ដោយៈមុនីរ័ត្ន/​ភ្នំពេញៈនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​បដិសេធ​និង​ទាត់ចោល​ចំពោះ​ព័ត៌មាន​ដែល​ក្រុមប្រឆាំង​បាន​ផ្សព្វផ្សាយនៅលើ​បណ្តាញ​សង្គម​ថា សម្តេច​ក្រឡាហោម ស ខេង ជួប​ជាមួយ​លោក​សម រង្ស៊ី សម្រេច​បង្កើត​រដ្ឋាភិ​បាល​បណ្តោះអាសន្ន​មួយ។លោកថា ជា​ព័ត៌មាន​មិន​ពិត​ហើយ​សមត្ថកិច្ច​កពុង​តែ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនល្មើស​ដើម្បីយកមកផ្តន្ទាទោស​តាមច្បាប់​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​២៩ ខែសីហា​នេះ​ថា​“​ព័ត៌មាន​នេះ​គឺជា​ព័ត៌មាន​ដែល​ជនល្មើស​បាន​បំផុស​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដែលជា​ព័ត៌មាន​មិន​ពិត ។​សូម​ទាត់ចោល​នៅ​ព័ត៌មាន​នេះ​។ លោក​បញ្ជាក់ថា ​សមត្ថកិច្ច​របស់​យើង​កំពុងតែ​ដំណើរការ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនល្មើស​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​រួមទាំង​អ្នក​ស៊ែរ (Share) ផង​។ អ្នកខ្លះ Share ដោយ​ចេតនា, អ្នកខ្លះ Share​ដោយ​​បញ្ហា​អីមួយ ឬក៏​មូលហេតុ​អី​មួយ ។ ក៏ប៉ុន្តែ​ឲ្យ​តែមាន​ធាតុ​ផ្សំ​នៃ​បទល្មើស​អាស្រ័យទៅលើ​តុលាការ​ជា​អ្នក​វិនិច្ឆ័យ​”​។​

គួររំលឹកថា​កាលពី​ថ្ងៃទី​២៣ ខែសីហា​កន្លងទៅ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ធ្លាប់បាន​បដិសេធថា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​គ្មាន​គម្រោង​ជួប​ជាមួយ​ក្រុម​ន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិនៅ​ប្រទេស​បារាំង​នោះទេ ។​

​ការបដិសេធ​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បានធ្វើ​ឡើង​បន្ទាប់ពី​សារព័ត៌មាន VOD បាន​ចុះផ្សាយ​ថា មន្ត្រី​អតីត​បក្សប្រឆាំង​ថា ខ្លួន​មាន​គម្រោង​ជួប​ពិគ្រោះ​យោបល់​ក្រៅផ្លូវការជាមួយ​សម្តេច​ក្រឡាហោម ស ខេង នៅ​បារាំង​។​

​យោងតាម​សេចក្តីជូនដំណឹង របស់​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម ស ខេង កាលពី​ថ្ងៃទី​២២ ខែសីហា បាន​ឲ្យ​ដឹងថា ដោយ​មានធុរៈ​ផ្ទាល់ខ្លួន និង​បានទទួល​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី ត​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ធ្វើដំណើរ​ទៅកាន់​សាធារណរដ្ឋ​បារាំង ចាប់ពី​ថ្ងៃទី ២២ ខែ សីហា រហូតដល់​ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ​២០២១ ៕សរន