ឆ្នាំជូត
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយរាល់ការធ្វើអ្វីត្រូវប្រយ័ត្នប្រយែងនិងមានចិត្តត្រជាក់ទើបគ្មានបញ្ហាចម្រូងចម្រាសកើតមានឡើង។ការប្រកបការងារ មានភាពរកាំចិត្ត និងពិសេសមនុស្សនៅជុំវិញខ្លួនតែងងាយឆាប់ប្រកាន់ ខឹងឬមិនដូច្នេះតែងចាប់ថ្នាំងថ្នាក់ច្រើនជាងសព្វមួយដង។ការប្រកបរបររកស៊ីជួញដូរ មុជមិនជ្រៅទៅមិនឆ្ងាយទេ ហើយពិសេសថ្ងៃនេះឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។
សម្ព័ន្ធស្នេហាកំលោះក្រមុំ ហាក់មានដំណើរថយក្រោយ ហើយអាចមានក្រុមមនុស្សទី៣ចូលមកជ្រៀតជ្រែកផង៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នាពេលនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ ម្ល៉ោះហើយបើចង់ធ្វើអ្វីមួយតែងលូតលាស់បោះជំហ៊ានទៅមុខជានិច្ច។នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នករៀបចំគម្រោងការងារថ្មីៗដើម្បីជោគជ័យដល់គ្រាក្រោយថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិស្រស់ស្រាយប្រពៃ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងក្នុងរឿងអ្វីមួយបន្តិចព្រោះថាបើសម្រេចចិត្តខុសនោះនាំឱ្យជួបស្ថានភាពលំបាកជាន់លើជាន់ថែមទៀត។សម្រាប់បញ្ហាកិច្ចការងារក៏ដូច្នេះដែរត្រូវចេះយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លានោះផ្លែផ្កាដែលផ្តល់មកវិញតែងឆ្លើយតបដូចជាទីពេញចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាកនាថ្ងៃខាងមុខចៀសមិនរួច៕
ឆ្នាំថោះ
រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែង និងត្រូវមានចិត្តត្រជាក់ដោយមិនត្រូវយកកំហឹងទល់កំហល់ជាដាច់ខាត។ការប្រកបការងារ បើទោះបីដួងរាសីស្រុតចុះ ប៉ុន្តែលោកអ្នកនៅតែអាចធ្វើអ្វីបានដែរគ្រាន់តែងាយទទួលរងប៉ះទង្គិច និងជួបបញ្ហាច្រើនប៉ុណ្ណោះ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្តប្រយែងឱ្យបានខ្លាំងក្លាពិសេសគ្រោះចាញ់បោកគេតែម្តង។
សម្ព័ន្ធស្នេហាកំលោះក្រមុំជួបភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើនព្រោះម្នាក់ៗយកភាពមានះដាក់ខ្លួន៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នក បានផ្លាស់ប្តូរមកល្អប្រសើរ ម្ល៉ោះហើយធ្វើឱ្យការរស់នៅមានភាពសុខដុម និង មានក្រុមមនុស្សចាប់អារម្មណ៍ជួយជ្រោមជ្រែងវិញខ្លះ ។ការប្រកបការងារមានការប្រែប្រួលពីអាក្រក់មកល្អវិញដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត តែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេដែរ។
សេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និងបើមានជម្លោះវិវាទជាពេលវេលាត្រូវដោះស្រាយជាមួយគ្នាឱ្យដាច់ស្រេចផងដែរ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ក្នុងពេលនេះបើបានទទួលជោគជ័យអ្វីមួយមិនត្រូវអំនួត ប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចបង់ខាតលាភសក្ការៈទៅវិញ ។ការប្រកបការងារនៅថ្ងៃនេះវិញមានភាពរលូនគ្រាន់គាប់ប្រសើរ ហើយបើមានកិច្ចការងារថ្មីៗផងតែងទទួលជោគជ័យផងដែរ។លោកអ្នកអាចប្រកបការងារពេញដៃពេញជើង ហើយពិសេសមានក្រុមមនុស្សជួយជ្រោមជ្រែងថែមទៀត។សម្រាប់ការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុក។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើមានការទុំជោរហើយជាឱកាសល្អក្នុងការរៀបអាពាហ៍ពិពាហ៍បំផុត៕
ឆ្នាំមមី
រាសីស្រុតចុះ។
នៅថ្ងៃនេះលោកអ្នកសម្រេចចិត្តធ្វើអ្វីក៏ដោយចូរប្រយ័ត្នបង្កើតជាបញ្ហាទៅគ្រាខាងមុខ បន្តទៀត។
ការប្រកបការងារលោកអ្នកជួបនូវឧបសគ្គចំពោះមុខច្រើនបន្តិច ដូចនេះបើទោះបីធ្វើ អ្វីក៏ដោយត្រូវធ្វើសន្សឹមៗបានហើយបើពុំនោះផលលំបាកអាចនឹងចូលយាយីពិបាកក្នុងការទប់ទល់ពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរគឺពុំសូវដំណើរការទៅមុខបានស្រួលទេគឺជារឿយៗតែងកើតមានភាពរកាំរកូសជាប់ជានិច្ច។
រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមួយចំនួនមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាមិនស្ទើរសោះឡើយ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ថ្ងៃនេះរាល់បញ្ហាចង្រៃឧបទ្រពមួយចំនួនយាយី ម្ល៉ោះហើយបើមានបញ្ហាជាមួយអ្នកដទៃត្រូវចេះរំងាប់ចិត្តទប់អារម្មណ៍ បើពុំនោះទេរឿងតូចសោះអាចរីកជាធំជាក់ជាពុំខាន។ចំពោះកិច្ចការងារទោះធ្វើអ្វីក៏ដោយលោកអ្នកមិនគប្បីចាប់កំហុស ឬរិះគន់អ្នកដទៃច្រើនឡើយប្រយ័ត្នឥតការអ្វីសោះនាំគេគុំកួន ហើយជះផលលំបាកដល់អាត្មាខ្លួននាគ្រាខាងមុខ។អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញបើឃើញថាកំពុងដាំក្បាលចុះខ្លាំង ហើយលោកអ្នកពុំមានការគិតគូរឱ្យដិតដល់ទេនោះគ្រោះរង្គោះរង្គើទ្រព្យពិតជាកើតឡើងទៀតពុំខាន។
សម្ព័ន្ធស្នេហាកំលោះក្រមុំចូរកុំគប្បីមានការផ្លែផ្កាដោយសម្តីវាយប្រហារឱ្យគ្នាឡើយព្រោះវាជាទម្លាប់អាក្រក់មានតែការកើតជម្លោះវិវាទឥតឈប់ឈរ ហើយអាចនឹងឈានដល់ការបែកបាក់ថែមទៀត ៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះចូរប្រយ័ត្នអ្នកក្រៅអុជអាលបង្កើតជាបញ្ហាជាមួយមនុស្សស្និទ្ធស្នាលឬសូម្បីតែជម្លោះក្នុងក្រុមគ្រួសារខ្លួនឯង។សម្រាប់ អ្នកប្រកបការងារ មិនត្រូវមើលស្រាលកិច្ចការទាំងតូចទាំងធំ ឬធ្វើដោយក្តីធ្វេសប្រហែសឱ្យសោះពីព្រោះថាលោកអ្នកអាចជួបការលំបាកអ្វីមួយរកស្មានមិនដល់ផង។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដួរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សំគាល់ទេគឺដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីជួបលើកំណាត់ផ្លូវរដិបរដុបនិងមានការប្រឆាំគ្នាច្រើន៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះលោកអ្នកអាចទទួលដំណឹងល្អឬរឿងរាវល្អៗចូលមកវិញផង។សម្រាប់ការបំពេញការងារ អ្វីលោកអ្នកត្រូវចងចាំថាមានតម្លៃហើយពិសេសធ្វើច្រើនទទួលបានផលច្រើនទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញដូចជាទីគាប់ចិត្ត។
សេចក្តីស្នេហាប្រុសស្រីកំពុងជឿនលឿនទៅមុខនិងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំច
រាសីស្រុតចុះ។ទាំងស្ត្រីបុរសនៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ ឬ ណាត់ជួបចរចារឿងធំដុំណាមួយឡើយពីព្រោះថាងាយភ្លាំងភ្លាត់និងជួបបញ្ហាលំបាកមកវិញនាពេលក្រោយ។ទាំងស្ត្រីបុរសទោះប្រកបការងារអ្វីក៏ដោយចូរចេះអត់ធ្មត់ និង រំងាប់ចិត្តឱ្យបានត្រជាក់ទើបអាចទប់ទល់ជាមួយបញ្ហាឧបទ្រពយាយីទៅរួច។សម្រាប់អ្នក ប្រកប របរ រកស៊ីជួញដូរ លោកអ្នក ចូរចេះមាន ចិត្តត្រង់ទៅត្រង់មក មិនត្រូវមើលឃើញតែផលប្រយោជន៍នោះដែរ ។
សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬ ពោះម៉ាយមេម៉ាយក្តីគប្បីមានការប្រយ័ត្នប្រយែងកុំបង្កតែទំនាស់ចំពោះគ្នានាំឱ្យកើតតែជម្លោះវិវាទរកភាពផ្អែមល្ហែមពុំសូវឃើញ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើជាស្ត្រីលោកអ្នកត្រូវរក្សាភាពស្ងៀមស្ងាត់ និងមិនត្រូវប្រកែប្រកាន់ច្រើនឡើយនាំតែបង្កើតបញ្ហាជាមួយអ្នកដទៃមិនចេះចប់ប៉ុណ្ណោះ ។ការប្រកបការងារមានការជឿនលឿនតិច ហើយពិសេសកិច្ចការងារមិនអាចធ្វេសប្រហែសឡើយនាំជួបស្ថានភាពលំបាកណាមួយស្មានមិនដល់។
សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សអុជអាលអ្វីមួយនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃឡើង។
រីឯបញ្ហាស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទី៣ចូលមកអុកឡុកនាំកើតជម្លោះវិវាទឈានដល់ការបែកប្រេះស្រាំធ្ងន់ធ្ងរណាមួយកើតឡើង៕