ដោយៈបាយ័ន/សៀមរាបៈថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត និងមន្ត្រីរាជការ បានទទួលផ្លែមៀននិងផ្លែតាង៉ែនចំនួន ប្រាំតោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ពីឧត្តមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជាការរងកងអង្គរក្ស។

ក្នុងនាមលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងមន្ត្រីរាជការខេត្តសៀមរាប លោក នាក់ ណេរ៉ុន បាន ថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តែតែងយកចិត្តទុកដាក់ដោះស្រាយនូវរាល់ផលលំបាករបស់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ។ ជាក់ស្តែងថ្ងៃនេះ សម្តេចនាយករដ្ឋមន្ត្រី បានចាត់តំណាងនាំយកផ្លែមៀននិងផ្លែតាង៉ែនចំនួន ៥តោន ផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់បែងចែកជូនដល់បណ្តាក្រុង ស្រុក និង មន្ទីរ អង្គភាពចំណុះរដ្ឋបាលខេត្ត និង ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលកំពុងបំពេញការងារប្រចាំថ្ងៃ៕