​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្រុម​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Premier League គឺ​មេឃ​ខៀវ Manchester City ត្រូវបាន​រាយការណ៍​ថា​ជិត​ឈានដល់​ការសម្រេច​កិច្ចព្រមព្រៀង​មួយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​សីហា​ដើម្បី​នាំយក​តារា​ឆ្នើម​ព័រ​ទុយ​ហ្គាល់ គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ ត្រឡប់​មក​អង់គ្លេស​វិញ​។​

​ថ្វីបើ Juventus អះអាង​ថា​កីឡាក​រវ័យ ៣៦ ឆ្នាំ​រូប​នេះ​នឹង​បន្ត​នៅ​ជាមួយ​ក្លិប​យក្ស​ក្របខ័ណ្ឌ Serie A នេះ​ក៏​ដោយ ក៏​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អ៊ីតាលី​នៅតែ​លើកឡើង​ថា​អតីត​តារា​ឆ្នើម​របស់ Real Madrid និង Manchester United រូបនេះ​បាន​សម្រេចចិត្ត​ចាក​ចេញ​ហើយ​។​

​ទូរទស្សន៍ Sky Sport Italia បាន​អះអាង​ថា ប្រធាន​ក្រុម​ព័រ​ទុយ​ហ្គាល់​រូបនេះ​ថែមទាំង​បាន​សម្អាត​ទូ​ខោ​អាវ​របស់​គាត់​នៅក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​នៅ​ក្លិប Juventus ទៀតផង ហើយ​គាត់​មាន​ការស្ទាក់ស្ទើរ​នឹង​បង្ហាញខ្លួន​ក្នុងជំនួប​ជាមួយ Empoli នៅ​ចុង​សប្តាហ៍​នេះ​។​

​កិច្ចព្រមព្រៀង​នេះ​អាច​នឹង​សម្រេច​បាន នៅមុន​ទីផ្សារ​ដោះដូរ​កីឡាករ​ត្រូវ​បិទទ្វារ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​។​

​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Premier League មួយ​នេះ​ត្រូវ​បាន​ផ្សារភ្ជាប់​យ៉ាង​ទូលំទូលាយ​ជាមួយ​នឹង​ការផ្ទេរ​យក​ម្ចាស់​ពានរង្វាន់ Ballon d’Or ៥ សម័យកាល​រូបនេះ បន្ទាប់​ពី​មិន​អាច​ទិញ​បាន​ប្រធាន​ក្រុម​អង់គ្លេស ហា​រី ខេន​។​

​ទោះយ៉ាងណា តម្លៃ​ខ្លួន​អាច​ជា​បញ្ហា ព្រោះ​ក្លិប​យក្ស​អ៊ីតាលី​នេះ​ចង់​បាន ២៥ លាន​អឺរ៉ូ​។​

​រ៉ូ​ណាល់​ដូ ដែល​នៅសល់​មួយ​ឆ្នាំ​ទៀត​លើ​កិច្ចសន្យា​របស់​គាត់ ក៏​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ក្លិប PSG និង​ការវិលត្រឡប់​ទៅ Real Madrid វិញ​ផង​ដែរ​៕

រ៉ូ​ណាល់ដូ​អាច​នឹង​មក Man City រដូវ​កាល​នេះ​