ដោយៈ​សោម ប៊ុនថន និង ដា​រ៉ា​រដ្ឋ មេត្តា​/ភ្នំពេញៈអ្នកស្ម័គ្រចិត្ត​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅ ក្នុង​ខេត្តពោធិ៍សាត់​ចំនួន​១០​នាក់ ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត​កម្ពុជា​ចំនួន​៥០០​នាក់ នៅតាម​តំបន់​ជនបទ​ដាច់ស្រយាល​ក្នុងប្រទេស​កម្ពុជា កំពុង​ចុះសួរសុខទុក្ខ និង​ស្តាប់​រឿងរ៉ាវ​របស់​អ្នក​រស់រានមានជីវិត​ពី​ក្នុង​របប​ខ្មែរក្រហម​។

(ប្រភពរូបថត៖ អ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅខេត្តពោធិ៍សាត់)

រាល់​ព័ត៌មាន​ដែល​អ្នកស្ម័គ្រចិត្ត​កម្ពុជា​ទទួលបាន​ពី​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ទាំងនេះ នឹងត្រូវ​ប្រើប្រាស់​សម្រាប់ ៖ ១) វាស់​ស្ទង់​ការយល់ឃើញ​ពី​ដំណើរការ​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម និង​ការយល់ឃើញ​អំពី​ដំណើរ​ការអប់រំ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ បន្ទាប់ពី​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ត្រូវ​បញ្ចប់ទៅ​, ២) សិក្សា​អំពី​វិស័យ​សុខភាព​សាធារណៈ​, ៣) ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​, ៤) លើ​កម្ពស់​ការយល់ដឹង​អំពី​សុខភាព​សាធារណៈ និង​ការទទួលបាន​សេវាកម្ម​សុខភាព​សម្រាប់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និង ៥) ដើម្បី​សិក្សា​ស្រាវជ្រាវ​អំពី​ស្ថានភាព​សុខភាព​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម នៅតាម​សហគមន៍​ដាច់ស្រយាល​សម្រាប់​ផ្ដល់​ជា​ព័ត៌មាន​ក្នុងការ​រៀបចំ​ជំនួយ​អភិវឌ្ឍន៍​នាពេល​អនាគត​ដល់​ប្រជាជន និង​សហគមន៍​។​

​នៅ​រសៀល​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១ អ្នកស្ម័គ្រចិត្ត​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅ​ខេត្តពោធិ៍សាត់ បាន​នាំយក​កញ្ចប់​អនុស្សាវរីយ៍​ចំនួន​២៤ ដែល​រួមមាន ព្រឹត្តិបត្រ​ព័ត៌មាន​ណែនាំ​អំពី​សុខភាព​, សាប៊ូ​លាងដៃ​, ម៉ាស់​, នំ​, សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (​ពី​ឆ្នាំ​១៩៧៥-១៩៧៩), សៀវភៅ​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​, ឧបករណ៍​សង្គ្រោះ​បឋម​, សេវាកម្ម​ពិនិត្យ​សុខភាព​នៅតាម​មន្ទីរពេទ្យ​ឯកជន​ក្នុង​សហគមន៍​ដោយ​ឥតគិតថ្លៃ​, សម្ភារ​ជំនួយ​ដល់​ជនពិការ រួមជាមួយ​កាបូបស្ពាយ និង​អាវយឺត ទៅ​ចែកជូន​អ្នក​រស់​មានជីវិត​ពី​របប​ខ្មែរក្រហម​នៅក្នុង​សហគមន៍​ជនជាតិភាគតិច​ចាម នៅ​ឃុំ​អូរសណ្តាន់ ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដែល​ខ្លួន​បាន​ចុះ​ជួប​សួរសុខទុក្ខ និង​បាន​ស្តាប់​រឿងរ៉ាវ​របស់គាត់​កន្ល​ង​មក​។


(ប្រភពរូបថត៖ អ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅខេត្តពោធិ៍សាត់)

