​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ដោយមាន​ការសម្របសម្រួល ពី​តំណាង​អយ្យការ សាលាដំបូង ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១ សមត្ថកិច្ច​នគរបាល​ចម្រុះ បាន​ចុះបង្ក្រាប​ករណី គ្រឿងញៀន នៅ​ក្រុង​ប៉ោយប៉ែត ដោយបាន​ឃាត់ខ្លួន ជនជាតិ​ចិន វៀតណាម​និង ខ្មែរ ចំនួន ១០ នាក់ ដែល​នៅក្នុង​ចំណោម​នោះ អាជ្ញា​ធរមាន​សមត្ថកិច្ច បានសម្រេច​បំបែក ជា ២ ផ្នែក គឺ​ជនសង្ស័យ ៤ នាក់ ត្រូវ​បញ្ជូនទៅ​រាជធានី​ភ្នំពេញ និង ៦ នាក់ ឃាត់ទុក នៅ​ខេត្តបន្ទាយមានជ័យ​។​

​មន្ត្រីនគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ ដែល​ស្ថិតនៅក្នុង​ប្រតិបត្តិការ​នោះ បានឱ្យដឹងថាៈ កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង ១១ និង​៣០​នាទី កម្លាំង​នគរបាល នៃ​មន្ទី​ប្រឆាំង​គ្រឿងញៀន (​ក​១០) សហការ​ជាមួយ​កម្លាំង​នគរបាល ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ កម្លាំង​ផ្នែក​ប្រឆាំង គ្រឿងញៀន នៃ​អធិការដ្ឋាន នគរបាល ក្រុង​ប៉ោយប៉ែត កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល សង្កាត់​ប៉ោយប៉ែត និង​មានការ​ដឹកនាំ សម្របសម្រួល​ពី​លោក ព្រះរាជអាជ្ញារង លឹម ប៊ុន​សុភ័ក្ត្រ បាន​ពន្លាត​ដែនដី បន្ត​ស៊ើបអង្កេត លើ​ករណី​បញ្ញើ​ឥ​វ៉ាន់ (​គ្រឿងញៀន​) ខុសច្បាប់ នៅ​ចំណុច​មុខ​សាលារៀន ព្រហ្ម​និមិត្ត ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ។​

​ប្រភព​ដដែល បានឱ្យដឹង​ទៀតថាៈ ពាក់ព័ន្ធ​ការបង្ក្រាប​ករណី​គ្រឿងញៀន​នេះ កងកម្លាំង​មាន​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ ៧ នាក់ (​ជា​ជន​ជាតិចិន ៤ នាក់ ខ្មែរ​១​នាក់​) រួមមានៈ ១-​ឈ្មោះ ឆូ​យ ប៊ុន​វុ​ធ ភេទ​ប្រុស អាយុ ៦៥ ឆ្នាំ ជនជាតិខ្មែរ , ២-​ឈ្មោះ សាំង ស៊ី​ហ្គ​ង់ (ZHANG.ZHIQIANG) ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E89753382 , ៣-​ឈ្មោះ ហ្វូ ស៊ីន​មីង (HU.XINMING) ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EE2807074 , ៤-​ឈ្មោះ ងូ​យិន ធិ ទូ​យ៉េត ទ្រិ​ញ (NGUYEN THI TUYET TRINH) ភេទ​ស្រី ជនជាតិ​វៀតណាម កាន់​លិខិតឆ្លងដែន​លេខ N1875991 , ៥-​ឈ្មោះ យុ ឡាង (YU LANG) ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ ED7913767 , ៦-​ឈ្មោះ វូ បី​ង បី​ង (WU BING BING) ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ​ចិន គ្មាន​លិខិតឆ្លងដែន និង ៧-​ឈ្មោះ ទូ មីង​សាំង (TU MINGFZANG) ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ​ចិន គ្មាន​លិខិតឆ្លងដែន ។​

​សមត្ថកិច្ច​នគរបាល បាន​បន្តថាៈ វត្ថុតាង​ចាប់យក​បាន នៅពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនេះ រួមមាន ម្សៅ​ម៉ត់ ស សង្ស័យ​ជា​កេ​ត​តា​មីន ១ កូន​ថង់​តូច ។​

​ក្រោយ​សួរនាំ​ជាបឋម កម្លាំងចម្រុះ បាន​ឈានទៅ​ត្រួតពិនិត្យ ឆែកឆេរ​បន្ទប់​លេខ​៨០៦ ជាន់​ទី​៨ ក្នុង​សណ្ឋាគារ អូរ​មាស ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ជា​បន្តទៀត ដោយ​ឃាត់ខ្លួន ជនសង្ស័យ​១​នាក់ ឈ្មោះ ហូ ស៊ា​វ​ហ៊ុយ (HU. XIAOHUI) ភេទ​ស្រី អាយុ ២៣ ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EE7058599 ។​

