ដោយៈ សុផល / ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង បានអញ្ជើញផ្តល់បាឋកថា តាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) តាមការអញ្ជើញរបស់ សាលាភូមិន្ទរដ្ឋបាល លើប្រធានបទ ស្តីពី “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់សិក្ខាកាមជាន់ខ្ពស់ នៃវគ្គបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ។
ពិធីនេះត្រូវបានរៀបចំឡើង ក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រសួងមុខងារសាធារណៈ តាមរយៈសាលាភូមិន្ទរដ្ឋបាល និងធនាគារពិភពលោក ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង- ស្ថាប័ន និងអង្គភាពថ្នាក់ក្រោមជាតិ សរុបប្រមាណ ១៥០ រូប មកពី ២៧ ស្ថាប័ន ។
ថ្លែងស្វាគមន៍ក្នុងឱកាសនោះ លោក យក់ ប៊ុនណា រដ្ឋលេខាធិការ ប្រចាំការ នៃក្រសួងមុខងារ សាធារណៈ និង ជានាយកសាលាភូមិន្ទរដ្ឋបាល បានលើកឡើងថាៈ ការចូលរួមចំណែករបស់ លោកទេសរដ្ឋមន្ត្រី ក្នុងការផ្តល់បាឋកថា នាពេលនេះ ជាសកម្មភាពដ៏ថ្លៃថ្លា ដើម្បីជួយពង្រឹងនូវ ប្រសិទ្ធភាព នៃការកសាងធនធានមនុស្ស ស្របតាមគោលនយោបាយ អភិវឌ្ឍន៍ធនធានមនុស្ស នៅក្នុងវិស័យសាធារណៈរបស់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ដើម្បីពង្រឹងដំណើរការបណ្តុះបណ្តាល នៃសាលាភូមិន្ទរដ្ឋបាល ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងស្របតាមការវិវត្តថ្មីៗ របស់សង្គមផងដែរ។
លោក យក់ ប៊ុនណា បានជម្រាបជូនផងដែរ អំពីកម្មវត្ថុនៃ ការសិក្សា ដែលសាលាបានរៀបចំ តាំងពីដើមឆ្នាំ២០២០ និងគ្រោងបន្តរហូតដល់ ចុងឆ្នាំ២០២១ ដែលក្នុងនោះ រួមមាន៖
ភាពជាអ្នកដឹកនាំ គំរូផ្សេងៗ នៃភាពជាអ្នកដឹកនាំ ការស្វែងយល់ អំពីបញ្ហា និងដំណោះស្រាយ ទំនាក់ទំនង និងភាពជាដៃគូ ការលើកកម្ពស់គុណភាព ប្រសិទ្ធភាពអង្គភាព និងការកែលម្អសេវា សាធារណៈ ការជំរុញសមត្ថភាព សហប្រតិបត្តិការ ការធ្វើការជាក្រុម និងការពង្រឹង សមត្ថភាពបុគ្គល រួមទាំងសមត្ថភាព នៃការដោះស្រាយជម្លោះ និងការគ្រប់គ្រងសមិទ្ធកម្ម នៅក្នុងអង្គភាពផងដែរ។
ជាមួយគ្នានោះដែរ លោករដ្ឋលេខាធិការប្រចាំការ ក្នុងនាមថ្នាក់ដឹកនាំ នៃក្រសួងមុខងារសាធារណៈ
និងក្នុងនាមថ្នាក់ដឹកនាំ សាលាភូមិន្ទរដ្ឋបាល រួមទាំងដៃគូសហការ ធនាគារពិភពលោក បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះលោកទេសរដ្ឋមន្ត្រី ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ និងមមាញឹក ក្នុងការងារ ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ជាច្រើនឆ្នាំ ទាំងនៅក្នុងវិស័យសាធារណៈ និងក្នុងវិស័យឯកជន ជូនដល់សិក្ខាកាមជាន់ខ្ពស់ នៃវគ្គបណ្តុះបណ្តាល របស់សាលាភូមិន្ទរដ្ឋបាល។
ជាកិច្ចចាប់ផ្តើមបាឋកថា លោកទេសរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ ជូនសិក្ខាកាម ទាក់ទងនឹងភាពជាអ្នកដឹកនាំ ដែលបានបម្រើការ នៅក្នុងវិស័យឯកជន ជាពិសេសនៅក្នុងក្រុមហ៊ុន General Electric របស់សហរដ្ឋអាមេរិក អស់រយៈពេល ១៦ ឆ្នាំ ប្រវត្តិការងារ នៃភាពជាអ្នកដឹកនាំ នៅក្នុងស្ថាប័ននានារបស់ រាជរដ្ឋាភិបាល និងបានបង្ហាញជូនអំពី ភាពជោគជ័យនៃ ការងារកំណែទម្រង់ ការគ្រប់គ្រង និងការអភិវឌ្ឍ វិស័យសាធារណការ និងដឹកជញ្ជូន ក្នុងផែនការ រយៈពេល ១០០ ថ្ងៃ នៃការចូលកាន់តំណែង ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកទេសរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ និងដំបូន្មានល្អៗ ជូនដល់អង្គសិក្ខាកាមថាៈ បើយើងចង់ក្លាយ ខ្លួន ជាអ្នកដឹកនាំ ក្នុងការបម្រើប្រទេសជាតិ ប្រកបដោយប្រសិទ្ធភាព យើងត្រូវមានបទពិសោធន៍ច្រើន ត្រូវមានភាពក្លាហាន ត្រូវខិតខំស្រូបយកចំណេះវិជ្ជា អំពីការងារផ្សេងៗគ្នា កុំឱ្យនៅមួយកន្លែង ជាពិសេស
