​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ព​ន្លឿ​ន​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក្រោម​ថវិកា​គាំទ្រ​ពី​រដ្ឋាភិបាល​អូស្ត្រាលី និង​ដោយមាន​ការសហការ​ជាមួយនឹង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ យូ​អិន​ឌី​ភី (UNDP) បានប្រកាស​ចាប់ផ្តើម​ដំណើរការ​សម្ព័ន្ធ​មួយ ដែលមាន​ឈ្មោះថា #​កាន់តែខ្លាំង​ជាមួយ​ឌីជីថល កាលពី​សប្តាហ៍​មុននេះ​។

​អង្គការ​យូ​អេ​ន​ឌី​ភី​បាន​ឲ្យ​ដឹងថា សម្ព័ន្ធ​នេះ មាន​គោលដៅ​ភ្ជិត​គម្លាត​ចំណេះដឹង និង​ជំនាញ​របស់​សហគ្រាស​ខ្នាត​មីក្រូ តូច និង មធ្យម (MSMEs) ដែល​កំពុងមាន​វត្តមាន​តាម​ប្រព័ន្ធ​អន​ឡាញ​ខ្លះ​ហើយ ប៉ុន្តែ​មិនទាន់​មានលទ្ធភាព​កែសម្រួល​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អន​ឡាញ​របស់ខ្លួន ដើម្បី​អាចឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម ដែល​បង្កឡើង​ដោយសារ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅឡើយ​។​

​សម្ព័ន្ធ​នេះ​ប្រើប្រាស់​អភិក្រម​ចំនួន ២ ដើម្បី​បង្កើន​សកម្មភាព​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​ឌីជីថល ជាមួយនឹង​អតិថិជន និង MSMEs តាមរយៈ​ការប្រើប្រាស់​យុទ្ធនា​ការបង្កើន​ការយល់ដឹង ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ និង​កម្មវិធី​បណ្តុះបណ្តាល​ជាក់លាក់​សម្រាប់​ក្រុម​គោលដៅ​នីមួយៗ​។ យុទ្ធនា​ការបង្កើន​ការយល់ដឹង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ​នេះ មាន​គោលបំណង​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​អតិថិជន​ចំនួន ៣,១00,000 នាក់ និង MSMEs ចំនួន ១00,000 សហគ្រាស​ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ការបង្កើន​ការទិញ​លក់​តាមរយៈ​ថ្នាល​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ទីផ្សារ​ឌីជីថល​ដទៃទៀត​។ កម្មវិធី​បណ្តុះបណ្តាល ដែល​រៀបចំ​ដោយ​សម្ព័ន្ធ​នេះ នឹង​បន្ត​ផ្តល់​ការបំពាក់​បំប៉ន​ដល់ MSMEs ចំនួន ១,000 សហគ្រាស នូវ​ជំនាញ​ដែល​ចាំបាច់ ដើម្បីឱ្យ​ពួកគេ​អាច​ផ្លាស់ប្តូរ​របៀប​ធ្វើ​អាជីវកម្ម​ដោយផ្ទាល់ (​តាមបែប​ប្រពៃណី​) ទៅជា​អាជីវកម្ម​អន​ឡាញ ដែល​អាចអោយ​ពួកគេ​លក់ទំនិញ និង​សេវាកម្ម​របស់ខ្លួន​ប្រកបដោយ​ជោគជ័យ​តាម​ប្រព័ន្ធ​អន​ឡាញ​។​

​ដំណើរការ​នៃ​សម្ព័ន្ធ​ឌីជីថល​នេះ​ត្រូវបាន​អនុវត្ត​ដោយ​ក្រុមហ៊ុន The Idea Consultancy ដោយមាន​ការចូលរួម​ពី​ក្រុមហ៊ុន​ដែល​កំពុង​ប្រតិបត្តិការ​ថ្នាល​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (fintech) និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដូចជា ធនាគារ ABA ក្រុមហ៊ុន NHAM24 BLOC TADA GlobeSO MyPhsar Khmum និង TING!​។ សមិទ្ធផល​មួយ​ក្នុងចំណោម​សមិទ្ធផល​សំខាន់ៗ​នៃ​សម្ព័ន្ធ​នេះ នឹង​បង្ហាញខ្លួន​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​១៩ ខែកញ្ញា​ខាងមុខនេះ​គឺ មហា​ពិព័រណ៍​ទិញ​ទំនិញ​តាម​អន​ឡាញ (The Grand Online Shopping Festival) ដែលជា​កម្មវិធី​ទិញ​ទំនិញ​តាម​ថ្នាល​បច្ចេកវិទ្យា​ចម្រុះ តាម​ប្រព័ន្ធ​អន​ឡាញ​រយៈពេល ៣ ថ្ងៃ ដែល​មិន​ធ្លាប់​មាននៅ​កម្ពុជា​។ កម្មវិធី​នេះ​នឹង​ផ្តល់ឱកាស​មិន​ធ្លាប់មាន​ដល់​អ្នកផ្គត់ផ្គង់ និង​អតិថិជន ដើម្បី​ផ្សព្វផ្សាយ និង​ទទួលបាន​ការបញ្ចុះ​តម្លៃ និង​ផលិតផល​ជាច្រើន​ប្រភេទ មិន​ថា​ពួកគេ​នៅទីណា​នោះឡើយ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​គំនិត​ផ្តួចផ្តើម​នេះ​។ ក្រសួង​បន្ត​ផ្តល់​ការគាំទ្រ​ដល់ MSMEs តាមរយៈ​ការផ្តល់​ជា​ព័ត៌មាន និង​សម្ភារ​ផ្សព្វផ្សាយ​ផ្សេងៗ ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​សហគ្រាស​ទាំងនេះ អាច​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ក្នុងការ​ប្រកប​អាជីវកម្ម​របស់ខ្លួន និង​អាច​លក់​តាម​ប្រព័ន្ធ​អន​ឡាញ​ដោយ​ស្របច្បាប់ និង​ដោយ​ជោគជ័យ​តាមរយៈ​សម្ព័ន្ធ​នេះ​។

