ដោយៈប.ខុន/ភ្នំពេញៈបន្ទាប់ពីក្រុងព្រះសីហនុ គឺក្រុងខេមរភូមិន្ទនៃខេត្តកោះកុង ក៏ទទួលនូវការលិចលង់ពីជំនន់ទឹកដែលបានធ្លាក់ដល់កម្រិត២៤៥មីលីម៉ែត្រនៅយប់ថ្ងៃទី២៥ខែសីហាដែរ តែទឹកបានស្រកទៅវិញនៅព្រឹកថ្ងៃទី២៦សីហា ប៉ុន្តែទោះបីជា យ៉ាងណា ការធ្លាក់ភ្លៀងនៅតំបន់មាត់សមុទ្រអាចនឹងកើតមានច្រើនថ្ងៃទៀតក្នុង ពេលប្រព័ន្ធសម្ពាធទាបបានកកើតឡើងវិញនៅលើតំបន់មេគង្គលើ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៦ខែសីហាថាប្រព័ន្ធសម្ពាធទាបបានកកើតឡើងវិញ ជាថ្មីនៅតំបន់អាងទន្លេមេគង្គលើហើយអាចអូសទៅជាប់ជាមួយនឹងសម្ពាធទាប នៅប្រទេសហ្វីលីពីនធ្វើមានភ្លៀងធ្លាក់ច្រើនទាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅតំបន់អាងទន្លេមេគង្គលើ។ប្រព័ន្ធសម្ពាធទាបថ្មីនេះអាចស្ថិតនៅឡើងចុះលើតំបន់មេគង្គ លើច្រើនថ្ងៃនៅពេលខាងមុខ។
អ្នកនាំពាក្យក្រសួងជំនាញខាងលើបានបញ្ជាក់ថានៅតំបន់មាត់សមុទ្រក្នុងរយៈពេលពីរបីថ្ងៃកន្លងទៅនេះមានភ្លៀងធ្លាក់ច្រើនរហូតដល់មានការលិចលង់ដូចជានៅ ខេត្តព្រះសីហនុនិងខេត្តកោះកុង។ ខេត្តព្រះសីហនុកាលពីថ្ងៃទី២៤ខែសីហាមាន ភ្លៀងធ្លាក់ដល់កម្រិត២៧៩មីលីម៉ែត្រធ្វើឱ្យមានការលិចលង់ទីក្រុងតែទឹកបានស្រកអស់ទៅវិញ ក្នុងរយៈពេល៩០នាទីបន្ទាប់។ នៅថ្ងៃទី២៥មានភ្លៀងធ្លាក់ដល់កម្រិត១៥២ មីលីម៉ែត្រតែមិនបណ្តាលឱ្យក្រុងព្រះសីហនុលិចលង់ម្តងទៀតទេ ព្រោះភ្លៀងធ្លាក់ មិនគំហុក។ នៅឯខេត្តកោះកុងវិញថ្ងៃទី២៥ខែសីហាមានភ្លៀងធ្លាក់ដល់កម្រិត រយមីលីម៉ែត្រនៅគ្រប់ស្រុកនិងនៅក្រុងខេមរភូមិន្ទមានកម្រិតដល់២៤៥មីលីម៉ែត្រធ្វើឱ្យមានការលិចលង់ផ្សារនិងលិច ផ្ទះសម្បែងនៅក្នុងក្រុងនៃតំបន់ផ្សារ។
លោក ចាន់ យុត្ថា បានឱ្យដឹងទៀតថា ក្រុងខេមរភូមិន្ទបានចាប់ផ្តើមលិចលង់នៅ ម៉ោង៦ល្ងាចថ្ងៃទី២៥ខែសីហា តែបានចាប់ផ្តើមស្រកទៅវិញនៅព្រឹកថ្ងៃទី២៦ ខែសីហា ភ្លៀងនៅតែបន្តធ្លាក់នៅលើខេត្តកោះកុងតែមិនធ្លាក់ខ្លាំងដូចកាល ពីយប់ទេ។ របាយទឹកភ្លៀងដែលបានធ្លាក់លើបណ្តាខេត្តនានារយៈពេល២៤ម៉ោង ត្រឹមព្រឹកថ្ងៃទី២៦ ខែសីហា នៅខេត្តកោះកុងមានដល់កម្រិត២៤៥មីលីម៉ែត្រ, ព្រះសីហនុ១៥២មីលីម៉ែត្រ, កំពត១៣មីលីម៉ែត្រ,កែប៣៧មីលីម៉ែត្រ,កំពង់ស្ពឺ៤០ មីលីម៉ែត្រ, តាកែវ២២មីលីម៉ែត្រ,ព្រៃវែង៤៦មីលីម៉ែត្រ,ឧត្តរមានជ័យ៤៣មីលីម៉ែត្រ, បន្ទាយមានជ័យ៣២មីលីម៉ែត្រ,ត្បូងឃ្មុំ៣៥មីលីម៉ែត្រ,ស្វាយរៀង៥៦មីលីម៉ែត្រ, មណ្ឌលគិរី៩មីលីម៉ែត្រ,ពោធិសាត់៤០មីលីម៉ែត្រ,រតនគិរី៦០មីលីម៉ែត្រ,សៀមរាប៥៥មីលីម៉ែត្រ,កណ្តាល២១មីលីម៉ែត្រ,ប៉ៃលិន២៥មីលីម៉ែត្រ,ស្ទឹងត្រែង២៣មីលីម៉ែត្រ,ព្រះវិហារ២៥មីលីម៉ែត្រ,បាត់ដំបង៧២មីលីម៉ែត្រ(គាស់ក្រឡ),កំពង់ធំ៣៨មីលីម៉ែត្រ, ក្រចេះ១១មីលីម៉ែត្រ,កំពង់ឆ្នាំង៩៥មីលីម៉ែត្រ។
ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២៤ខែសីហាឆ្នាំ២០២១បានជូនដំណឹងស្តីពីការព្យាករស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣១ខែសីហាថា ក្នុងសប្តាហ៍នេះព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាកម្រិតខ្លាំងនឹងអាចកើតមានជ្រលងសម្ពាបទាប ITCZ សារជាថ្មីឡើងវិញ។ ស្ថានភាព អាកាសធាតុបែបខាងលើនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៥ទៅ២៧អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៤ទៅ ៣៦អង្សាសេ។អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅខ្លាំងលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមាពី២៣ទៅ២៥អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣២ទៅ៣៤អង្សាសេ។ អាចមាន ភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាមានពី២៣ទៅ២៥អង្សាសេ សីតុណ្ហភាព អតិបរមាមានពី៣៣ទៅ៣៥អង្សាសេ។អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន។ នៅលើផ្ទៃសមុទ្រអាចមានភ្លៀងធ្លាក់ច្រើននិងរលកសមុទ្រមធ្យម ។ នៅក្នុងសេចក្តីជូនដំណឹងបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ៕/PC