ដោយៈ ប.ខុន / ភ្នំពេញៈ ប្រទេសកម្ពុជា នៅពេលនេះ ស្ថិតក្រោមឥទ្ធិពល តំបន់សម្ពាធទាប នៃប្រព័ន្ធសម្ពាធទាប ដែលងាយបង្កឱ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន ជាពិសេសនៅតំបន់ ទំនាបកណ្តាល ភាគពាយព្យ និងខ្ពង់រាប ភាគខាងកើត ជាប់ដែនកម្ពុជា វៀតណាម។ ឯនៅតំបន់អាង ទន្លេមេគង្គលើ ក៏មានភ្លៀងធ្លាក់រាយប៉ាយដែរ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យ រស្មីកម្ពុជាដឹង នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ថាៈ នៅល្ងាចថ្ងៃទី២៧ ខែសីហា នេះថា ភ្លៀងចាប់ផ្តើម ធ្លាក់រាយប៉ាយ ក្នុងកម្រិតពីបង្គួរ ទៅច្រើន នៅក្នុងក្របខណ្ឌទូទាំងប្រទេស ពិសេសនៅតំបន់ទំនាប កណ្តាល ភាគពាយព្យ និងខ្ពង់រាបភាគខាងកើត ជាប់ព្រំដែនកម្ពុជា វៀតណាម ដោយសារប្រទេសកម្ពុជា នៅពេលនេះ ស្ថិតក្រោមឥទ្ធិពល នៃតំបន់សម្ពាធទាប ដែលមានប្រព័ន្ធសម្ពាធទាប អូសកាត់ពីលើ។
អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ចាប់ពីថ្ងៃទី២៧ ខែសីហា រហូតដល់សប្តាហ៍ ដើមខែកញ្ញា ប្រទេសកម្ពុជា ក៏ដូចជា នៅតំបន់អាងទន្លេមេគង្គលើ មានភ្លៀងធ្លាក់ រាយប៉ាយ ក្នុងកម្រិតពីបង្គួរ ទៅច្រើន រាល់ថ្ងៃ។ ការធ្លាក់ភ្លៀង បន្តបន្ទាប់នេះ អាចនឹងបង្កឱ្យមាន ជំនន់ទឹកភ្លៀង នៅតំបន់ភ្នំ, ទឹកទន្លេក៏នឹងចាប់ផ្តើមងើបឡើងមកវិញដែរ។
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានជូនដំណឹង ស្តីពីការព្យាករ ស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែសីហាថាៈ ក្នុងសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា កម្រិតខ្លាំង នឹងអាចកើតមានជ្រលង សម្ពាបទាប ITCZ សារជាថ្មីឡើងវិញ។
ស្ថានភាពអាកាសធាតុ បែបខាងលើនេះ នឹងធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៥ ទៅ ២៧ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣៤ ទៅ ៣៦ អង្សាសេ។ អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យម ទៅខ្លាំង លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
សម្រាប់បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាព អប្បបរមា ពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យម ទៅច្រើនលាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
តំបន់មាត់សមុទ្រ សីតុណ្ហភាព អប្បបរមា មានពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៣ ទៅ ៣៥ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យម ទៅច្រើន។ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀងធ្លាក់ច្រើន និងរលកសមុទ្រមធ្យម ។
នៅក្នុងសេចក្តីជូនដំណឹង បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ៕/V