ដោយៈ សុផល / ភ្នំពេញ៖ ក្នុងគោលដៅ ដើម្បីធ្វើឱ្យការងារមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបណ្តុះបណ្តាលមន្ត្រី របស់ខ្លួន ពីវិធីសាស្ត្រ ក្នុងការរៀបចំផែនការ សកម្មភាព ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត ថ្មីៗនេះ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំ ផែនការសកម្មភាព ប្រចាំឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានសិក្ខាកាម ចូលរួមសរុប ៧០ រូប មកពីបណ្តារាជធានី-ខេត្ត ទាំង២៥។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្សព្វផ្សាយ ពង្រឹងសមត្ថភាពដល់មន្ត្រី បង្គោលរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត ក្នុងការរៀបចំ ផែនការសកម្មភាព ជាអាទិភាពប្រចាំឆ្នាំ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដែលជាត្រីវិស័យ សម្រាប់ចង្អុលបង្ហាញ នូវការអនុវត្តការងារតាមបណ្តាអង្គភាព នីមួយៗ ឱ្យទទួលបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
សូមបញ្ជាក់ផងដែរថាៈ នៅក្នុងឆ្នាំ២០២០ ក្រសួងបានរៀបចំផែនការ សកម្មភាពចំនួន ៤៣៨ សកម្មភាព និងនៅក្នុងឆ្នាំ២០២១ ក្រសួងបានរៀបចំ ចំនួន ៩៤៧ សកម្មភាព ដែលជាសកម្មភាព និងទិសដៅអនុវត្តរបស់ ថ្នាក់ដឹកនាំក្រសួង និងអង្គភាពក្រោម ឱវាទ។
នៅឆ្នាំ២០២២ ខាងមុខនេះ សកម្មភាពរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងបង្កើន លើស ១.០០០ សកម្មភាព ដោយមានការរួមបញ្ចូលនូវផែនការ សកម្មភាព របស់មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង ២៥ រាជធានី ខេត្ត៕/V-PC