​ដោយៈ គង់​ហេង / ត្បូងឃ្មុំៈ នារី​វ័យក្មេង ១៧ ឆ្នាំ​ម្នាក់ បាន​ស្លាប់​នៅនឹងកន្លែង និង​ពីរ​នាក់​ផ្សេងទៀត បាន​រងរបួស​ជា​ទម្ងន់ បន្ទាប់ពី​ជនរងគ្រោះ ដែល​ស្លាប់ បាន​បើកបរ​ម៉ូតូ ទៅបុក​ពីក្រោយ​រថយន្ត​មួយគ្រឿង លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៥២-១៥៣ ស្ថិត​ក្នុងភូមិ​ដងកាំបិត ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី ២៩ សីហា នេះ​។​

​មន្ត្រីនគរបាល​ស្រុក​ត្បូងឃ្មុំ បានឱ្យដឹងថាៈ ជនរងគ្រោះ ដែល​ស្លាប់​ឈ្មោះ ឈឿន វុទ្ធី ហៅ ស្រី​ពី អាយុ ១៧ ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ហុងដា វ៉េវ ពណ៌​ក្រហម បិទ​ស្តុ​ត​បៃតង អត់​ស្លាក​លេខ​។ ចំណែក​ពីរ​នាក់ ដែល​របួសធ្ងន់​ម្នាក់ អាយុ ១៤ ឆ្នាំ ឈ្មោះ រ៉េ​ន ស្រីរ័ត្ន និង​ម្នាក់ទៀត អាយុ ១៧ ឆ្នាំ ឈ្មោះ ម៉ឹក ស្រី​ម៉​យ ។ អ្នក​ទាំងបី មាន​ទីលំនៅ​ភូមិ​ថ្នល់​ថ្មី ឃុំ​សង្កាត់​វិហារ​ហ្លូ​ង ក្រុង​សួង​។​

​ប្រភព​ដដែល​នោះ បាន​បន្តថាៈ រីឯ​អ្នកបើកបរ រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស លេខ​ភ្នំពេញ 2X-0797 បាន​ទុក​រថយន្ត​ចោល គេចខ្លួនបាត់​។ ករណីនេះ ផ្តើម​ពី​ការប្រើប្រាស់​ល្បឿន​លឿន ពិសេស​ខាង ជនរងគ្រោះ ទាំង​អ្នកស្លាប់ និង​អ្នករបួស គឺ​មិន​ពាក់មួក​សុវត្ថិភាព​ឡើយ​៕/V​