ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ សហរដ្ឋអាម៉េរិកឥឡូវកំពុងមានអ្នកជំងឺកូវីដ១៩ ដេកនៅមន្ទីរពេទ្យជាមធ្យមជាង ១០០.០០០ នាក់ គឺខ្ពស់ជាងការកើនឡើងលើកមុនៗលើកលែងតែនៅរដូវរងាឆ្នាំមុន នៅពេលជនជាតិអាម៉េរិកភាគច្រើនមានសិទ្ធិទទួលបានវ៉ាក់សាំង។
លំហូរចូលនៃអ្នកជំងឺកំពុងធ្វើឱ្យកើនសម្ពាធយ៉ាងខ្លាំងដល់មន្ទីរពេទ្យនិងកំពុងរុញបុគ្គលិកថែទាំសុខភាពទៅរកមាត់ជ្រោះគ្រោះថ្នាក់ ខណៈការស្លាប់បានកើនឡើងជាមធ្យមជាង ១.០០០ នាក់ក្នុងមួយថ្ងៃជាលើកដំបូងចាប់តាំងពីខែមីនា។
ការចូលដេកមន្ទីរពេទ្យនៅទូទាំងប្រទេសបានកើនឡើងជិត ៥០០ ភាគរយក្នុងរយៈពេលពីរខែចុងក្រោយនេះជាពិសេសនៅទូទាំងបណ្តារដ្ឋភាគខាងត្បូងកន្លែងដែលគ្រែនៅបន្ទប់សង្គ្រោះបន្ទាន់ (ICU)កំពុងពេញ ដែលនេះជាវិបត្តិបង្កឡើងដោយអត្រាចាក់វ៉ាក់សាំងទាបបំផុតនៅផ្នែកខ្លះនៃប្រទេសនិងការប្រឆាំងផ្នែកនយោបាយខ្លាំងឡើងចំពោះវិធានការសុខភាពសាធារណៈ ដូចជាការតម្រូវឱ្យពាក់ម៉ាស់។
នៅរដ្ឋផ្លរីដា មនុស្ស ១៦.៤៥៧ នាក់កំពុងដេកមន្ទីរពេទ្យ ដែលជាចំនួនច្រើនជាងរដ្ឋណាៗទាំងអស់ បន្ទាប់មកគឺរដ្ឋតិចសាស់នេះបើយោងតាមទិន្នន័យពីក្រសួងសុខាភិបាលនិងសេវាកម្មមនុស្សជាតិអាម៉េរិក។
ជាមួយនឹងការកើនឡើងករណីឆ្លងយ៉ាងខ្លាំងនៅទូទាំងប្រទេសនិងមន្ទីរពេទ្យជោរជន់ដោយអ្នកជំងឺ កង្វះគ្រូពេទ្យក៏កំពុងធ្វើឱ្យមានភាពស្មុគស្មាញក្នុងការព្យាបាលអ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណានៅមន្ទីរពេទ្យ ដែលនាំឱ្យមានការរង់ចាំបន្ទប់សង្គ្រោះបន្ទាន់យូរជាងមុន និង នាំឱ្យមានការថែទាំមិនបានគ្រប់គ្រាន់។
កាលពីដើមខែនេះ បន្ទប់ ICU របស់អាម៉េរិកមួយក្នុងចំណោមប្រាំបានឈានដល់ឬលើសសមត្ថភាព ៩៥ ភាគរយនៃគ្រែរបស់ខ្លួន៕
ការចូលដេកមន្ទីរពេទ្យនៅទូទាំងប្រទេសបានកើនឡើងជិត ៥០០ ភាគរយក្នុងរយៈពេលពីរខែចុងក្រោយនេះ