​សមត្ថកិច្ច បានឱ្យដឹង​បន្តទៀតថាៈ នៅពេល​ឃាត់ខ្លួន​នារី​ជនជាតិ​ចិន​រូបនេះ សមត្ថកិច្ច​បាន ដកហូត​វត្ថុតាង មាន​ថ្នាំ​គ្រាប់ Fifi (​ហ្វា​យ​ហ្វា​យ​) ចំនួន ៣៥ បន្ទះ , កូនជញ្ជីង​ថ្លឹង​ថ្នាំ​១, គ្រាប់​កាំភ្លើងខ្លី ២ គ្រាប់ ។​

​ក្រោយពី​សួរនាំ​ជាបឋម​លើ​ជនសង្ស័យ​ម្នាក់នេះ សមត្ថកិច្ច ក៏បាន​នាំខ្លួន​ជនសង្ស័យ​ទាំងអស់ ខាងលើ ទៅធ្វើ​សំណាក ដោយ​តេស្ត​រហ័ស ដើម្បី​រក​មេរោគ​កូ​វីដ​១៩ នៅ​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត ជា​លទ្ធផល ឃើញ​អ​វិ​ជ្ច​មាន​ទាំងអស់ ។​

​ជា​បន្ទាប់មក ជនសង្ស័យ​ចំនួន ៤ នាក់ មានៈ ១.​ឈ្មោះ ឆូ​យ ប៊ុន​វុ​ធ ភេទ​ប្រុស​, ២.​ឈ្មោះ ហ្វូ ស៊ីន​ម៉ី​ង (HU.XINMING) ភេទ​ប្រុស​, ៣.​ឈ្មោះ ហូ ស៊ា​វ​ហ៊ុយ (HU. XIAOHUI) ភេទ​ស្រី​, ៤.​ឈ្មោះ សាំង ស៊ី​ហ្គ​ង់ (ZHANG.ZHIQIANG) ភេទ​ប្រុស រួមទាំង​សម្ភារៈ​វត្ថុតាង​ដកហូត​ទាំងអស់ ត្រូវបាន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​១០) នាំខ្លួន​យកទៅ អនុវត្ត​បន្ត​តាម​នីតិវិធី នៅ​មន្ទីរ​ប្រឆាំង គ្រឿងញៀន រាជធានី​ភ្នំពេញ ។​

​មន្ត្រីនគរបាល​ជំនាញ បាន​បន្តថាៈ ដោយឡែក ជនសង្ស័យ​ចំនួន​៤​នាក់​ទៀត រួមមានៈ ១.​ឈ្មោះ ងូ​យិន ធិ ទូ​យ៉េត ទ្រិ​ញ (NGUYEN THI TUYET TRINH) ភេទ​ស្រី ជនជាតិ​វៀតណាម​,​។ ២.​ឈ្មោះ វូ បី​ង បី​ង (WU BING BING) ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន ។​ ៣.​ឈ្មោះ ទូ មីង​សាំង (TU MINGFZANG) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ចិន និង ៤.​ឈ្មោះ យុ ឡាង (YU LANG ) ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ​ចិន ព្រមទាំង​ម្ចាស់​ផ្ទះជួល ចំនួន ២ នាក់ រួមទាំង​សម្ភារៈ​វត្ថុតាង ត្រូវបាន​លោក​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម សាលាដំបូង ខេត្តបន្ទាយមានជ័យ អនុញ្ញាតអោយ​កម្លាំង​ការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ នាំខ្លួន​យកទៅ​សួរនាំ​បន្ត នៅ​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​ខេត្ត​។ ហើយ​នីតិវិធី អាច​នឹង​បំបែក​ជា ២ ផ្នែក គឺ ៤ នាក់ ដែល​បញ្ជូនទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ត្រូវ​កសាង​សំណុំរឿង បញ្ជូនទៅ​អយ្យការ នៅ​សាលាដំបូង រាជធានី​ភ្នំពេញ ។ ឯ​ជនសង្ស័យ​ចិន វៀតណាម និង​ខ្មែរ ចំនួន ៦ នាក់​ទៀត នឹង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​២៧ ខែសីហា​ស្អែក និង​បន្តបន្ទាប់ ក្រោយ​ការ​សើ​ុ​ប​អង្កេត និង​បង្ក្រាបបាន ៕/V​