ដោយៈមុនីរ័ត្ន/ភ្នំពេញៈ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិកបានឲ្យដឹងថា ថ្មីៗនេះស្ថានទូតបានរកឃើញករណីចែកចាយនៅលើទីផ្សារសហរដ្ឋអាម៉េរិក នូវផលិតផលគុយទាវក្រៀមកញ្ចប់ ដែលមិនមែនជាផលិតផលរបស់កម្ពុជា ហើយនៅលើសម្បកវេចខ្ចប់មានការប្រើប្រាស់ស្លាកសញ្ញា “ផលិតផលគុយទាវភ្នំពេញ” និង “រូបសញ្ញាប្រាសាទអង្គរវត្ត” កំពុងត្រូវបានដាក់លក់នៅតាមបណ្តាផ្សារអាស៊ី ក្នុងតំបន់ឆ្នេរខាងកើតសហរដ្ឋអាម៉េរិក (East Coast)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិកកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។
ស្ថានទូតកម្ពុជាបញ្ជាក់ទៀតថា ការប្រើប្រាស់ពាក្យនិងម៉ាក “ផលិតផលគុយទាវភ្នំពេញ” និង “រូបសញ្ញាប្រាសាទអង្គរវត្ត” ដោយមិនមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បានរំលោភ បំពានលើបទប្បញ្ញត្តិច្បាប់របស់កម្ពុជា កិច្ចព្រមព្រៀង និងសន្ធិសញ្ញាអន្តរជាតិ ជាពិសេសការប្រើប្រាស់ម៉ាកគុយទាវភ្នំពេញ បានធ្វើឱ្យអ្នកប្រើប្រាស់ទូទៅមានការភាន់ច្រឡំអំពីប្រភពដើមនៃផលិតផលគុយទាវកញ្ចប់។
ប្រភពដដែលបន្តថា ស្ថានទូតបានស្រាវជ្រាវកំណត់មុខសញ្ញា និងចាត់អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត ចុះជួបណែនាំដល់ក្រុមហ៊ុនដែលនាំចូលផលិតផលទាំងនោះដល់ទីតាំងក្រុមហ៊ុន ព្រមទាំងបានចេញលិខិតជូនដំណឹងជាផ្លូវការ ទៅក្រុមហ៊ុនទាំងនោះឱ្យបញ្ឈប់ធ្វើការនាំចូលឬដាក់លក់នូវផលិតបែបនេះបន្តទៀត ហើយស្ថានទូតនឹងដាក់ ចេញនូវវិធានការបន្តក្នុងករណីក្រុមហ៊ុនមិនព្រមអនុវត្តតាមសេចក្តីជូនដំណឹង។
ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលកំពុង ស្នាក់នៅសហរដ្ឋអាម៉េរិក មេត្តាឈប់ទិញយកមកប្រើប្រាស់នូវផលិតផលក្លែងបន្លំនេះ ព្រមទាំងមេត្តាជូនដំណឹង មកស្ថានទូតតាមរយៈគេហទំព័រ Facebook ស្ថានទូតក្នុងករណីបានឃើញ ឬជួបប្រទះនូវផលិតផលណាដែល មានប្រើប្រាស់រូបសញ្ញាដែលជាអត្តសញ្ញាណជាតិនៃកម្ពុជា នៅតាមបណ្តាទីផ្សារនានាក្នុងសហរដ្ឋអាម៉េរិកដើម្បី ស្ថានទូតអាចរៀបចំនីតិវិធីតវ៉ាតាមផ្លូវច្បាប់ សំដៅបញ្ឈប់ការដាក់លក់ផលិតផលក្លែងបន្លំនេះបានទាន់ពេលវេលា៕សរន