​ដោយៈ ពៅ​និមល / ភ្នំពេញៈ ទោះបី​ជាមាន​បញ្ហា​ប្រឈម​នឹង​វីរុស​កូ​វីដ​-១៩ យ៉ាងណាក៏ដោយ គិត​រហូត​មកទល់ពេលនេះ ដំណើរការ​សាងសង់ អាកាសយានដ្ឋាន​អន្ដរជាតិ តារា​សាគរ ខេត្តកោះកុង សម្រេចបាន ៩៣,៦ ភាគរយ​ហើយ ដែល​គ្រោង​ដាក់​ឲ្យ​ដំណើរការ ផ្លូវការ នៅ​ពាក់​ឆ្នាំ​២០២២ ខាងមុខ​។ នេះ​បើតាម​ការបញ្ជាក់ ពី​អ្នកនាំពាក្យ នៃ​រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍​ស៊ីវិល​កម្ពុជា ។​

​លោក ស៊ីន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ នៃ​រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍​ស៊ីវិល​កម្ពុជា បាន​ឲ្យ​រស្មី​កម្ពុជា​ដឹង នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២១​នេះ​ថាៈ អាកាសយានដ្ឋាន អន្តរជាតិ តារា​សាគរ នឹងមាន​សមត្ថភាព ទទួលបាន​យន្តហោះ រហូតដល់​កូដ​អុ​ី (Code E) ចំនួន ១១ ចំណត ឧទ្ធម្ភាគចក្រ​ចំនួន ៤​ចំណត ទទួល​អ្នកដំណើរ​បាន ៧ លាន​នាក់ និង​ទំនិញ​តាមផ្លូវ​អាកាស ចំនួន ១ ម៉ឺន​តោន ក្នុង​មួយឆ្នាំ​។​

​លោក​បាន​បន្តថាៈ ទាក់ទង​ដំណើការ សាងសង់ សព្វថ្ងៃនេះ ក៏មាន​បញ្ហា​ប្រឈម​ច្រើន​ដែរ នៃ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ពិសេស​ព្រឹត្តិការណ៍ សហគមន៍ ២០​កុម្ភៈ បានធ្វើឱ្យ​ប៉ះពាល់ ដល់​ដំណើរការ នៃ​ការសាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ ដោយបាន​ជួបប្រទះ​នូវ បញ្ហា​ប្រឈម មួយចំនួន ស្រដៀង​គ្នា ដូចជា​អ្នកបច្ចេកទេស និង​អ្នកជំនាញការ របស់​ក្រុមហ៊ុន​ចិន មានការ​លំបាក ចេញ​-​ចូល ពេល​មក​ប្រទេស​កម្ពុជា ដោយ​លក្ខខណ្ឌ និង​ការកំណត់​ធ្វើ​ច​ត្តា​ឡី​ស័ក ដែលមាន​ការលំបាក ក្នុងការ​ផ្គត់ផ្គង់ ឧបករណ៍​-​សម្ភារ​បរិក្ខារ និង​ការ​ចល័ត​គ្រឿងចក្រ មួយចំនួន សម្រាប់​បម្រើឱ្យ ការសាងសង់​នេះ​។​

​អាកាសយានដ្ឋាន អន្តរជាតិ តារា​សាគរ មាន​ទីតាំង​ស្ថិតនៅក្នុង ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង វិនិយោគ ដោយ​ក្រុមហ៊ុន​ចិន ក្នុង​ទំហំ​ទឹកប្រាក់ ចំនួន​ប្រមាណ ២០០ លាន​ដុល្លារ ដែល​នឹង​ជួយ​គាំទ្រ ដល់​វិស័យ​ទេសចរណ៍ របស់​ប្រទេស​កម្ពុជា​។ អាកាសយានដ្ឋាន អន្តរជាតិ​នេះ នឹង​ក្លាយជា​អាកាស យានដ្ឋាន អន្តរជាតិ​ទី​៤ របស់​កម្ពុជា នឹងត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់ នៅក្នុង​ប្រទេស​។​

​សូមបញ្ជាក់ថា ដោយឡែក ដំណើរការ​សាងសង់ អាកាសយានដ្ឋាន អន្តរជាតិ សៀមរាប អង្គរ​ថ្មី សម្រេចបាន​ជាង ៤៥ ភាគរយ ខណៈដែល​អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ​ថ្មី នៅ​ខេត្តកណ្ដាល សម្រេចបាន​ជាង ២០,៩ ភាគរយ​៕/V​