ប្រែសម្រួលៈវាសនា/ប៉េកាំង៖ ចិននិយាយថាខ្លួនថ្កោលទោសការវាយប្រហារនៅអាកាសយានដ្ឋានក្រុងកាប៊ុលនិង«ត្រៀមធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីដោះស្រាយការគំរាមភេរវកម្មព្រមទាំងរារាំងកុំអោយអាហ្វហ្គានីស្ថានក្លាយជាប្រភពភេរវកម្មជាថ្មី»។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន ហ្សាវ លីជៀន កាលពីរសៀលថ្ងៃសុក្រ ជាប្រតិកម្មដំបូងរបស់រដ្ឋាភិបាលក្រុងប៉េកាំងចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតនៅអាកាសយានដ្ឋានក្រុងកាប៊ុលកាលពីថ្ងៃព្រហស្បតិ៍។
លោកហ្សាវ បាននិយាយថា មិនមានជនជាតិចិនណាម្នាក់បានស្លាប់ឬរងរបួសក្នុងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ទេ និងថាចិនបានណែនាំពលរដ្ឋខ្លួននៅក្នុងប្រទេសនេះអោយ«បង្កើនការប្រុងប្រយ័ត្នសន្តិសុខ។ក្នុងពេលជាមួយគ្នា យើងបានស្នើសុំភាគីពាក់ព័ន្ធអោយចាត់វិធានការធានាសុវត្ថិភាពជនជាតិចិន»។
ចិនបានបន្តបើកស្ថានទូតរបស់ខ្លួននៅក្រុងកាប៊ុលនិងកាលពីពេលថ្មីៗបានទទួលធ្វើជំនួបពិភាក្សារវាងក្រុមតាលីបង់និងឯកអគ្គរដ្ឋទូតចិន ក្នុងពេលខ្លួនបន្តរិះគន់អាម៉េរិកអំពីទិដ្ឋភាពជ្រួលច្របល់នៅអាកាសយានដ្ឋានក្រុងកាប៊ុល។
លោកហ្សាវក៏បានបញ្ជាក់អះអាងឡើងវិញអំពីការព្រួយបារម្ភរបស់ចិនអំពីអ្វីដែលរដ្ឋាភិបាលក្រុងប៉េកាំងនិយាយថា ការគំរាមមួយចំពោះសន្តិសុខរបស់ខ្លួនបង្កឡើងដោយចលនាអ៊ីស្លាមទឺកេស្ថានតែ «មេដឹកនាំក្រុមតាលីបង់និយាយថា ក្រុមលោកនឹងមិនអនុញ្ញាតអោយកងកម្លាំងណាមួយប្រើទឹកដីអាហ្វហ្គានីស្ថានដើម្បីធ្វើអ្វីមួយដែលធ្វើអោយអន្តរាយដល់ចិនទេ។យើងសង្ឃឹមភាគីពាក់ព័ន្ធនឹងចាត់វិធានការដើម្បីធានាអន្តរកាលដ៏រលូនមួយនៅអាហ្វហ្គានីស្ថាន ហើយនឹងសុវត្ថិភាពរបស់ប្រជាជនអាហ្វហ្គានីស្ថាន និងពលរដ្ឋបរទេសនៅទីនោះ»៕
ស្ថានទូតចិននៅក្រុងកាប៊ុលបន្តបើកទោះជាស្ថានទូតបរទេសដទៃទៀតបិទ