​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖ ក្រុម​រដ្ឋ​អ៊ីស្លាម​(IS)​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​អត្តឃាត​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​នៅ​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ទី​២៦​សីហា ចំពេល​មាន​ការជម្លៀស​មនុស្ស​យ៉ាង​តក់ក្រហល់​ដឹកនាំ​ដោយ​អាម៉េរិក​ចេញពី​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន នេះ​បើ​តាម​ទីភ្នាក់ងារ​តាមដាន Site​។​

មានការផ្ទុះយ៉ាងតិច២​ ក្នុងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍នៅអាកាសយានដ្ឋានក្រុងកាប៊ុល

Site​បាន​ស្រង់​សម្តី​ប្រភព​យោធា​ដែល​បាន​និយាយថា ជន​ដាក់​គ្រាប់បែក​អត្តឃាត​«​នៅ​ថ្ងៃនេះ​អាច​ជ្រៀតចូល​គ្រប់​របាំង​សន្តិសុខ​និង​បាន​ចូល​ទៅ​នៅ​ចម្ងាយ​តែ​៥​ម៉ែត្រ​ពី​កងកម្លាំង​អាម៉េរិក​​មុន​ពេល​ពួក​វា​ចុច​បំផ្ទុះ​គ្រាប់បែក​ខ្សែក្រវាត់​»​។​

​ការប្រកាស​ទទួល​ខុស​ត្រូវ​នេះ ទំនងជា​ចង់​និយាយ​អំពី​ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​និង​ការផ្ទុះ​មួយ តែ​យ៉ាងហោច​ណាស់​មាន​ការផ្ទុះ​២​ក្នុងអំឡុងពេល​វាយប្រហា​រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​អា​​កាស​យានដ្ឋាន​អន្តរជាតិ​នេះ​។​

​មុន​ការវាយប្រហារ​តែ​ប៉ុន្មាន​ថ្ងៃ អាម៉េរិក​និង​បណ្តា​ប្រទេស​លោកខាងលិច​ដែល​មាន​ចំណែក​ក្នុង​ការជម្លៀស​មនុស្ស​ចេញ​ពី​អា​ហ្វ​ហ្គានី​ស្ថាន បាន​ព្រមាន​អំពី​ការ​គំរាម​ភេរវកម្ម​បង្កឡើង​ដោយ​ក្រុម​​រដ្ឋ​អ៊ីស្លាម​នៅ​អា​ហ្វ​ហ្គានី​ស្ថាន និង​មុន​ការវាយប្រហារ​ប៉ុន្មាន​ម៉ោង អាម៉េរិក​បាន​ព្រមាន​អោយ​ចាកចេញ​ពី​តំបន់​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល​ជាបន្ទាន់​។​

​សូមបញ្ជាក់​ថា ជន​អា​ហ្វ​ហ្គានី​ស្ថាន​រាប់ម៉ឺន​នាក់​បាន​រង់ចាំ​នៅ​ក្រៅ​អាកាសយានដ្ឋាន​ចាប់តាំងពី​ក្រុម​តា​លី​បង់​ចូល​កាន់កាប់​អំណាច​នៅក្នុង​ប្រទេស​កាលពី​ថ្ងៃ​១៥​សីហា​ចំពេល​មាន​ការបារម្ភ​​អំពី​ការ​សងសឹក​និង​ការវិល​ទៅរក​ការគ្រប់គ្រង​ដោយ​ច្បាប់​អ៊ីស្លាម​តឹងរឹង​៕

​ជន​ស៊ីវិល​អា​ហ្វ​ហ្គានី​ស្ថាន​រងរបួស​ក្នុងកា​រវាយ​ប្រហារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​