ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
សង្វេគ
(សង់ ឬ ស័ង-វេក ឬ-វ៉ែក)
នាមសព្ទ
( សំ. បា. សំវេគ ) សេចក្ដីស្លុតចិត្ត, ដំណើរតក់ស្លុត, ការនឹកខ្លាចអំពើអាក្រក់, ការរំពឹងឃើញសេចក្ដីទុក្ខលំបាក; ដំណើរនឹកអាណោចអាធម្ម; សេចក្ដីនឹកអាណិតទៅរកអ្នកដែលរងទុក្ខលំបាក
កើតសង្វេគ មានសង្វេគ ។
ខ្មែរប្រើជា កិ. ក៏មាន : គួរឲ្យសង្វេគ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ច្រើនប្រើ សំវេគ ជាង អ. ថ. ស័ងវេគៈ, ដូចជា : សំវេគភាព ភាពនៃសង្វេគ ។ សំវេគសមុដ្ឋាន ហេតុដែលនាបណ្ដាលឲ្យកើតសង្វេគ ។ ល ។
កណ្ដែងកណ្ដោច
គុណសព្ទ
ដែលនៅក្នុងទីស្ងាត់ឥតមានសូរសព្ទអ្វីទៅបណ្តាលឲ្យភ្ញាក់ផ្អើល ហើយមានតែនាំឲ្យមានសេចក្តីសង្វេគក្នុងចិត្ត ( ម. ព. ត្រមោច ) ។
ប្រយោគ
(ប្រយោក)
នាមសព្ទ
( សំ.; បា. បយោគ ) ការប្រកប, ការប្រកបព្យាយាម, អាការសម្រាប់ប្រកបតាមទំនង ។ ដំណើរពាក្យដែលមានសេចក្ដីគ្រប់គ្រាន់មួយសង្កាត់ៗ
សេចក្ដី ១ ប្រយោគ ។ ជើងប្រយោគ របៀបពាក្យដែលរៀបរៀងតាមមុនតាមក្រោយនៃភាសានីមួយៗ ។ ដេញប្រយោគ ប្រឡងឲ្យឃើញកម្លាំងចំណេះវិជ្ជាដើម្បីឲ្យបានទទួលសញ្ញាបត្រឬទទួលមុខការអ្វីមួយ ។ ប្រែលោតប្រយោគ ប្រែភាសាណាមួយ លោតចុះលោតឡើងតាមរបៀបជើងប្រយោគ សម្រួលតាមលំនាំសេចក្ដីនៃភាសារបស់ខ្លួន ។ មេប្រយោគ ក្រុមសន្និបាតអ្នកត្រួតត្រាពិនិត្យការប្រឡង ។ ល។
កិរិយាសព្ទ
( អ. ថ. ប្រយ៉ោក ) ប្រកបចិត្តឲ្យឱនទៅរកសេចក្ដីសង្វេគ គិតរំពឹងដល់រូបកាយ
ឱ ពុទ្ធោ ពុទ្ធោ ! ឈឺដុនដាបម្ល៉េះហើយនៅតែសើចលេងសប្បាយមិនប្រយោគរូប !
ផ្កាត្រែង
នាមសព្ទ
ឈ្មោះរលកទឹកដែលបោកបែកសស្ងាច មើលទៅឃើញហាក់ដូចជាផ្កាត្រែង
រលកផ្កាត្រែង ឬ រលកបែកផ្កាត្រែង ។
( ព. កា. សង្វេគ )
ឈរក្បែរសាគរ រលកឈូឆរ បោកបែកផ្កាត្រែង ស្រាប់តែនឹកភ្នក ដល់រូបប្រាណឯង អន្ទោលខ្វាត់ខ្វែង កើតស្លាប់រាល់ជាតិ ។
ពុទ្ធោ!
(ពុត-ធោ)
ឧទានសព្ទ
( បា. < ពុទ្ធ ) ពាក្យលាន់មាត់បន្លឺរកព្រះពុទ្ធ ដោយកើតសេចក្ដីសង្វេគខ្លាំង ឬដោយកើតទុក្ខព្រួយចិត្តខ្លាំង
ពុទ្ធោ !, ឱពុទ្ធោ ! , ឱពុទ្ធោ ពុទ្ធោ ! ; ពុទ្ធោអើយ !, ឱពុទ្ធោអើយ ! (អ. ថ.—អ្ហើយ ) ។
មានគេនិយាយថា កើតទុក្ខរកពុទ្ធោ; វាយរកពុទ្ធោ ( ព. សា. ) ។មានទំនៀមចាស់ទុំប្រដៅកូនចៅថាកាលណាបើមានផ្លេកបន្ទោរភ្លែតឡើង សម្គាល់ថា នឹងមានរន្ទះបាញ់បន្ទាប់នោះ, ត្រូវលាន់មាត់ថា ពុទ្ធោ ពុទ្ធោ ! ដើម្បីកុំឲ្យរន្ទះបាញ់ត្រូវ, ឬក្រែងមានគ្រោះថ្នាក់ត្រូវរន្ទះបាញ់ស្លាប់ ក៏ឈ្មោះថា ស្លាប់គាប់ប្រសើរ ព្រោះបានរឭកដល់ព្រះនាមព្រះពុទ្ធ ។ មានទំនៀមមួយផ្សេងទៀតថា កាលបើមនុស្សកម្លាំងតិចជិតទទួលមរណភាព, មានអ្នកស្រែកដាក់ជិតត្រចៀកថា ពុទ្ធោ ! ពុទ្ធោ !… ឬថា ពុទ្ធោ អរហំ !… ហៅថា ស្រែកឲ្យធម៌ ( ជូនដំណើរបុគ្គល ) ។