ដោយៈ រ៉ាម៉ន / ភ្នំពេញៈ អំណោយជាផ្លែមៀន មី ម៉ាស់ និងអាកុល ឬជែលមួយចំនួន ត្រូវបានលោក ឃួង ស្រេង អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ និងជា ប្រធានក្រុមប្រឹក្សាភិបាល មូលនិធិត្រីចក្រយាន្តកម្ពុជា បានចាត់អោយលោក ម៉េត មាសភក្តី ប្រធានលេខាធិការដ្ឋាន មូលនិធិត្រីចក្រយានកម្ពុជា និងជាអ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងារ ប្រគល់ជូនបងប្អូនអ្នកធាក់ស៊ីក្លូ ចំនួន ៣០០ នាក់ យកទៅបរិភោគ និងការពារខ្លួន ពីការរីករាលដាល ជំងឺកូវីដ-១៩ ខណៈជំងឺនេះ បាននិងកំពុងកើតមាន នៅក្នុងរាជធានីភ្នំពេញនៅឡើយ។
ការផ្ដល់ជូននូវផ្លែមៀន និងសម្ភារៈមួយចំនួន ពាក់ព័ន្ធនឹងការទប់ស្កាត់ ជំងឺកូវីដ-១៩នេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នេះ នៅសាលា រាជធានីភ្នំពេញ។
លោក ម៉េត មាសភក្តី បានមានប្រសាសន៍ឲ្យដឹងថាៈ បងប្អូនអ្នកធាក់ស៊ីក្លូ ទាំង ៣០០ នាក់នេះ ក្នុងម្នាក់ៗ ទទួលបានផ្លែមៀន ចំនួន ២ គីឡូក្រាម មី ១កេស ម៉ាស់ចំនួន ២ ប្រអប់ និងអាកុល ឬជែល ២ ដប ដើម្បីយកទៅប្រើប្រាស់ ការពារខ្លួន ពីជំងឺកូវីដ-១៩។
លោកបានបញ្ជាក់ថាៈ បងប្អូនអ្នកធាក់ស៊ីក្លូ ទាំង ៣០០ នាក់ តែងទទួលបានការ យកចិត្តទុកដាក់ ជាប្រចាំ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស មូលនិធិត្រីចក្រយានកម្ពុជា និងលោក ឃួង ស្រេង ប្រធានក្រុមប្រឹក្សាភិបាល មូលនិធិត្រីចក្រយានកម្ពុជា និងជាអភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ។
ក្រោមការយកចិត្តទុកដាក់ របស់សម្ដេចតេជោ និងលោកអភិបាល រាជធានី ភ្នំពេញនេះ បងប្អូនអ្នក ធាក់ស៊ីក្លូ ទាំងអស់ តែងទទួលបានការឧបត្ថម្ភ ពីមូលនិធិ ក្នុងមួយថ្ងៃ ទទួលបាន ទឹកប្រាក់ចំនួន ៧.០០០ រៀល ស្មើនឹង ២១ ម៉ឺន ក្នុងមួយខែ។ បន្ថែមពីលើនេះ មូលនិធិ ក៏តែងតែបានជួយឧបត្ថម្ភ ជាម៉ាស អាកុល ជែល និងសម្ភារៈ មួយចំនួនថែមទៀត ជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារទប់ស្កាត់ ជំងឺកូវី-១៩ ។ បន្ថែមពីនេះទៀត បងប្អូនអ្នកធាក់ស៊ីក្លូ ទាំង ៣០០ នាក់ ក៏ទទួលបាន ប័ណ្ណក្រីក្រ ប ស ស សម្រាប់ការព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យនានា របស់រដ្ឋ ដោយមិនអស់លុយ ផងដែរ។
លោក ម៉េត មាសភក្តី ក៏បានបញ្ជាក់ផងដែរថាៈ ចំពោះថវិកាដែលត្រូវបើកជូន បងប្អូនអ្នកធាក់ស៊ីក្លូ ទាំងអស់នេះ គឺយើងបានរៀបចំ ដោយផ្ញើថវិកាទាំងនេះ តាមប្រព័ន្ធផ្ញើលុយវីង ដើម្បីបង្កភាព ងាយស្រួល ឲ្យពួកគាត់ ក្នុងការបើកថវិកា ទាំងនេះ បានស្រួល ដោយក្នុង ១០ ថ្ងៃ ពួកគាត់ អាចបើកបាន ១ ដង៕/V-PC