ដោយៈ គ្រញូង / បាត់ដំបងៈ លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១ នៅក្នុង​ក្រុង​បាត់ដំបង មាន ៣ ទីតាំង សម្រាប់​ចាក់ វ៉ាក់សាំង ជូន​កុមារ និង​យុវវ័យ ដែលមាន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ ដែលជា​ហេតុ ធ្វើ​ឲ្យ​មានការ​កកកុញ គ្មាន​សណ្តាប់ធ្នាប់ ដែលជា​ក្តី​ព្រួយបារម្ភ​ខ្លាំង អំពី​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ -១៩​។​

​ប្រឈម​នឹង​បញ្ហា​នេះ លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង ខេត្តបាត់ដំបង និង​ជា​អ្នក នាំពាក្យ ខេត្ត បាន​ឲ្យ​ដឹងថាៈ អាជ្ញាធរខេត្ត​បាត់ដំបង ចាប់ផ្តើម​ប្រជុំ​ដោះស្រាយ ភ្លាមៗ ដោយ​ចាប់ផ្តើម រៀបចំ​ពង្រីក​មណ្ឌល ផ្តល់​វ៉ាក់សាំង ដល់​កុមារ និង​យុវវ័យ នៅតាម​បណ្តា​ស្រុក ទូទាំង​ខេត្ត ដែល កុមារ​ក្នុង​វ័យ​នេះ មាន​ជាង ១៨ ម៉ឺន​នាក់ ដោយ​ចាប់ផ្តើម ពីថ្ងៃ​ទី​២៦ ខែសីហា តទៅ ដើម្បី​បញ្ចៀស ការ​កកកុញ និង​បញ្ចៀស ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​។​

​លោក​អភិបាលរង​ខេត្ត បានបញ្ជាក់​ថាៈ អាជ្ញាធរខេត្ត កំពុង​ឲ្យ​មន្ទីរពេទ្យបង្អែក ស្រុក​ប្រតិបត្តិ សហការ​ជាមួយ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ រៀបចំ​មណ្ឌល សម្រាប់​ផ្តល់​វ៉ាក់សាំង ជូន​ដល់​កុមារ និង​យុវវ័យ​ហើយ ។​

​លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង បាន​មានប្រសាសន៍​ឲ្យ​ដឹងថាៈ ចំពោះ បញ្ហា​កកកុញ ក្នុង មណ្ឌល​ចាក់​វ៉ាក់សាំង ទាំង ៣ នៅក្នុង​ក្រុង​បាត់ដំបង​នេះ ដោយសារតែ​អាណាព្យាបាល របស់​ក្មេងៗ នៅតាម​បណ្តា​ស្រុក​នានា បាន​សម្រុក នាំ​កូន មកចាក់​វ៉ាក់សាំង ព្រមៗ​គ្នា ហើយ​មាន​ចំនួន​ទ្វេដង ទើប​ធ្វើ​ឲ្យ​ទីតាំង​ផ្តល់ វ៉ាក់សាំង ចង្អៀត បើទោះជា​អាជ្ញាធរ និង​មន្ត្រី សុខាភិបាល រៀបចំ​កៅអី រក្សា​គម្លាត និង​រៀបចំ​លេខ​រៀង ត្រឹមត្រូវ​ហើយ យ៉ាងណាក៏ដោយ​។

​លោក​បាន​បញ្ជាក់ថាៈ តាម​ផែនការ អាជ្ញាធរ ផ្តល់​វ៉ាក់សាំង ដល់​ក្មេង សិស្សសាលា ក្នុង​ក្រុង បាត់ដំបង ជាមុន ដែលមាន​ចំនួន ១៥.៨២៦ នាក់ (​ស្រី ៦.៨២៦ នាក់​) ដែល​គិត​ត្រឹម​ថ្ងៃទី ២៤ ខែសីហា ផ្តល់​វ៉ាក់សាំង ដល់​កុមារ​បាន ១២.១៦០ នាក់ ក្នុងនោះ ស្រី ៦.៣៤២ នាក់ ។​

​លោក ផេង សិទ្ធី បានបញ្ជាក់​ថាៈ ចំនួន​ដែល​ចាក់​វ៉ាក់សាំង​នេះ គឺមាន​ចំនួន ៤០ ភាគរយ គឺ​ក្មេងៗ ដែល​ឪពុកម្តាយ បាន​នាំ​កូន​មកពី​បណ្តា​ស្រុក​នានា មិនមែន​តែ ក្មេង​ក្នុង​ក្រុង​បាត់ដំបង តែមួយ​នោះទេ​។​

​លោក​អភិបាលក្រុង​បាត់ដំបង បានស្នើ​ឲ្យ​អាណាព្យាបាល​កុមារ នៅតាម​បណ្តា ស្រុក​នានា កុំ​ផ្អើល នាំគ្នា​យក​កូនៗ មកចាក់​វ៉ាក់សាំង ក្នុង​ក្រុង​បាត់ដំបង​ដែល​នាំ ឲ្យ​កកស្ទះ ខាត​ពេលវេលា និង​ងាយ ប្រឈម​នឹង​ការឆ្លង​ជំងឺ​កូ​វីដ ១៩​ដោយសារ ការ​ប្រជ្រៀត​គ្នា ត្រូវ​រង់ចាំ​ចាក់​វ៉ាក់សាំង នៅតាម​បណ្តា​ស្រុក ដែល​ខ្លួន​រស់នៅ ទៅតាម​ការរៀបចំ របស់​អាជ្ញាធរ នាពេល​ឆាប់ៗ​នេះ​។

​លោក ផេង សិទ្ធី បានបញ្ជាក់​ថាៈ បើតាម​អាជ្ញាធរខេត្ត បាន​ឲ្យ​ដឹងថា នៅក្នុង​ខេត្ត បាត់ដំបង កុមារ​អាយុ​១២​ឆ្នាំ ដល់​១៧​ឆ្នាំ មាន​ចំនួន ១៨៧.៧៩៣ នាក់ ក្នុងនោះ ស្រី​មាន​ចំនួន ៩៣.០៥៤ នាក់ ខណៈ​បច្ចុប្បន្ននេះ ចំនួន​ដែល​មកចាក់​វ៉ាក់សាំង ក្នុង​មណ្ឌល​ទាំង ៣ ក្នុង​ក្រុង​បាត់ដំបង បាន​ជាង ១ ម៉ឺន​នាក់​ហើយ​។​

​បើតាម​មន្ត្រី​សុខាភិបាល បាន​ឲ្យ​ដឹងថាៈ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា​នេះ ការពង្រីក មណ្ឌល​ចាក់ វ៉ាក់សាំង ដល់​កុមារ និង​យុវវ័យ ចាប់ពី​អាយុ ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ បាន​ដល់​ស្រុក​សំឡូត និង​ស្រុក ប​វេ​ល ហើយនឹង​បន្ត ពង្រីក​នៅតាម​បណ្តា​ស្រុក ផ្សេងៗ​ទៀត ដើម្បី​បញ្ចៀស​ការ​ប្រជ្រៀត​គ្នា​។ មណ្ឌល​ផ្តល់ វ៉ាក់សាំង ដល់​ក្មេងៗ​នេះ មនុស្ស​ចាស់ ដែល​មិនទាន់​បានទទួល​វ៉ាក់សាំង នាពេល​កន្លងមក ក៏​អាចមក​ទទួល វ៉ាក់សាំង នៅទីនេះ​បានដែរ​៕/V-PC