ដោយៈ ប​.​ខុន / ភ្នំពេញៈ ការដេញថ្លៃ​ឈ្នួល​គន្លង​ដាយ​ត្រី ធ្វើ​អាជីវកម្ម​នេសាទ លើក​ទី​២ នៅ​ភ្នំពេញ គ្មាន​អ្នកដាក់ពាក្យ​ដេញ​។ នៅ​ខេត្តកណ្តាល មាន​អ្នក​ដាក់ ដេញថ្លៃ ចំនួន ៣ នាក់ គន្លង ដាយ​នៅសល់ ត្រូវបាន​រដ្ឋបាល​ជល​ផល​ចេញប្រកាស លើក​ទី​៣ ដាក់ឱ្យ​ជួល ទៅតាម​តម្លៃ​ព្រមព្រៀង​។

​លោក ងិន ឌី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៦ ខែសីហា​ថាៈ ការដេញ​ថ្លៃឈ្នួល​អាជីវកម្ម​នេសាទ តាម​គន្លង​ដាយ​ត្រី លើក​ទី​២ នៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ដែល​ត្រូវ​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៦ ខែសីហា​នេះ គ្មាន​អ្នកដាក់ពាក្យ​ដេញថ្លៃ​ទេ​។ គន្លង​ដាយ​ត្រី ដែល​ត្រូវ​ដាក់ឱ្យ​ដេញថ្លៃ លើក​ទី​២ មាន​ចំ នួន ៩ គន្លង​។ គន្លង​ដាយ​ត្រី នៅ​រាជធានី​ភ្នំពេញ សរុប​មាន​ចំនួន ២២ មាន​អ្នកដេញថ្លៃ យក​ធ្វើ​អាជីវកម្ម ចំនួន ១៣ នៅសល់ ៩ ដែល​ត្រូវ​ប្រកាស​ដាក់ ឱ្យ​ជួល ដោយ​រដ្ឋបាល​ជលផល នៅពេល​ខាងមុខនេះ​។​

​លោក ហេង សុភា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្តកណ្តាល បាន​ប្រាប់​ឱ្យ រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៦ ខែសីហា​ថាៈ ការដេញ​ថ្លៃឈ្នួល គន្លង​ដាយ​ត្រី លើក​ទី​២ ដែល បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃទី​២៣ ខែសីហា មាន​អ្នកដាក់ពាក្យ​ដេញថ្លៃ ចំនួន ៣ នាក់​។ គន្លង​ដាយ​ដែល​គ្មាន អ្នកដាក់ពាក្យ​ដេញថ្លៃ លើក​ទី​២ នៅ​ខេត្តកណ្តាល នៅសល់​ចំនួន ១៨ ។ កាលពី​ថ្ងៃទី​២៥ ខែសីហា កន្លងទៅនេះ រដ្ឋបាល​ជលផល ចេញប្រកាស​លើក​ទី​៣ ដាក់ឱ្យ​ជួល សម្រាប់ធ្វើ​អាជីវកម្ម រយៈពេល ពីរ​រដូវ (២០២១-២០២២ និង​២០២២- ២០២៣​។​

​រដ្ឋបាល​ជលផល កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១ បាន​ជូនដំណឹង​ស្តីពី​ការជួល ដាយ​ត្រី តាម​ការព្រមព្រៀង សម្រាប់ធ្វើ​អាជីវកម្ម ក្នុង​រដូវ​នេសាទ ឆ្នាំ​២០២១- ២០២២ និង​ឆ្នាំ​២០២២-២០២៣ ដោយ​ចាប់​ទទួល​ពាក្យ​ពីថ្ងៃ​ជូនដំណឹង រហូតដល់​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ខេត្តកណ្តាល​។​

​ក្នុង​សេចក្តីជូនដំណឹង ដែល​ចុះហត្ថលេខា ដោយ​លោក ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា ប្រធាន​រដ្ឋបាល​ជលផល បាន​សរសេរ​ទៀតថា អ្នក​ដែលមាន​បំណង ជួល​ដាយ​ត្រី ត្រូវដាក់​ពាក្យ សុំ​ជួល មិនឱ្យ​ហួស​ពីថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២១ គន្លង​ដាយ ដែល​ត្រូវ​ដាក់ឱ្យ​ជួល នៅក្នុង​ខេត្តកណ្តាល មាន​ចំនួន ១៨ គន្លង​ដាយ​។​

​គន្លង​ដាយ​ត្រី នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តព្រៃវែង នៅក្នុង​រយៈពេល ពីរ បី ឆ្នាំ​ចុងក្រោយ ពិបាក​រក​អ្នកដេញថ្លៃ និង​គន្លង​ដាយ​ខ្លះ គ្មាន​អ្នកដេញថ្លៃ គ្មាន​អ្នក ជួល ដោយសារ​ស្ថានភាព​ទឹកតូច រាល់​ឆ្នាំ ធ្វើឱ្យ​អ្នកធ្វើអាជីវកម្ម​នេសាទ មានការ​ខាតបង់​រាល់​ឆ្នាំ​។ នៅ​ឆ្នាំនេះ តាម​ការ​ព្យាករ​ទឹកទន្លេ នឹង​ជន់​ឡើង​ខ្ពស់ នៅក្នុង​ខែកញ្ញា ខាងមុខនេះ​៕/V​-PC