ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន បានថ្លែងថាៈ ដើម្បីបង្កើនប្រសិទ្ធភាព នៅក្នុងការងារគ្រប់គ្រង និងអភិរក្សធនធាន ធម្មជាតិ មន្ត្រីឧទ្យានុរក្ស ត្រូវបន្តហ្វឹកហាត់ បង្កើនសមត្ថភាពខ្លួន ជាប្រចាំ ទាំងផ្នែកក្របខណ្ឌច្បាប់ និងបច្ចេកទេស ត្រូវធ្វើបច្ចុប្បន្នភាព ខ្លួនឯង លើការប្រើ ប្រាស់បច្ចេកវិទ្យាព័ត៌មាន និងបន្តប្រតិបត្តិ ក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ ក្នុងនាមជាឆ្មាំព្រៃ។
ក្នុងឱកាសជួបសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរ និងឧបករណ៍ដ្រូន អាយកូម សម្ភារផ្សេងទៀត ជាជំនួយល្បាត ដល់មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន ខេត្តកំពត កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា បានឱ្យដឹងថាៈ នៅតាមតំបន់ប្រឈម លើការទន្ទ្រានកាន់កាប់ដី ព្រៃខុសច្បាប់ ពីសំណាក់ក្រុម ជនខិលខូច គឺចាំបាច់ណាស់ ដែលទាមទារឱ្យមន្ត្រីឧទ្យានុរក្ស ទាំងអស់យកចិត្ត ទុកដាក់ និងមានឧបករណ៍ សម្ភារទំនើប ដើម្បីជាជំនួយក្នុងការងារល្បាត របស់ខ្លួន ចុះអន្តរាគមន៍ និងបង្ក្រាបបទល្មើស បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
លោក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានសម្តែង នូវការកោតសរសើរ ពីការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ របស់មន្ត្រីឧទ្យានុរក្សទាំងអស់ ក្នុងការថែរក្សា និងការពារ ធនធានធម្មជាតិ សត្វព្រៃ ទីជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី ដែលកម្ពុជាមាន។
ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថាៈ មន្ត្រីឧទ្យានុរក្ស អនុវត្តកាតព្វកិច្ចរបស់ខ្លួន ជារៀងរាល់ថ្ងៃ ដោយមិនខ្លាចនឿយហត់ និងបានលះ បង់ខ្ពស់ ក្នុងបុព្វហេតុការពារ នូវធនធានធម្មជាតិ សត្វព្រៃដ៏មានតម្លៃ មិនអាច កាត់ថ្លៃបាន។ ទាំងនេះ វាក៏បង្ហាញពីទឹកចិត្តមោះមុត ដើម្បីទប់ស្កាត់ និងបង្ក្រាប បទល្មើស ដូចជា ការបរបាញ់សត្វព្រៃ ខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ និងនេសាទខុសច្បាប់ជាដើម។
លោក បានមានប្រសាសន៍ សង្កត់ធ្ងន់ថាៈ មន្ត្រីរបស់យើង ត្រូវប្រឈមនឹងហានិភ័យ ស្ថានភាពលំបាក និងប្រឈមនឹងគ្រោះថ្នាក់ ដោយចៃដន្យផ្សេងៗ ពិសេសជនល្មើស អាចបង្កគ្រោះថ្នាក់ នៅពេលមន្ត្រីយើង ចុះអនុវត្តច្បាប់។ ក្រៅពីនេះ ពួកគាត់ ក៏ប្រឈមទៅនឹងកត្តាផ្សេងៗទៀត ដូចជា ជំងឺ ការឆ្លងកាត់ឧបសគ្គ លំបាកៗជាច្រើន ក្នុងពេលបំពេញការងារ ដូចជា ទឹកជំនន់ សត្វដែលអាចបង្កគ្រោះថ្នាក់ ។ល។