​ស្មាន់ សៀរ ភេទ​ស្រី អាយុ​៧៨​ឆ្នាំ រស់នៅក្នុង​ឃុំ​អូរសន្តាន់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មានប្រសាសន៍ថា «​ខ្ញុំ​និយាយ​រឿងរ៉ាវ​ដែល​ខ្ញុំ​នៅ​ចងចាំ​ជាងគេ​ទៅកាន់​អ្នកស្ម័គ្រចិត្ត​កម្ពុជា គឺ​នៅពេលដែល​ខ្មែរក្រហម​ចូលមក​ចាត់តាំង​ខ្ញុំ​និង​ប្រជាជន​ផ្សេងទៀត​ឲ្យ​ទៅ​ជីក​ប្រឡាយ​នៅ​ភូមិ​ថ្មី កំពង់​ពោធិ៍ និង​កំពង់​ឡ​។ យើង​ធ្វើការ​ច្រើន​ម៉ោង​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​មិនបាន​សម្រាក គ្មាន​អាហារ​ហូប​គ្រប់គ្រាន់ និង​គ្មាន​សម្លៀកបំពាក់​ដើម្បី​ផ្លាស់ប្តូរ​។ អង្គការ​ចាត់តាំង​ប្តី​របស់ខ្ញុំ​ឲ្យ​ទៅធ្វើ​ការ​នៅ​កន្លែង​ផ្សេង​។ ខ្ញុំ​មិនបាន​រស់នៅ​ជាមួយ​ប្តី​របស់ខ្ញុំ​ទេ ចំណែក​ម្ដាយ​របស់ខ្ញុំ​ដែលមាន​អាយុ​ច្រើន​ត្រូវ​នៅ​មើល​ថែកូន​របស់ខ្ញុំ​៤​នាក់​។ សមាជិកគ្រួសារ​របស់​ខ្ញុំ​៦​នាក់​ត្រូវបាន​ឈ្លប​ខ្មែរក្រហម​ដឹក​តាម​រទេះសេះ​យកទៅ​សម្លាប់ នៅ​ខាងលិច​ខេត្តពោធិ៍សាត់​។ ខ្ញុំ​ពិតជា​សប្បាយរីករាយ​ណាស់​នៅពេលដែល​ក្មេងជំនាន់ក្រោយ បានមក​សួរ​អំពី​ជីវិត​ជូរចត់​របស់ខ្ញុំ​។ ខ្ញុំ​ទទួលបាន​ប្រអប់​វត្ថុ​អនុស្សាវរីយ៍ ហើយ​នៅពេល​ខ្ញុំ​ប្រើប្រាស់​វា ខ្ញុំ​នឹក​ឃើញថា​នៅមាន​អ្នក​ដែល​យកចិត្តទុកដាក់​ចំពោះ​ខ្ញុំ​។
លី ហាន់​ណា​ហ្វី អាយុ​២៧​ឆ្នាំ និស្សិត​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស និង​ជា​អ្នកស្ម័គ្រចិត្ត​កម្ពុជា​ខេត្តពោធិ៍សាត់ រៀបរាប់ថា «​ខ្ញុំ​ចាប់​អា​ម្មណ៍​លើ​គម្រោង​លើកកម្ពស់​សិទ្ធិ និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សុខភាព​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ព្រោះ​ខ្ញុំ​ចូលចិត្ត​ធ្វើការ​ងារ​ស្ម័គ្រចិត្ត​សម្រាប់​សង្គម​។ ខ្ញុំ​នឹង​ជួយ​មើលថែ​ចាស់ទុំ​ឲ្យ​មាន​សុខភាព​ល្អប្រសើរ ដែល​កិច្ចការ​នេះ​ហាក់ដូច​ជាការ​សងគុណ​ដល់​គាត់​ដែល​ធ្លាប់​ទទួលរង​ការលំបាក និង​មិន​បានទទួល​សេវា​សុខភាព​កាលពី​របប​ខ្មែរក្រហម​។ ណា​ហ្វី បន្តថា «​ចាស់ទុំ​ក្នុងភូមិ​បាន​ចែករំលែក​រឿងរ៉ាវ​រប​ស់គា​ត់ ហើយ​ខ្ញុំ​ចូលចិត្ត​ស្ដាប់​គាត់​និយាយ​»​។ កាលពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ធ្លាប់​ស្ដាប់​រឿងរ៉ាវ​របស់​អ៊ំ​ខ្ញុំ​ក្នុង​របប​ខ្មែរក្រហម ហើយ​បាន​ជំរុញ​ខ្ញុំ​ឲ្យ​ចូលចិត្ត​ការងារ​នេះ​។ ចាប់តាំងពី​ខ្ញុំ​អនុវត្ត​កិច្ចការងារ​នេះ​ពីថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២១ មក ខ្ញុំ​បាន​ស្តាប់​រឿងរ៉ាវ​របស់​អ្នក​រស់រានមានជីវិត​ចំនួន​១០​នាក់​ហើយ​។ ខ្ញុំ​នៅ​ចងចាំ​សាច់រឿង​របស់​យាយ យ៉ាន អាយុ​៧៩​ឆ្នាំ​។


(ប្រភពរូបថត៖ អ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅខេត្តពោធិ៍សាត់)

