​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ នូវែ​លសេ​ឡង់​និង​អូស្ត្រាលី​កំពុង​បន្ត​ឃើញ​ការកើនឡើង​នៃ​ករណី​កូវី​ដ ត្បិត​ការបិទ​ខ្ទប់​ដ៏​តឹងរ៉ឹង​របស់​ពួកគេ​ស​បញ្ជា​ថា​គ្មាន​ប្រសិទ្ធភាព​ទប់ទល់​នឹង​មេរោគ Delta​។​

​នូវែ​លសេ​ឡង់​បាន​កត់ត្រា​ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន ៦២ នាក់​ផ្សេង​ទៀត ដោយ​មាន​មួយ​ករណី​គឺ​នៅក្នុង​កន្លែង​ធ្វើ​ចត្តា​ឡី​ស័កដែល​នេះ​ជា​ការផ្ទុះ​ធំ​បំផុត​ក្នុងពេល​តែមួយ​ថ្ងៃ​នៅ​ប្រទេស​​នេះ​។​

​ដំណឹង​នេះ​កើត​ឡើង​បន្ទាប់ពី​លោកស្រី​នាយករដ្ឋមន្ត្រី ចា​ស៊ីន​ដា អា​ឌឺ​ន បាន​សម្រេចចិត្ត​ពង្រីក​វិធានការ​បិទ​ខ្ទប់​ក្នុង​សប្តាហ៍​នេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​ករណី​ឆ្លង​ខណៈ​គោល​​នយោបាយ​កូ​វីដ​សូន្យ​របស់​លោកស្រី​ចាប់ផ្តើម​បរាជ័យ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​ការសម្រេចចិត្ត​របស់​លោកស្រី​ក្នុង​ការពង្រីក​ការបិទ​ខ្ទប់​ត្រូវបាន​គេ​ចាត់ទុកថា “​មិន​សម​ហេតុផល​” និង “​មិន​អាច​យល់​បាន​” ក្នុង​ការប៉ុនប៉ង​លុបបំបាត់​មេរោគ​កូរ៉ូណា​ទាំងស្រុង​នៅ​ពេល​កំពុង​​ប្រឈម​មុខ​នឹង​មេរោគ Delta រួមផ្សំ​ជាមួយ​នឹង​ការចាក់​វ៉ាក់សាំង​យឺតយ៉ាវ​។​

​តួលេខ​ចុងក្រោយ​នេះ​គឺ​ខ្ពស់បំផុត​គិត​ចាប់តាំងពី​ខែ​មេសា​ឆ្នាំ​មុន នៅពេល​ដែល​ករណី​ថ្មី​ប្រចាំ​ថ្ងៃ​ចំនួន ៨៩ នាក់​ត្រូវបាន​កត់ត្រា​។​

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក​ស្កុត ម៉ូ​រី​សុន ដែល​បញ្ជា​ឱ្យ​បិទ​ខ្ទប់​យ៉ាង​តឹងរ៉ឹង​ស្រដៀង​គ្នា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការកើនឡើង​ករណី​ឆ្លង បាន​និយាយ​អំពី​វិធីសាស្ត្រ​របស់​នូវែល​សេឡ​ង់​យ៉ាង​ដូច្នេះ​ថា “​រដ្ឋ​និង​ទឹក​ដី​ណា​មួយ​ដែល​គិត​ថា​ពួកគេ​អាច​ការពារ​ខ្លួន​ពី​កូវី​ដ​រួមជាមួយ​មេរោគ Delta​បាន​ជា​រៀងរហូត​នោះ ពិតជា​មិន​ទំនង​ទាល់តែសោះ​”​។​

“​ខ្ញុំ​ចង់​មានន័យថា នូវែ​លសេ​ឡង់​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ​។ ពួកគេ​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​កម្ចាត់​ឱ្យអស់​។ ពួកគេ​កំពុង​ស្ថិត​ក្រោម​ការបិទ​ខ្ទប់​។ វិធី​ដោះស្រាយ​គឺ​ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​បាន ៧០ ទៅ ៨០ ភាគរយ និង​បើក​ប្រទេស​វិញ​ដោយ​សុវត្ថិភាព​”៕

​យុទ្ធសាស្ត្រ​កូវី​ដ​សូន្យ​របស់​អូស្ត្រាលី​និង​នូវែ​លសេ​ឡង់​បរាជ័យ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​