ជាមួយគ្នានេះ លោក ក៏បានជំរុញនិងលើកទឹកចិត្ត ដល់មន្ត្រីឧទ្យានុរក្ស មិនត្រូវរុញរាឡើយ ក្នុងការអនុវត្តច្បាប់ ដើម្បីការពារតំបន់ការពារធម្មជាតិ ឱ្យបានគង់វង្ស យូរអង្វែង ដល់កូនចៅយើង ជំនាន់ក្រោយរបស់យើង។
លោក រដ្ឋលេខាធិការ បានមានប្រសាសន៍ថាៈ បច្ចុប្បន្ននេះ កម្ពុជា មានមន្ត្រី ឧទ្យានុរក្ស ចំនួន ១.២៦០ នាក់ កំពុងឈរជើងការពារ និងអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នៅទូទាំងប្រទេស។ កម្ពុជា មានផ្ទៃដីអភិរក្ស ទំហំ ៧,៣ លានហិកតា ឬស្មើប្រមាណ ៤១ ភាគរយនៃផ្ទៃដី ប្រទេសកម្ពុជា ដោយចែកជាឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់បេតិកភណ្ឌធម្មជាតិ តំបន់រ៉ាមសា និងរបៀងអភិរក្ស ជីវៈចម្រុះ។
លោករដ្ឋលេខាធិការ បានថ្លែងថា៖ ការបន្តហ្វឹកហាត់ ពង្រឹងសមត្ថភាព គឺជាការ ចាំបាច់បំផុត ព្រោះការងារជាឆ្មាំព្រៃ របស់មន្ត្រីឧទ្យានុរក្ស គឺប្រឈមមុខច្រើន ក្នុងនោះ ក្រុមជនល្មើសធនធាន ធម្មជាតិខ្លះ មានប្រើប្រាស់អាវុធ ទាំងអាវុធពិត និងអាវុធកែច្នៃ រួមទាំងគ្រោះថ្នាក់ជាយថាហេតុ បង្កឡើងដោយអន្ទាក់ គ្រប់ប្រភេទ ដែលត្រូវជនខិលខូច ដាក់នៅក្នុងព្រៃ ដើម្បីចាប់សត្វព្រៃ ដោយខុសច្បាប់។
ក្នុងឱកាសនោះ មន្ត្រីឧទ្យានុរក្សឆ្នើម ចំនួន ៥ រូប ក្នុងចំណោមមន្ត្រីឧទ្យានុរក្ស ៤១ រូប ដែលកំពុងការពារ និងអភិរក្សតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពត បានទទួលប័ណ្ណសរសើរ មេត្រីភាព ពីក្រសួងបរិស្ថាន។ ការផ្តល់បណ្ណសរសើរស្ថិត ក្នុងក្របខណ្ឌនៃការអបអរសាទរទិវាឧទ្យានុរក្សពិភពលោក ៣១ កក្កដា។
លោករដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងថាៈ ប័ណ្ណសរសើរមេត្រីភាពបរិស្ថាន នេះ គឺជាសក្ខីភាព បញ្ជាក់ពីទទួលស្គាល់ពី ការលះបង់កម្លាំងកាយ កម្លាំងចិត្តដ៏ មោះមុត ក្នុងការបំពេញការងារ ការពារធនធានធម្មជាតិនៅកម្ពុជា។
ទន្ទឹមជាមួយគ្នានេះ លោក រដ្ឋលេខាធិការ បានលើកទឹកចិត្ត ដល់មន្ត្រីឧទ្យានុរក្ស បន្តបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ និងបន្តបង្កើនសមត្ថភាព វិជ្ជាជីវៈរបស់ខ្លួន។ លោកបានថ្លែងអំណរគុណ ដល់ក្រុមគ្រួសារមន្ត្រីឧទ្យានុរក្ស ជាពិសេស ឪពុកម្តាយ ភរិយាស្វាមី កូនៗ របស់មន្ត្រីឧទ្យានុរក្សដែលបានអនុញ្ញាត ឱ្យកូន ស្វាមី ឬភរិយារបស់ខ្លួន ចូលរួមក្នុងការងារអភិរក្ស ធនធានធម្មជាតិ ដែលជាការងារប្រឈមខ្លាំង ជាពិសេសជាមួយក្រុមជនល្មើស៕/V-PC