យាយ យ៉ាន ប្រាប់​ខ្ញុំ​ថា នៅក្នុង​របប​ខ្មែរក្រហម​គាត់​ទៅសុំ​អាហារ​ពី​អង្គការ​ឲ្យ​ឪពុក​របស់គាត់​ហូប ប៉ុន្តែ​អង្គការ​មិន​ឲ្យ​ហើយ​ថែមទាំង​វាយ​ធ្វើបាប​គាត់​ទៀត​។ ឪពុក​របស់​យាយ យ៉ាន ស្លាប់​ចំពោះមុខ​គាត់ ដោយសារ​ជំងឺ និង​ការអត់ឃ្លាន​។ ទឹកភ្នែក​របស់គាត់​ហូរ​នៅពេល​គាត់​រំ​ឮ​ក​រឿងរ៉ាវ​ទាំងអស់នេះ​ប្រាប់​ដល់​ខ្ញុំ​។ យាយ យ៉ាន ចង់​ចែករំលែក​រឿងរ៉ាវ​រប​ស់​គាត់​មក​ខ្ញុំ​ដែលជា​យុវជន​ជំនាន់​ក្រោយ​។ រឿងរ៉ាវ​របស់គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​អំពី​ទឹកចិត្ត និង​សេចក្ដីស្រឡាញ់​ទោះបី​ស្ថិតនៅក្នុង​ស្ថានភាព​លំបាក ប៉ុន្តែ​គាត់​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​លទ្ធភាព​ដើម្បី​ជួយ​ឪពុក​។ ខ្ញុំ​គិតថា​ជា​រឿង​ល្អ​នៅពេលដែល​ខ្ញុំ​ស្តាប់​រឿងរ៉ាវ​របស់គាត់ ហើយ​ជូន​ប្រអប់​អនុស្សាវរីយ៍​ដល់​គាត់​។​

​លី ខុយ​រ៉ូ​លីហ្សា អាយុ​១៩​ឆ្នាំ រៀន​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ គឺជា​អ្នកស្ម័គ្រចិត្ត​កម្ពុជា រស់នៅ​ភូមិ​ចុង​ខ្លុង ឃុំ​អូរសន្តាន់ ខេត្តពោធិ៍សាត់ បាន​រៀបរាប់ថា «​រហូតមកដល់​សព្វថ្ងៃ​ខ្ញុំ​ស្តាប់​រឿងរ៉ាវ​ក្នុង​របប​ខ្មែរក្រហម​ពី​ឪពុកម្តាយ​, យាយ​តា អ៊ំ ពូ មីង នៅក្នុង​ភូមិ​បាន​ចំនួន​២០​នាក់​។ ខ្ញុំ​នៅចាំ​រឿងរ៉ាវ​របស់​ម្តាយ​ខ្ញុំ និយាយ​រៀបរាប់ថា ពេល​ខ្មែរក្រហម​គ្រប់គ្រង​អំណាច​នៅ​ឆ្នាំ​១៩៧៥ គាត់​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ពី​ភូមិ​ចុង​ថ្លុ​ង ទៅ​ភូមិ​ថ្មី ក្រោយមក​ប្រជាជន​ហៅថា ភូមិ​កា​កាប​។ ម្តាយ​របស់ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​បំបែក​ចេញពី​គ្រួសារ និង​ចាត់តាំង​ឲ្យ​ធ្វើ​ការងារ​ក្នុង​កងកុមារ​។ ម្តាយ​ខ្ញុំ​ដើរ​កាប់​ទន្ទ្រានខែត្រ​ធ្វើ​ជី ហើយ​គាត់​ទទួល​បានតែ​បបរ​ប៉ុណ្ណោះ​សម្រាប់​អាហារ​ប្រចាំថ្ងៃ​។ ប្អូនប្រុស​របស់​ម្តាយ​ខ្ញុំ​ម្នា​ក់បាន​ស្លាប់​ដោយសារ​ជំងឺ​។ នៅពេល​ស្ដាប់​រឿងរ៉ាវ​របស់​ម្តាយ​ខ្ញុំ បានធ្វើ​ឲ្យ​ខ្ញុំ​អាណិត​គាត់​យ៉ាងខ្លាំង ហើយ​មិន​ចង់​ឲ្យ​របប​ខ្មែរក្រហម​កើតឡើង​ម្ដងទៀត​ទេ​។ ខ្ញុំ​ចង់​ជួយ​ម្តាយ​ខ្ញុំ​ឲ្យ​មាន​ជីវភាព​រស់នៅ​ប្រសើរ​ជាង​កាលពី​របប​ខ្មែរក្រហម​ដែល​គាត់​រស់នៅ​លំបាក​»​។


(ប្រភពរូបថត៖ អ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅខេត្តពោធិ៍សាត់)
អ្នកស្ម័គ្រចិត្ត​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បន្ត​ចែក​កញ្ចប់​អនុស្សាវរីយ៍ ជា​បន្តបន្ទាប់​ដល់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ដែល​បាន​ចែករំលែក​រឿងរ៉ាវ​រប​ស់​គាត់​នៅក្នុង​របប​ខ្មែរក្រហម​។ កិច្ចការ​ទាំងនេះ​គឺជា​ដំណើរការ​អប់រំ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ផ្ទាល់មាត់ និង​ជាការ​លើកកម្ពស់​នូវ​សុខភាព​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ហើយក៏​ជា​ផ្នែក​មួយ​នៃ​សំណង​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ​បន្ទាប់ពី​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​នឹង​បញ្ចប់​នៅពេល​ខាងមុខ​៕សរន

(ប្រភពរូបថត៖ អ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅខេត្តពោធិ៍សាត់)