ដោយៈតារារិទ្ធ/ភ្នំពេញៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាសាធារណៈថារាជរដ្ឋាភិបាលនឹង ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ជូនដល់ប្រជាពលរដ្ឋទូទៅឲ្យបានគ្រប់ៗគ្នា។

សម្តេចតេជោបានឆ្លើយតបសំណួររបស់ប្រជាពលរដ្ឋតាមរយ:បណ្តាញហ្វេសប៊ុកដែលសាកសួរសម្តេចអំពីការចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋទូទៅកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។ សម្តេចតេជោបានគូសបញ្ជាក់ថាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសទី៣ជំហានដំបូងនេះ គឺសម្រាប់តែមន្រ្តីរាជការ និងកងកម្លាំងជួរមុខប៉ុណ្ណោះដែលចំនួននេះមាន
កំណត់។ ការចាក់ដូសទី១ និងដូសទី២ នៅកន្លែងណាត្រូវទៅចាក់ដូសទី៣ នៅកន្លែងនោះ។កន្លែងផ្សេងទៀតជារបស់ អ្នកដែលបានចាក់នៅកន្លែងដែលគេធ្លាប់ចាក់។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្ថែមថា ពលរដ្ឋកុំឲ្យបារម្ភចំពោះរឿងខ្លាចមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣នេះ ។សម្តេចបញ្ជាក់ថា នឹងចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា ដែលមានរហូតដល់ជិត ១២លាននាក់ហើយ វ៉ាក់សាំងសម្រាប់ចាក់ដូសទី៣ ឬដូសជំរុញនេះ នឹងមកដល់នៅខែកញ្ញាឆ្នាំ២០២១ ចំនួន ប្រាំលានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋទូទៅ៕សរន