ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ មនុស្សយ៉ាងតិច ១៩នាក់បានស្លាប់និងរាប់សិបនាក់បានបាត់ខ្លួនបន្ទាប់ពីទូកដឹកអ្នកដំណើរមួយគ្រឿងបានបើកបុកកប៉ាល់ដឹកខ្សាច់កាលពីថ្ងៃសុក្រទី ២៧ ខែសីហានៅក្នុងសោកនាដកម្មលើផ្លូវទឹកចុងក្រោយបង្អស់ដែលបានវាយប្រហារប្រទេសបង់ក្លាដែស។
លោក អានីសួ រ៉ាម៉ាន់ មេប៉ូលិសនៅសង្កាត់បាម៉ានបារៀស្ថិតនៅភាគខាងកើតទីក្រុងដាក្កា ទីដែលឧបទ្ទវហេតុនេះបានកើតឡើង បាននិយាយថា “មកទល់ពេលនេះយើងបានស្រង់សាកសពចំនួន ១៩ នាក់”។
លោកបាននិយាយថា អ្នកស្លាប់ទាំងនោះរួមមានស្ត្រី ៩ នាក់និងកុមារ ២ នាក់ ដោយបន្ថែមថា “ប្រតិបត្តិការជួយសង្គ្រោះអ្នកបាត់ខ្លួនកំពុងបន្ត”។
មន្ត្រីប៉ូលិសបាននិយាយថាពួកគេមិនដឹងពីចំនួនពិតប្រាកដនៃមនុស្សដែលបាត់ខ្លួននោះទេ ប៉ុន្តែអ្នកដំណើរបាននិយាយថាមានមនុស្សជាង ៥០ នាក់ជិះនៅលើនោះ ខណៈចៅសង្កាត់លោក ហាយ៉ាត អូដ ដូវឡា ខាន់ បាននិយាយថា អ្នកខ្លះបានហែលឡើងគោកឬត្រូវបានជួយសង្គ្រោះ។
មនុស្សរាប់រយនាក់បានស្លាប់ជារៀងរាល់ឆ្នាំនៅក្នុងគ្រោះថ្នាក់លិចសាឡាងនៅបង់ក្លាដែស ជាប្រទេសមានតំបន់ទំនាបទាបដែលមានផ្លូវទឹកយ៉ាងទូលំទូលាយ ប៉ុន្តែខ្វះស្តង់ដារសុវត្ថិភាព៕
មនុស្ស១៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ផ្លូវទឹកកាលពីថ្ងៃសុក្រនៅទីក្រុងដាក្កា