ដោយៈ សុ​ផានី​តា / កោះកុងៈ ខេត្តកោះកុង ដែលជា​ខេត្ត​មួយ ស្ថិតនៅ​ភាគ​និរតី នៃ​ប្រទេស​កម្ពុជា ក្នុងអំឡុងពេល ៤ ថ្ងៃ​មកនេះ ខាន​ឃើញ​ពន្លឺព្រះអាទិត្យ គ្រប់គ្រាន់ ព្រោះតែ​រង​សម្ពាធ​ទាប ព្យុះភ្លៀង ឥត​ដាច់​គ្រាប់ និង​បង្ក​ការ​ជន់​លិច ផងដែរ​។​

​ដំណក់​ព្យុះភ្លៀង ធ្លាក់​ឥតឈប់ឈរ ពី​តិច​ទៅ​ច្រើន ពី​ច្រើន​មក​តិច គិត​ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧ សីហា​នេះ សម្រាប់​ភូមិសាស្ត្រ ខេត្តកោះកុង ដែល​ជាប់​នឹង​ឆ្នេរសមុទ្រ​។ ការប្រែប្រួល​អាកាសធាតុ លើក​នេះ ក៏បាន​បង្កឱ្យមាន​ជា​ជំនន់​ទឹកភ្លៀង លិច​ផ្ទះ សម្បែង ប្រជាពលរដ្ឋ ផ្លូវថ្នល់ ផ្លូវលំ និង​ខូចខាត​ទ្រព្យសម្បត្តិ ផ្សេងៗ​ទៀត​។​

​បរិមាណ​នៃ​ភាព​រង​ផលប៉ះពាល់ នៅ​ខេត្តកោះកុង ជាពិសេស​ក្រុង​ខេមរភូមិន្ទ ធៀប​នឹង​ខេត្ត​ព្រះសីហនុ ក៏​មិន​ចាញ់​គ្នា​ប៉ុន្មាន​ឡើយ បើតាម​ការប៉ាន់ស្មាន របស់​ប្រជាពលរដ្ឋ ដែល​ជួប​ផល​ខូចខាត​។​

​ក្រុម​ប្រជាពលរដ្ឋ នៅក្នុង​ក្រុង​ខេមរភូមិន្ទ បានលើកឡើង​ថាៈ មូល​ហេតុដែល​ធ្វើឱ្យ ទឹក​ជន់​លិច​ផ្ទះ និង​ផ្លូវថ្នល់ ពិបាកធ្វើ​ដំណើរ​យ៉ាង​ដូច្នេះ ដោយសារតែ​បរិមាណ ទំហំ​ទឹកភ្លៀង​ច្រើន ប្រព័ន្ធ​លូ​រំដោះ​ទឹក មួយចំនួន គោក​រាក់ ការ​ចោល​សំរាម គ្មាន​សណ្តាប់ធ្នាប់​ត្រឹមត្រូវ និង​ការរំលោភបំពាន ចាក់ដី​ចូល​ប្រឡាយ​ធម្មជាតិ ជាដើម​។​

​ក្រៅពី​ផល​ខូចខាត​នានា ក្នុង​ក្រុង​ខេមរភូមិន្ទ នៅ​ស្រុក​បូ​ទុម​សាគរ និង​ស្រុក​កោះកុង ឯណោះ​វិញ គេ​សង្កេតឃើញថា ទំហំ​ទឹកជា​ច្រើន​កន្លែង​បាន​ចូល​កាត់​ផ្លូវលំ​បណ្តាល ឱ្យដាច់​ផងដែរ​។​

​លោក ហាក់ ឡេង អភិបាលស្រុក​បូ​ទុម​សាគរ បានឱ្យដឹងថាៈ ចំណុច​ដាច់ទឹក​ហូរ បុក​ដាច់​នោះ ស្ថិតនៅក្នុង​ឃុំ​តា​នូ​ន ឥឡូវ មិនទាន់​ជួសជុល​បានទេ ខណៈ​ភ្លៀង នៅតែ​បន្ត​ជន់​លិច​ឥត​ឈប់ តែ​ពេល​រាំងស្ងួត​បន្តិច នឹង​ផ្តើម​កែលម្អ​សម្រួល​ចរាចរណ៍ ឡើងវិញ​ហើយ​។​

​ទាក់ទិន​បញ្ហា​គ្រោះធម្មជាតិ មិនកើត​មាន​នេះ តាមរយៈ​ហ្វេ​ក​ប៊ុ​ក​ផ្លូវការ របស់លោក ស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ទទួលស្គាល់ថាៈ ភ្លៀង​ធ្លា​ក់មួយ​មេ​យ៉ាង​ធំ ដែលមាន​កម្ពស់​ទឹកភ្លៀង ១៨៥ ម​.​ម កាលពី​ថ្ងៃទី​២៤ សីហា ថ្មីៗ​នះ​បណ្តាលឱ្យ មានទឹក​លិច​ផ្លូវ និង​ហូរ​ចូល​ផ្ទះសម្បែង ប្រជាពលរដ្ឋ​មួយចំនួន និង​នៅ​ជុំវិញ​ផ្សារ ដងទង់ ក្នុង​ក្រុង​ខេមរភូមិន្ទ ព្រោះតែ​បរិមាណ​ហូរ​ទឹក ចូល​ប្រព័ន្ធ​លូ​មិនទាន់​។​

​លោកស្រី អភិបាលខេត្ត​កោះកុង ក៏​ជំរុញ​ដល់​រដ្ឋបាល​ក្រុង សង្កាត់ និង​មន្ទីរ​ពាក់ព័ន្ធ បង្កើន​ការខិតខំ ស្តារលូ ប្រឡាយ​ធម្មជាតិ ដើម្បី​រំដោះ​ទឹក ពេល​ភ្លៀង​ខ្លាំង​។ ទន្ទឹម​នោះ សុំ​ការចូលរួម​ពី ប្រជាពលរដ្ឋ តាមរយៈ​ចិត្ត​អំណត់ និង​អនុគ្រោះ ដល់​អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ ចំពោះ​បាតុភូតធម្មជាតិ ដែល​បាន​កើតឡើង​នេះ​។ ជាពិសេស មេត្តា​យកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ចំពោះ បាតុភូតធម្មជាតិ​នា​រដូវ វស្សា​៕/V​-PC