ដោយៈ ប​.​ខុន / ភ្នំពេញៈ សម្ពាធ​ទាប​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) មួយ​កំពុងស្ថិត នៅ​ពីលើ ប្រទេស​កម្ពុជា ធ្វើឱ្យ​ផ្ទៃមេឃ នៅពេល​ព្រឹក មាន​សភាព​អួរ​អាប់ និង​អាច បង្កឱ្យមាន ភ្លៀង​ធ្លាក់​ច្រើន ពេល មាន​ពន្លឺ​ថ្ងៃ​ក្តៅ​ខ្លាំង​បន្តិច នាពេល​រសៀល​។ ប្រព័ន្ធ​សម្ពាធ​ទាប ដែល​រំកិល​មក​គង លើ​ប្រទេស​កម្ពុជា អាច​នឹង​ទៅ​ចាប់​ជាប់ ជាមួយនឹង​សម្ពាធ​ទាប​មួយ នៅក្បែរ​ប្រទេស​ហ្វីលីពីន​។​

​មន្ត្រី​ជំនាញ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ព្រលឹម ថ្ងៃទី​២៧ ខែសីហា​ថាៈ ប្រព័ន្ធ​សម្ពាធ​ទាប ITCZ ដែល​កើតមាន និង​អូស កាត់​តំបន់​ទន្លេមេគង្គ​លើ បាន​រំកិល​ចុះមក​ចាប់​ជាប់ ជាមួយនឹង​សម្ពាធ​ទាប​មួយ នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ ដែល​កំពុងស្ថិត នៅលើ​ប្រទេស​កម្ពុជា ធ្វើឱ្យ​ផ្ទៃមេឃ មាន​ពពក​អួរ​អាប់ នៅពេល​ព្រឹក តែ​វា​អាច​នឹងមាន​ភ្លៀង ធ្លាក់​ច្រើន នៅ​តំបន់​ខ្លះ ពេល​មាន​ពន្លឺ​ថ្ងៃ ក្តៅ​ខ្លាំង កើតឡើង​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង កាលពី​ថ្ងៃទី​២៦ ខែសីហា​ថាៈ ប្រព័ន្ធ​សម្ពាធ​ទាប បាន កកើត​ឡើងវិញ​ជាថ្មី នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ ហើយ​អាច​អូស​ទៅជា​ប់​ជាមួយ នឹង​សម្ពាធ​ទាប នៅ​ប្រទេស​ហ្វីលីពីន ធ្វើ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ទាំង​នៅក្នុង​ប្រទេស កម្ពុជា ក៏ដូចជា​នៅ​តំបន់ អាង​ទន្លេមេគង្គ​លើ​។ ប្រព័ន្ធ​សម្ពាធ​ទាប​ថ្មី​នេះ អាច​ស្ថិតនៅ ឡើង​ចុះ លើ​តំបន់​មេគង្គ​លើ​ច្រើន​ថ្ងៃ នៅពេល​ខាងមុខ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១ បាន​ជូនដំណឹង ស្តីពី​ការ​ព្យាករ ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​៣១ ខែសីហា​ថាៈ ក្នុង​សប្តាហ៍​នេះ ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ឥទ្ធិពល ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា កម្រិត​ខ្លាំង នឹង​អាច​កើតមាន ជ្រលង ស​ម្ពា​ប​ទាប ITCZ សារជាថ្មី​ឡើងវិញ​។​

​ស្ថានភាព​អាកាសធាតុ បែប​ខាងលើនេះ នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប កណ្តាល មាន​សីតុណ្ហភាព អប្បបរមា ពី ២៥ ទៅ ២៧ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ៣៤ ទៅ ៣៦ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត ពី​មធ្យម ទៅ​ខ្លាំង លាយឡំ​ទៅដោយ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

​សម្រាប់​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ៣២ ទៅ ៣៤ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​មធ្យម ទៅ​ច្រើន លាយឡំ​ទៅដោយ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​តំបន់​មាត់សមុទ្រ សីតុណ្ហភាព អប្បបរមា មាន​ពី ២៣ ទៅ ២៥ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ៣៣ ទៅ ៣៥ អង្សា​សេ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម ទៅ​ច្រើន​។ នៅលើ​ផ្ទៃសមុទ្រ អាចមាន​ភ្លៀង​ធ្លាក់​ច្រើន និង​រលក​សមុទ្រ​មធ្យ​ម​។​

​នៅក្នុង​សេចក្តីជូនដំណឹង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យមាន​ការប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ភ្លៀង ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ​៕/V​-PC