​លោក ជា វណ្ណ​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មានប្រសាសន៍ថា «​ក្នុងន័យនេះ យើង​យល់ស្រប​ជាមួយនឹង​ការវិភាគ និង​វិធីសាស្ត្រ​របស់ UNDP និង​រដ្ឋាភិបាល​អូស្ត្រាលី​ក្នុងការ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ដោយ​ចាប់ផ្តើម​ជាមួយនឹង​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​របស់​យើង​។ តួនាទី​មួយ​ក្នុងចំណោម​តួនាទី​ជាច្រើន​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ គឺ​គ្រប់គ្រង និង​ជំរុញ​ការភ្ជាប់​ទំនាក់ទំនង និង​បម្លាស់ប្តូរ​ឌីជីថល​នៅ​កម្ពុជា ដែល​នឹង​បន្ត​រួមចំណែក​ដល់​ការអភិវឌ្ឍ​វិធីសាស្ត្រ និង​មុខងារ​គាំទ្រ​របស់​កម្មវិធី​នេះ​។ អន្តរាគមន៍​ទាំងនេះ​នឹង​ជួយ​ឱ្យ​របៀបវារៈ #​កាន់តែខ្លាំង​ជាមួយ​ឌីជីថល បន្ត​ដំណើរការ​ទៅមុខទៀត ដើម្បី​បង្កើន​ចំនួន​ភាគី​ពាក់ព័ន្ធ ដោយ​ការ​រាប់បញ្ចូល​មន្ត្រី រដ្ឋាភិបាល​ផងដែរ ក្នុង​ការផ្តល់​ការគាំទ្រ និង​បន្ស៊ី​ទិសដៅ​នៃ​កម្មវិធី​នេះ​ឱ្យស្រប​តាម​យុទ្ធសាស្ត្រ​របស់​យើង​។​»

​លោក បា​ប្លូ កាង ( Pablo Kang )​អគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា «​បរិវត្ត​កម្ម​ឌីជីថល​នៅ​កម្ពុជា សម្រាប់​ឆ្លើយតប​ចំពោះ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ កើតឡើង​ក្នុង​សន្ទុះ​មួយ​ដ៏​ឆាប់រហ័ស ប៉ុន្តែ​មិនមែន​ថា​គ្រប់​សហគ្រាស​អាជីវកម្ម​ទាំងអស់​សុទ្ធតែ​បានទទួល​ការបំពាក់​បំប៉ន ដើម្បី​ត្រៀមខ្លួន​ងាក​ទៅប្រើ​ប្រាស់​ប្រព័ន្ធ​អន​ឡាញ​នោះឡើយ តួយ៉ាង សហគ្រាស​ខ្នាត​មីក្រូ និង​ខ្នាតតូច​ជាច្រើន ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​។ អូស្ត្រាលី​មាន​សេចក្ដីសោមនស្ស​រីករាយ​ដែល​បានរួម​ចំណែក​ដល់​ការកសាង​សេដ្ឋកិច្ច​ឌីជីថល ឲ្យ​កាន់​តែមាន​លក្ខណៈ​បរិ​យាប​ន្ន និង​អាច​ធន់​ទ្រាំ​ទៅនឹង​វិបត្តិ តាមរយៈ​ការជួយ​ឲ្យ​អាជីវកម្ម​នានា​ទទួលបាន​ជំនាញ​ទាំងនេះ​។​»

​លោកស្រី សៅ​ឡា​លី ដា​យ៉ា​រ៉ា​ត (Sonali Dayaratne) មន្ត្រី​ទទួលបន្ទុក នៃ UNDP ប្រចាំ​កម្ពុជា មានប្រសាសន៍ថា «​តាមរយៈ​ការសហការ​ជាមួយនឹង​រដ្ឋាភិបាល​អូស្ត្រាលី UNDP បាន​ផ្តួចផ្តើម​បង្កើត​សម្ព័ន្ធ​ឌីជីថល​នេះ ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​ដំណើរ​បម្លាស់ប្តូរ​សេដ្ឋកិច្ច​ឌីជីថល​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​គេ​រំពឹងថា​នឹង​រួមចំណែក​ដល់​ការកសាង​ខឿនសេដ្ឋកិច្ច​ឱ្យបាន​រឹងមាំ ក្នុងអំឡុងពេល និង​ក្រោយពេល​នៃ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩​។ វា​ជា ការលើកទឹកចិត្ត​យ៉ាងខ្លាំង​តាមរយៈ​ការមើលឃើញ​ការគាំទ្រ​ពេញទំហឹង​ពី​ដៃគូ​ជា​យុទ្ធសាស្ត្រ​របស់​យើង ដូចជា​រដ្ឋាភិបាល​អូស្ត្រាលី ក្រសួង​អប់រំ ក្រសួង ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សមាគម​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា សហព័ន្ធ​សមាគម​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា អង្គការ Volunteer Nation និង​តួអង្គ​វិស័យ​ឯកជន​។ អ្វីដែល​កាន់តែ​ផ្តល់នូវ​ក្តីសង្ឃឹម​ថែមទៀត​នោះ គឺ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នឹង​ដឹកនាំ ក៏ដូចជា​ទទួលយក​ភាពជា​ម្ចាស់​លើ​សម្ព័ន្ធ​ឌីជីថល​នេះ​ចាប់ពីពេលនេះ​តទៅ​។​»​