ដោយៈ​សុផល​/​ភ្នំពេញ​:​ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ ដោយមាន​ការចូលរួម​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ​ពី ចម្ងាយ​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ពាក់ព័ន្ធ​។

​កិច្ចប្រជុំ​នេះ​រៀបចំឡើង​នៅ​ទីស្តីការក្រសួង​ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​ការងារ បញ្ហា​ប្រឈម ដំណោះស្រាយ និង​សំណូមពរ របស់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ដែល បាន​ជួបប្រទះ​ក្នុងការ​អនុវត្ត​ការងារ​របស់ខ្លួន​នាពេល​កន្លងមក​។​ក្នុងនោះ​ផ្តោតជាសំខាន់​លើ​របៀបវារៈ​មួយចំនួន​ដូចជា របាយការណ៍​ស្ដីពី​លទ្ធផល​សិក្សា​របស់​និស្សិត វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង ដឹកជញ្ជូន​សម្រាប់​ឆមាស​ទី​១​និង​ផែនការ​សម្រាប់​ឆមាស​ទី​២​វឌ្ឍនភាព​ការងារ​ដក​ពិន្ទុ​និង​បំពេញ​ពិន្ទុ​ឡើងវិញ​សម្រាប់​បណ្ណ​បើកបរ និង​ការផាកពិន័យ​បទល្មើស ចរាចរណ៍​ផ្លូវគោក និង​ការត្រៀម​រៀបចំ​កម្មវិធី MPWT LIVE SHOW លើកដំបូង​។​

​លោក​ទេសរដ្ឋមន្ត្រី​បានលើកឡើង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ស្វះ​ស្វែងរក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​ដោយ​គិត​រហូត​មកទល់ពេលនេះ​កម្ពុជា​សម្រេច​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ​១៨​ឆ្នាំ​ឡើងទៅ​បាន​ប្រមាណ​៩៩​ភាគរយ​ហើយ​។ កម្ពុជា​ជា​ប្រទេស​ទី​ពីរ​បន្ទាប់ពី​ប្រទេស​អ៊ីស្រាអែល​ដែល​បាន ចាក់ វ៉ាក់សាំង​ដូ​ស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ ទាំងអស់​របស់​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន ជាពិសេស ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត ដើម្បី​ធ្វើឱ្យ​វិទ្យាស្ថាន​អាច​ដំណើរការបាន​ក្នុង​រយៈ ពេល​ខ្លី និង​សម្រេចបាន​សមិទ្ធផល​មួយចំនួន​គួរឱ្យកត់សម្គាល់ និង​បាន​សម្ដែង​នូវ​ការគាំទ្រ​ឱ្យ​វិទ្យាស្ថាន ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន RMA Group សាលា​ភូមិន្ទ​រដ្ឋបាល និង​សាកលវិទ្យាល័យ Chang’ An ដែលជា​សាលា​មួយ​ល្បី​នៅ​ប្រទេស​ចិន និង​បាន​ជំ​រុញឱ្យ​វិទ្យាស្ថាន​បន្ត​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាកល វិទ្យាល័យ មហាវិទ្យាល័យ​ធំៗ​ក្នុង​ពិភពលោក និង​ដៃគូ​អភិវឌ្ឍន៍​នានា​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​អំពី​ប្រសិទ្ធភាព​នៃ​កម្ម​វិធីដក​ពិន្ទុ និង បំពេញ​ពិន្ទុ​ឡើងវិញ​សម្រាប់​បណ្ណ​បើកបរ និង​ការផាកពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​កម្មវិធី​នេះ​មាន​លក្ខណៈ ពិសេស ស្គាល់​ទម្រង់​បណ្ណ​នានា​រួមមាន​៖ បណ្ណ​បើកបរ លិខិតឆ្លងដែន អត្តសញ្ញាណ​បណ្ណ ឲ​និង​បណ្ណ​សម្គាល់​យានយន្ត និង​អាច​ដឹងថា​បណ្ណ​បើកបរ ត្រឹមត្រូវ​ឬ​ក្លែងក្លាយ​ដឹង​ពី​ប្រតិបត្តិការ​នៃ​ការ​កាត់​ពិន្ទុ​និង​ពិន័យ​លឿន​រហ័ស​ដឹង​ទីតាំង​ភូមិសាស្ត្រ និង​ប្រវត្តិ​នៃ​ការដក​ពិន្ទុ​និង​ពិន័យ​និង​អាច​កត់ត្រា​រាល់​ទិន្នន័យ​ដែល​អាច​ប្រើប្រាស់​ជា​យុទ្ធសាស្ត្រ​សម្រាប់​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​គួរ​កត់សម្គាល់ថា កិច្ចសហប្រតិបត្តិការ​យ៉ាង​ស្អិតរ​មួ​ត​រវាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រសួង មហាផ្ទៃ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក និង​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​ទើប​យើង​អាច​បន្ត​ជំរុញ​ការងារ​អភិវឌ្ឍន៍​កម្មវិធី​ដក​ពិន្ទុ​និង​បំពេញ​ពិន្ទុ​ឡើងវិញ​សម្រាប់​បណ្ណ​បើកបរ និង​ការផាកពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក​នេះ ឱ្យ​ដំណើរ​ទៅមុខ​បាន​ដោយ​រលូន​៕​សរន​-PC