ត្រូវប្រែក្លាយខ្លួន ឱ្យទៅជាអ្នកចេះដឹងទូទៅ (Generalist) កុំធ្វើត្រឹមតែជាអ្នកជំនាញ (Specialist) និងត្រូវយល់គ្រប់ចំណែកទាំងអស់ នៃការងារ។
ជាងនេះទៅទៀត លោកទេសរដ្ឋមន្ត្រី បានជម្រាបជូន អំពីបទពិសោធន៍ ទាក់ទងនឹងការកែទម្រង់របៀប ធ្វើការងារ នៅក្នុងស្ថាប័នរដ្ឋ ក៏ដូចជា វិស័យឯកជន ដោយបានសង្កាត់ធ្ងន់ថាៈ យើងមានរយៈពេលយ៉ាង យូរប្រាំមួយខែប៉ុណ្ណោះ ដើម្បីធ្វើការកែទម្រង់ របៀបធ្វើការឱ្យបានជោគជ័យ ដោយហេតុថា អ្នកខ្លះមិនចង់ កែទម្រង់របៀបធ្វើការ អ្នកខ្លះខ្លាចការកែទម្រង់របៀបធ្វើការ និងអ្នកខ្លះទៀត ចង់អោបក្រសោប របៀបធ្វើការ ចាស់ ដូច្នេះការកែទម្រង់របៀបធ្វើការ មិនមែនជាការងារ ងាយស្រួលនោះឡើយ។
លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់អង្គសិក្ខាកាមផងដែរថាៈ ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវចេះលើកទឹកចិត្ត ដល់មន្ត្រីក្រោមឱវាទ មានការទទួលខុសត្រូវខ្ពស់ ចំពោះការងារ ប៉ុន្តែថ្នាក់ដឹកនាំ គួរតែទទួលយកខុស បានហើយ ទុកឱ្យមន្ត្រីក្រោមឱវាទ ជាអ្នកទទួលយកត្រូវ ។
លោកបានរំលឹកឡើងវិញផងដែរ នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីថាៈ មន្ត្រី គឺជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់រាស្ត្រទេ ត្រូវខិតខំប្រឹងប្រែង ផ្តល់សេវាសាធារណៈ ឱ្យបានលឿន មានប្រសិទ្ធភាព និងតម្លាភាព ហើយលោក ទេសរដ្ឋមន្ត្រី បានធ្វើកត់សម្គាល់បន្ថែមថាៈ ក្នុងសង្គមយើង សព្វថ្ងៃនេះ មានមនុស្សចំនួន បួន ប្រភេទគឺ៖ អ្នកថា អ្នកធ្វើ អ្នកឈរមើល និងអ្នកទិតៀន ក្នុងចំណោមមនុស្ស បួនប្រភេទនេះ ចូរកុំធ្វើខ្លួនជាអ្នកថា និងអ្នកឈរមើល គួរចូលរួមជាមួយ រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍប្រទេសជាតិយើង ឱ្យមានការរីកចម្រើន។
លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់សាលាភូមិន្ទរដ្ឋបាល ដែលបានយកចិត្ត
ទុកដាក់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍ របស់ប្រទេសជាតិ
និងដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមសហការ ក្នុងការបណ្តុះបណ្តាល មន្ត្រីកម្ពុជា ពីគ្រប់ក្រសួង-ស្ថាប័ន ឱ្យមានសមត្ថភាពខ្ពស់ ដើម្បីបំពេញការងារ ប្រកបដោយប្រសិទ្ធភាព។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើង នូវពាក្យស្លោកអប់រំផងដែរថាៈ “យើងមិនអាច រស់នៅលើកោះ ដែលសម្បូរទៅដោយ ទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយហ៊ុមព័ទ្ធដោយសមុទ្រ នៃភាពក្រីក្រនោះទេ”។ វាគឺជាការទទួលខុសត្រូវ របស់អ្នករាល់គ្នា ដែលយើងត្រូវធ្វើការជាមួយគ្នា ដើម្បីពង្រីកកោះដែលពោរពេញដោយ ទ្រព្យសម្បត្តិរបស់យើង ឱ្យកាន់តែធំទៅៗ និងធ្វើឱ្យសមុទ្រ នៃភាពក្រីក្រនេះ កាន់តែរួមតូចទៅៗ” ដើម្បីជាប្រយោជន៍ ដល់ប្រជាជន និងមនុស្សជាតិរបស់យើង និងពាក្យស្លោកមួយចំនួនទៀត រួមមាន៖ បើអ្នកមិនដឹងថា អ្នកទៅណា ផ្លូវណា ក៏នាំអ្នកទៅដល់ទីនោះដែរ និយាយត្រូវធ្វើ កុំនិយាយផ្សេងធ្វើផ្សឹង សំដីឥតប្រយោជន៍ នាំគ្រោះដល់ជាតិ ការងារមានប្រសិទ្ធភាព នាំជាតិរុងរឿង និងកុំសួរថា កម្ពុជាធ្វើអីឱ្យ យើង ត្រូវសួរថាយើងធ្វើអីឱ្យកម្ពុជា៕/V