ដោយៈ ប.ខុន / ភ្នំពេញៈ ច្រកជ្រៃធំ ព្រំដែនកម្ពុជា វៀតណាម ត្រូវបានបិទដោយសារ ការឆ្លងរាលដាលជម្ងឺកូវីដ- ១៩ នៅក្នុងប្រទេសវៀតណាម ធ្វើឱ្យការនាំត្រីចូលមក ក្នុងប្រទេសកម្ពុជា ងាកទៅតាមច្រកកោះរការ ក្នុងភូមិសាស្ត្រខេត្តព្រៃវែងវិញ ដោយមានចំនួន មកដល់រាជធានីភ្នំពេញ ដូចកាលពីពេល មិនទាន់បិទដដែល។
លោក ងិន ឌី នាយកខណ្ឌរដ្ឋបាលជលផលរាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជា ដឹង នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ថា: ច្រកព្រំដែនជ្រៃធំ កម្ពុជា វៀតណាម
ដែលជាច្រកដ៏សំខាន់ ក្នុងការនាំត្រី ពីវៀតណាមមកកម្ពុជា ត្រូវបានគេបិទ បីសប្តាហ៍ មកហើយ ដោយសារការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសវៀតណាម ធ្វើឱ្យការដឹកជញ្ជូនត្រី ត្រូវបានគេធ្វើ នៅតាមច្រកផ្សេង ក្នុងភូមិសាស្ត្រខេត្ត ព្រៃវែងវិញ។
នាយខណ្ឌរដ្ឋបាលជលផល ខាងលើ បាននិយាយតាមសម្តីរបស់ឈ្មួញត្រីថា: អ្នករកស៊ីនាំត្រីចូល មួយចំនួន បានផ្អាកដោយសារខ្លាចឆ្លងកូវីដ និងម្យ៉ាងពិបាក ក្នុងការដឹកជញ្ជូន ដោយត្រូវដឹកចូលមកតាមទូក ហើយបានសាងឡើងរថយន្ត ទៅតាមផ្លូវផ្សេង។
ទោះជាយ៉ាងណា លោក ងិន ឌី បានបញ្ជាក់ថា: បរិមាណត្រី ដែលបានដឹក មកដល់មណ្ឌលបែងចែក ផលនេសាទទឹកសាប ទាំងបី នៅក្នុងរាជធានីភ្នំពេញ នៅតែមានចំនួន ក្នុងរង្វង់ពី ១៤០ ទៅ ១៥០ តោន ក្នុងមួយថ្ងៃ ដោយមានតម្លៃដូច មុនដដែល ត្រីរ៉ស់ ៩.៥០០ រៀល, ត្រីអណ្ដែង ៦.០០០ រៀល, ត្រីក្រាញ់ ៨.០០០ រៀល, ត្រីឆ្ពិន ១១.០០០ រៀល, ត្រីកាប ៩.០០០ រៀល ជាតម្លៃនៅតាមមណ្ឌល បែងចែកផលនេសាទ តែនៅតាមផ្សារ តម្លៃខ្ពស់ជាងនេះ។
លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលរាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មី កម្ពុជាដឹង នៅថ្ងៃទី៣០ ខែសីហា បន្ទាប់ពីច្រកជ្រៃធំ បិទការនាំត្រី ពីវៀតណាម ចូលក្នុងប្រទេសកម្ពុជា ត្រូវបានគេងាកមកនាំចូលច្រើន តាមច្រកកោះរការ ក្នុងភូមិសាស្ត្រ ខេត្តព្រៃវែងវិញ ដោយក្នុងមួយថ្ងៃឃើញមានការកើនជាងមុន ប្រមាណជា ២០ តោន។ ពីមុន ត្រីត្រូវបានគេ ទៅដឹកពីវៀតណាមតាមឡាន ចូលទៅដល់គោលដៅ ក្នុងប្រទេសកម្ពុជា តែពេលនេះ មិនដូច្នេះទេ គឺគេមិនឱ្យ មានឡានចេញចូលទេ។ វៀតណាម បានដឹកត្រីចូល មកតាមទូក ដល់ក្នុងប្រទេស កម្ពុជា ហើយអ្នកជំនួញត្រី ត្រូវប្រើកម្មករកម្ពុជា លើកត្រីចេញ ពីទូកដាក់ឡាន ដឹកទៅដាក់គោលដៅ ដែលគេត្រូវទៅ ដោយឆ្លងកាត់ខេត្តព្រៃវែង ។ ការនាំត្រី ចូល មិនមែនមានតែនៅតាមច្រកក្នុងខេត្តព្រៃវែងទេ៕/V-PC