ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ម្ចាស់ជើងឯកក្របខ័ណ្ឌ Grand Slam កីឡាការិនីសូហ្វីយ៉ា ខេនីន បាននិយាយកាលពីថ្ងៃពុធទី២៥សីហាថា នាងបានដកខ្លួនចេញពីព្រឹត្តិការណ៍ US Open នាពេលខាងមុខនេះបន្ទាប់ពីធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩ជាច្រើនដង ទោះបីត្រូវបានចាក់វ៉ាក់សាំងក៏ដោយ។
នាងខេនីន ជាម្ចាស់ជ័យលាភី Australian Open ឆ្នាំ ២០២០ ដែលទទួលបានចំណាត់ថ្នាក់លេខ ៥ នៅក្នុងការប្រកួតនៅទីក្រុងញូវយ៉កបានបន្ថែមឈ្មោះរបស់នាងចូលទៅក្នុងបញ្ជីឈ្មោះកីឡាករកីឡាការិនីឆ្នើមៗ ដែលមិនអាចប្រកួតប្រជែងបាន រួមមាន នាងសេរីណា វីលលៀម លោករ៉ូជើ ហ្វេដេរ័រ លោករ៉ាហ្វាអែល ណាដាល់ និង នាង ស៊ីម៉ូណា ហាឡេប។
នាងខេននីនអាយុ២២ឆ្នាំបាននិយាយនៅលើបណ្តាញសង្គមធ្វីតធឺថា “ខ្ញុំកំពុងសរសេរជាមួយព័ត៌មានខកចិត្ត”។
“ថ្មីៗនេះខ្ញុំបានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩។ សំណាងដែរ ខ្ញុំបានចាក់វ៉ាក់សាំងហើយដូច្នេះរោគសញ្ញារបស់ខ្ញុំគឺមានកម្រិតស្រាលបំផុត។ ទោះយ៉ាងណា ខ្ញុំបានបន្តធ្វើតេស្តិ៍វិជ្ជមានជាច្រើនលើក ហើយដូច្នេះនឹងមិនអាចប្រកួតប្រជែងនៅព្រឹត្តិការណ៍ US Open នៅសប្តាហ៍ក្រោយបានទេ”៕
នាងខេនីននឹងមិនអាចប្រកួត US Open នៅសប្តាហ៍ក្រោយបានទេដោយសារកើតកូវីដ