការ​ប្រារព្ធ​ទិវា​ជាតិ នៃ​ការចងចាំ​គឺ​សំដៅ​រំលឹក​និង​បង្រៀន​ទៅដល់​ជំនាន់​ក្រោយ​ឲ្យ​យល់ដឹង​ពី​របប​ខ្មែរក្រហម ដែល​សម្លាប់​មនុស្ស​យ៉ាង​សាហាវព្រៃផ្សៃ​បំផុត​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បាន​ថ្លែងបន្តថា បច្ចុប្បន្ននេះ​កម្ពុជា​ទទួលបាន​សុខសន្តិភាព ពេញលេញ ក្រោម​គោលនយោបាយ​ឈ្នះ ឈ្នះ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយបាន​ដឹកនាំ​ប្រទេសជាតិ​ឈានឆ្ពោះ​ទៅ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ ដើម្បី​សុខសន្តិភាព សុវត្ថិភាព អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ គ្រប់ៗ​គ្នា​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បន្ត​គាំទ្រ​បេក្ខភាព​សម្តេច​តេ​ជោ ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​សម្រាប់ អាណត្តិ​ទី​៦ និង អាណត្តិ​ជា​បន្តបន្ទាប់​ទៀត​។ នេះ​ជា​សម្រែក​ជ័យ​ឃោស​ដែល​ផុស​ចេញពី​ទឹកចិត្ត​របស់​បងប្អូន ក្នុង​ឃុំ​ខ្នារ​សណ្តាយ ដែលមាន​ស្វាមីភក្តិ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បា​នប​ន្លើ​ឡើង​ក្នុងឱកាស​ប្រារព្ធ​ពិធី​។​

​ក្នុងឱកាស​ប្រារព្ធ​ពិធី​រំលឹក​ទិវា​ជាតិ​នៃ​ការចងចាំ​២០ ឧសភា នាយ​ឧ​ត្ត​ម​សេនីយ៍​សែម សុវណ្ណនី ក៏បាន​នាំយក​អំណោយ​ជា​សារុង និង​ថវិកា​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ក្នុងនោះ​ក្នុង​ម្នាក់ៗ សារុង​មួយ និង​ថវិកា​ចំនួន​មួយ​ម៉ឺន​រៀល​។​

​ដោយឡែក​ក្នុង​សកម្មភាព​ត្រៀមលក្ខណៈ​ឆ្ពោះទៅ​ការបោះឆ្នោត​ជ្រើសរើស​ដំណាងរាស្ត្រ​អណ​ត្តិ​ទី​៦ នៃ​រដ្ឋសភា នា​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ​ខ្នារ​សណ្តាយ បាន​ដំណើរការ​ដ​ម្លើ​ង​ផ្ទាំង​ប៉ាណូ រូបគណ​បក្ស​ប្រជាជន​កម្ពុជា​តាម​ទីតាំង​សមស្រប​មួយចំនួន​ក្នុង​ទូទាំង​ឃុំ​ផងដែរ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​សែម​សុវណ្ណនី ក៏បានផ្តល់​សម្ភារៈ ជា​កាបូប សៀវ ភៅ​ប៊ិច​រួមជាមួយ​ថវិកា ចំនួន​៤០.០០០​រៀល​ម្នាក់ និង​ផ្តល់​វិទ្យុទាក់ទង និង​ឯកសណ្ឋាន​សម្រាប់​ប្រជា​ការពារ​ភូមិ​-​ឃុំ ដើម្បី​លើកទឹកចិត្ត​ក្នុង​ភារកិច្ច​បំពេញការងារ​ជូន​ដល់​សកម្មជន ក្រុមគ្រួសារ​បក្ស​ប្រជាជន​កម្ពុជា អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ ប្រជា​ការពារ នគរបាល យោធា ប្រចាំ​មូលដ្ឋានចំនួន​២៦១​នាក់​ក្នុងនោះ​នារី​១០០​នាក់​ថវិកា​សរុប​ប្រមាណ​ជា ៤.៣៥០​ដុល្លា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម