ដោយ​: សុផល / ភ្នំពេញ​: ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា ដែល​ប្តេជ្ញាចិត្ត​ជួយ​សម្រាល​ការលំបាក ដល់​គ្រួសារ អតីតយុទ្ធជន​កម្ពុជា​ក្រីក្រ​នោះ នៅ​ថ្ងៃទី ២៧ ខែសីហា ឆ្នាំ​២០២១ នេះ កាកបាទក្រហមកម្ពុជា ដែលមាន​ហ្លួង​ម៉ែ នរោត្តម មុនិនាថ សីហនុ​ជា​ព្រះប្រធាន កិត្តិយស បានផ្តល់​ថវិកា ចំនួន ៦៩៨.០០០ ដុល្លារ​អាមេរិក ជា​ជំហាន​ទី​៣ ដែលជា​វគ្គ​បញ្ចប់ ជូន​ដល់​សមាគម​អតីតយុទ្ធជន​កម្ពុជា សម្រាប់​បន្ត​សាងសង់​ផ្ទះ ជូន​អតីតយុទ្ធជន​កម្ពុជា​ក្រីក្រ ចំនួន ៦២៨ គ្រួសារ នៅ​ភូមិ​ប៊ុនរ៉ានី សែន​ជ័យ ដំណាក់​ត្រ​យឹ​ង ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​

​កម្មវិធី​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​កណ្តាល កាកបាទក្រហមកម្ពុជា ក្រោម វត្តមាន​លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង​លោក​ទេស រដ្ឋមន្ត្រី គន់ គីម អនុប្រធាន និង​ជា​អគ្គលេខាធិការ សមាគម​អតីតយុទ្ធជន​កម្ពុជា​។​

​សូមបញ្ជាក់​ជូន​ថា កាកបាទក្រហមកម្ពុជា បានផ្តល់​ថវិកា​ចំនួន ៥០​ម៉ឺន​ដុល្លារ ជា​ជំហាន​ទី​១ កាលពី​ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ​២០២១ និង​ចំនួន ១​លាន​ដុល្លារ​, ជា​ជំហាន ទី​២ កាលពី​ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ​២០២១​កន្លងទៅ ជូន​ដល់​សមាគម​អតីតយុទ្ធជន កម្ពុជា ហើយ​កាកបាទក្រហមកម្ពុជា ក៏បាន​ប្រគល់​ផ្ទះ ចំនួន ៥០​ខ្នង ជា​ជំហាន​ទី​១ កាលពី​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ​២០២១ និង​ប្រគល់​ផ្ទះ ចំនួន ២៥០​ខ្នង ជា​ជំហាន​ទី​២ កាលពី​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ​២០២១ កន្លងទៅ​រួចមកហើយ​។ បងប្អូន​អតីតយុទ្ធជន ដែល​បាន​ចូលមក​រស់នៅ​បណ្តើរៗ ក៏បាន​ចាប់ផ្តើម​កសាង​ជីវិត​ថ្មី នៅលើ​ទឹកដី​ថ្មី ប្រកបដោយ​ក្តីសង្ឃឹម និង​មាន​សុភមង្គល ជាមួយនឹង​ការដាំដុះ ភោគផល​បន្លែបង្ការ ជាច្រើន​មុខ ការចិញ្ចឹម​សត្វ និង​ការលក់ដូរ​ជាដើម​។ កូនៗ​របស់​ពួកគាត់​ដែលជា​អ្នក នៅ​ខេត្ត​ផ្សេងៗ បានមក​លេង ដល់ទី​នេះ ក៏មាន​ក្តីរំភើប សប្បាយរីករាយ​ដោយ​មិន នឹកស្មានថា ឪពុកម្តាយ​របស់គាត់ ទទួលបាន​ផ្ទះ​ស្អាត មាន​ដី​ល្អ និង​ទីតាំង​គួរឱ្យ ចង់​រស់នៅ បែបនេះ​នោះទេ​។​

​យោងតាម​វឌ្ឍនភាព នៃ​ដំណើរ​ការសាងសង់ និង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ កាកបាទក្រហមកម្ពុជា គ្រោង​នឹង​រៀបចំ​ពិធី​ប្រគល់​-​ទទួល​ផ្ទះ​ចំនួន ៣២៨​ខ្នង ជា​វគ្គ​បញ្ចប់ នៅ​ដើម​អំឡុង ខែវិច្ឆិកា ឆ្នាំ​២០២១ ខាងមុខនេះ​។

​សូម​ជម្រាបជូន​ថា ផ្ទះ​នីមួយៗ មាន​ទំហំ ៥​ម៉ែត្រ គុណ​នឹង ៧​ម៉ែត្រ​, គ្រឿង​បង្គុំ ធ្វើ​ពី​ដែក​, សសរ​ចាក់​ស៊ីម៉ង់​តិ៍​, ជញ្ជាំង​ស្មា​តបត​, ដំបូល​ស័ង្កសី​និង​ត​តាក​ខាង ក្រោយ​ផ្ទះ​ធ្វើជា​ចង្ក្រាន​បាយ ដែល​ចំណាយ​ថវិកា​តម្លៃ ៣.៥០០ ដុល្លារ​អាមេរិក​។ ដោយឡែក បង្គន់​អនាម័យ​ដាច់ដោយឡែក មានតម្លៃ ២៧០ ដុល្លារ​អាមេរិក​៕/V​-PC