ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ បុគ្គលិកគ្រូពេទ្យ ទាំងក្របខ័ណ្ឌចាស់ និងថ្មី និងកិច្ចសន្យា ចំនួនជាង ៣០ នាក់ទៀត បានឆ្លងវីរុសកូវីដ១៩ និងខ្លះឆ្លងវីរុសបំប្លែងថ្មី ដែលតា (Delta) នៅតាមមណ្ឌល ព្យាបាល មន្ទីរពេទ្យ និងមណ្ឌលចត្តាឡីស័កនានា នៅក្នុងខេត្តបន្ទាយមានជ័យ ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រាប់ រស្មីកម្ពុជាថាៈ បុគ្គលិកពេទ្យ នៅ ១៤ មណ្ឌលព្យាបាល មន្ទីរពេទ្យនានា និងមណ្ឌលចត្តាឡីស័ក ចំនួន ២២ កន្លែង មកទល់យប់ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នេះ បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមាន មេរោគបំប្លែងថ្មី ដែលតា(Delta) ចំនួន ៣១ នាក់ ។
លោកបានបន្តថាៈ ចំពោះមុខ មន្ទីរ និងក្រុមការងារសុខាភិបាល បាននាំបុគ្គលិកពេទ្យ ទាំងទៅពិនិត្យ ព្យបាល នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យមួយចំនួន ដែលបានរៀបចំ ជាពិសេស ក្នុងការផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្ត។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានបន្តថាៈ ក្នុងគ្រាបន្ទាន់នេះដែរ មន្ទីរ និងក្រុមការងារ ត្រូវរកគ្រូពេទ្យថ្មី មកបំពេញការងារ ត្រង់កន្លែង ដែលគ្រូពេទ្យ មានវិជ្ជមានកូវីដ១៩ ដើម្បីទ្រោលបន្ត បន្ទុកសភាពការណ៍ ប្រយុទ្ធនឹងជំងឺកូវីដ ១៩ ជាពិសេស មេរោគបំប្លែងថ្មី ដែលតា(Delta)៕/V