ដោយៈប.ជ័យ / បន្ទាយមានជ័យៈ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណារី កាលពីថ្ងៃទី២៧ខែសីហា ឆ្នាំ២០២១ បានផ្តលអំណោយផ្លែប៉ោមចំនួន៧៥កេស(១កេសស្មើ១៧គីឡូក្រាម) ទៅផ្តល់ជូនពលរដ្ឋដែលកំពុងព្យាបាលជំងឺកូវីដ១៩នៅមណ្ឌលព្យាបាលកម្រិតស្រាលវិទ្យាល័យសិរីសោភ័ណ និងនៅមណ្ឌលព្យាបាលកម្រិតធ្ងន់ មហាវិទ្យាល័យសុខាភិបាលនៃសាកលវិទ្យាល័យជាតិមានជ័យ។

ក្នុងពេលនោះលោកបានថ្លែងអំណរគុណដល់លោកគ្រូពេទ្យនិងក្រុមការងារទាំងឡាយដែលបាននិងកំពុងបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងដោយការលះបង់ខ្ពស់ក្នុងការពិនិត្យថែទាំព្យាបាលអ្នកជំងឺ ។
លោកក៏បានសូមជូនពរដល់អ្នកជំងឺឆាប់បានជាសះស្បើយ។

បន្តមកលោកអភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញទៅផ្តល់អំណោយរបស់លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាននិងលោកស្រីឧកញ៉ា ហេម ចិន្តា អគ្គមហាឧបាសិការពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ និងរដ្ឋបាល ខេត្ត បន្ទាយមានជ័យដែលទទួលបានពីសប្បុរសជននានាដល់សិស្សនិស្សិនៅវិទ្យាស្ថានពហុវិទ្យាខេត្ត បន្ទាយមានជ័យនាភ្នំជញ្ជាំងសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ។ការចែកស្បៀងអាហារនេះជាការឆ្លើយ តបនឹងពួកគេដែលស្ថិតនៅក្នុងតំបន់ក្រហម នៃជំងឺកូវីដ១៩ ។

លោក កេតុ វណ្ណស៊ិន នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តឱ្យដឹងថា អំណោយស្បៀងអាហាររួមមាន អង្ករ៤០០គីឡូក្រាម មី១៨កេសតូច ត្រីខ ២កេះធំ ទឹកត្រី៥យួរ ទឹកស៊ីអ៊ី៥យួរ ទឹកសុទ្ធ១០កេះ ។

សូមរំលឹកថា នេះបើយោងសេចក្ដីសម្រេចរដ្ឋបាលខេត្តបន្ទាយមានជ័យចុះថ្ងៃទី២៣ខែសីហាឆ្នាំ២០២១ ស្ដីពីការកំណត់ភូមិសាស្រ្ដមួយចំនួនក្នុងសង្កាត់ទឹក និងសង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ ជាតំបន់ក្រហមដែលមានការឆ្លងរាលដាលនៃជំងឺកូវិដ១៩ធ្ងន់ធ្ងររួមមាន៖១.បរិវេណផ្សារទឹកថ្លាស្ថិតនភភូមិទឹកថ្លាសង្កាត់ទឹកថ្លា ។២.បរិវេណវត្តភ្នំជញ្ជាំង (ផ្លុវចូលវត្ត តាមរបងវត្ត)ស្ថិតក្នុងភូមិទឹកថ្លាសង្កាត់ទឹកថ្លា ។៣. ខាងកើតឈៀងខាងជើងជើងវត្តទឹកថ្លា ចាប់ពីមុខផ្ទះឈ្មោះរួម រ៉េត,អេង សំអាត ,ទឹម សារឿន ,វង្ស ម៉ុន និងឈុន ឃាង ស្ថិតនៅភូមិទឹកថ្លាសង្កាត់ទឹកថ្លា ។៤. បរិវេណផ្សារពង្រស្ថិតនៅភូមិពង្រសង្កាត់កំពង់ស្វាយ ៕សរន