ដោយ: សុខុម / ស្ទឹងត្រែង: បុរសវ័យជាង ៥០ ឆ្នាំម្នាក់ ត្រូវគេប្រទះឃើញដួល នៅកណ្ដាលព្រៃ ក្បែរព្រំដែនកម្ពុជា ឡាវ ហើយត្រូវបានអាជ្ញាធរស្រុក និងមន្ត្រី មណ្ឌលសុខភាព ស្រុកសៀមប៉ាង ដឹកយកទៅព្យាបាល។ តែក្រោយមក ក៏បានស្លាប់ នៅក្នុងមណ្ឌលសុខភាព ស្រុកសៀមប៉ាង កាលពីវេលាម៉ោង ៨ ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។
លោក អ៊ុច សាវឿន ប្រធានមណ្ឌលសុខភាព ស្រុកសៀមប៉ាងបាននិយាយអោយ ដឹងថាៈ អាជ្ញាធរស្រុកស្រុកសៀមប៉ាង ទទួលបន្ទុកផ្នែកសុខាភិបាល គឺលោក សំ ប៊ុនធិន អភិបាលរងស្រុក និងមន្ត្រីមណ្ឌលសុខភាព ស្រុកសៀមប៉ាង បានដឹកយក បុរសឈ្មោះ ថា ហួត អាយុ ៥៦ ឆ្នាំ រស់នៅឃុំថ្មកែវ ស្រុកសៀមប៉ាង ពីក្នុងព្រៃ បន្ទាប់ពីបុរសនោះ ធ្វើដំណើរទៅក្បែរព្រំដែន កម្ពុជា ឡាវ ។ ពេលគាត់មកសម្រាក ព្យាបាល មានសភាពហេវហត់ អស់កម្លាំង មុនគេប្រទះឃើញ នៅក្បែរព្រំដែន។ ទោះបីជាមន្ត្រីមណ្ឌលសុខភាពស្រុក ខិតខំព្យាបាល យ៉ាងណាក៏ដោយ ទីបំផុត បុរសនោះ នៅតែបាត់បង់ជីវិត។
ប្រធានមណ្ឌលសុខភាព ស្រុកសៀមប៉ាង បានបញ្ជាក់ថាៈ ករណីបុរសខាងលើ ស្លាប់មិនពាក់ ព័ន្ធនឹងជំងឺកូវីដ១៩ ទេ ហើយអាជ្ញាធរស្រុក បានរៀបចំបូជា នៅក្នុងព្រៃកន្លែងបូជាសព ដោយមានការចូលរួម ពីមន្ត្រីសុខភាពស្រុក ប្រជាពលរដ្ឋ និងព្រះសង្ឃ។
ប្រធានមណ្ឌលសុខភាពរូបនេះ បានបន្ថែមទៀតថាៈ បុរសដែលស្លាប់មានជំងឺ ប្រចាំកាយ ហើយសាច់ញាតិ មិនសូវរវីរវល់ឡើយ៕V-PC