ដោយ៖ដេប៉ូ/ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិតសំហេង បានជំរុញដល់ភាគីពាក់ព័ន្ធត្រូវតែអនុវត្តនូវគោលនយោបាយក្នុងបង្កើន ឱកាសការងារសមរម្យ លើកកម្ពស់ជំនាញវិជ្ជាជីវៈ និងពង្រឹងអភិបាលកិច្ចទីផ្សារ ការងារដល់ពលករដ្ឋកម្ពុជា។
ការថ្លែងរបស់ លោករដ្ឋមន្ត្រីក្រសួងការងារបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៥ របស់ គណៈកម្មការអន្តរ ក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្ត គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ តាមរយៈប្រព័ន្ធ វីដេអូ (Zoom) នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។ គួរបញ្ជាក់ថាក្នុងកិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងវាយតម្លៃពីវឌ្ឍនៈភាពនៃការអនុវត្តគោលនយោបាយ ជាតិ ស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ និងបញ្ហាប្រឈមនៅក្នុងបរិបទ ជំងឺកូវីដ-១៩។
ថ្លែងក្នុងពិធីនេះលោក អ៊ិត សំហេង បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលសម្រេច បាននាពេលកន្លងមក និងបានស្នើសុំថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត វិស័យឯកជន បង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការ ចូលរួមអនុវត្តគោលនយោបាយនេះដើម្បីធ្វើការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ព័ន ឧស្សាកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញ នៅឆ្នាំ២០២៥ ។ ក្រៅពីនេះក៏ជាការជំរុញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមាន កំណើនខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ភាពសុខដុមក្នុងសង្គមដោយ ផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យនិងប្រកបដោយផលិតភាពការងារ ខ្ពស់ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
លោក អ៊ិត សំហេង ក៏បានបញ្ជាក់បន្ថែមថា នៅក្នុងការអនុវត្តគោលនយោបាយ ជាតិនេះ ក្រសួង ស្ថាប័នជាច្រើនទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវចូលរួមអនុវត្ត ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: គ្រាន់តែមានតួនាទីជាលេខា ធិការដ្ឋានសម្រាប់សម្របសម្រួល ការអនុវត្តនេះតែប៉ុណ្ណោះ។ នេះមានន័យថា ការចូលរួមយ៉ាងសកម្មពីសំណាក់ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធពិតជាមាន ភាពចាំបាច់ណាស់ ដើម្បីជម្រុញឲ្យការអនុវត្តគោលនយោបាយនេះកាន់តែមាន ប្រសិទ្ធភាព និងលទ្ធផលកាន់តែប្រសើរ។
ទន្ទឺមជាមួយគ្នានេះលោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិខាង ការងារ (ILO) ដែលតែងតែបានផ្តល់កិច្ចសហការយ៉ាងជិតស្និត ក្នុងការផ្តល់ជំនួយ ថវិការ ។ ពិសេសក្នុងនេះដូចជា អង្គការអន្តរជាតិខាងការងារ (ILO) គឺជាដៃគូរយ៉ាង សំខាន់ដែលមិន អាចខ្វះបាននៅក្នុងការអភិវឌ្ឍន៍វិស័យការងារនៅកម្ពុជា៕/PC