ដោយ:ប.ជ័យ/បន្ទាយមានជ័យ:រដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៦ខែសីហា ឆ្នាំ២០២១ បានច្រានចោលនូវការចុះផ្សាយរបស់បណ្តាញសង្គមឈ្មោះRFAKhmerដែលបានចុះផ្សាយ ថា:”ពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័កនៅព្រំដែនក្នុងខេត្តបន្ទាយមានជ័យរាប់សិបនាក់បានធ្លាក់ខ្លួនឈឺនិងក្អួតចង្អុោរ ដោយអ្នកខ្លះត្រូវសង្គ្រោះបន្ទាន់ ក្រោយហូបតាង៉ែន ដែលជាអំណោយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…” ។

លិខិតបានបន្តថាក្រោយទទួលព័ត៌មាននេះរដ្ឋបាលខេត្តបានធ្វើការស្រាវជ្រាវហើយទទួលបានលទ្ធផលដូចខាង ក្រោម ៖ ចាប់ពីថ្ងៃទី២០ខែសីហាឆ្នាំ២០២១រដ្ឋបាលខេត្តបានទទួលផ្លែមៀននិងផ្លែតាង៉ែនចំនួន៤តោន ជាអំណោយរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីហើយបានបែងចែកជូនបងប្អូនពលករដែលកំពុងសម្រាកព្យាបាលកូវីដ១៩ នៅ១៣មណ្ឌលនិងមណ្ឌលចត្តាឡីស័កចំនួន២២មណ្ឌល បានបរិភោគដោយក្តីរីករាយ ។

តាមការបំភ្លឺរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបានបញ្ជាក់ថាពុំមានករណីពុលក្អួតចង្អោរបន្ទាប់ពីបរិភោគ ផ្លែមៀន ផ្លែតាង៉ែន នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យទឹកជោរឃុំទឹកជោរស្រុកព្រះនេត្រព្រះ ក៏មិនមានដែរ ។
ឯមណ្ឌលព្យាបាលនិងមណ្ឌលចត្តាឡីស័កផ្សេងទៀត ក៏គ្មានករណីពុលដែរ ។

ករណីមួយទៀត ស្រដៀងគ្នានោះ នៅខេត្តបាត់ដំបងសមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ដែលបង្ហោះក្នុង ហ្វេសប៊ុក ពីផ្លែមៀន តាង៉ែន ។

បុរសនោះឈ្មោះ ងួន លី អាយុ៣១ឆ្នាំ មានទីលំនៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ដែលបានថតវីដេអូបង្ហោះកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង៩នាទីយប់ ។
តាមរយៈវីដេអូ នោះ សមត្ថកិច្ចអះអាងថា មានខ្លឹមសារញុះញង់បំផុសបំផុលឲ្យម្ចាស់ចំការនៅក្នុង ស្រុកកំរៀងមានការភាន់ច្រឡំលើចំណាត់ការរបស់រាជរដ្ឋាភិបាលជុំវិញការទិញផ្លែមៀនពីម្ចាស់ចំការដែលក្រីក្រដោយចោទប្រកាន់ក្រុមការងាររបស់រាជរដ្ឋាភិបាលថាពុំបានយកចិត្តទុកដាក់ជាមួយម្ចាស់ចំការមៀនទៀត ផង។ល។

បុរសនោះត្រូវចៅក្រមជំនំជម្រះសាលាដំបូងខេត្តបាត់ដំបងសម្រេចផ្តន្ទាទោសកាលពីថ្ងៃទី២៤ខែសីហា ដាក់ពន្ធនាគារ១០ខែ ដោយចោទពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ លើឈ្មោះងួន លី ម្ចាស់គណនី ហ្វេសប៊ុកAccou Nt ។នេះបើយោងអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកដួង សារ៉ន បានប្រាប់សារព័ត៌មាន ៕សរន