ដោយ: ពៅនិមល/ភ្នំពេញៈស្របពេលផ្សារខេមបូឌាត្រេដ (Cambodiatrade.com)របស់ក្រសួងពាណិជ្ជកម្ម គ្រោងដាក់ឲ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកចិត្តនិងជំរុញ ឲ្យប្រជាពលរដ្ឋក្នុងស្រុក ឲ្យងាកមកទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីបង្កភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពក្នុងការប្រើប្រាស់។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅក្នុងសេចក្ដីប្រកាសព័ត៌មានក្រោយចប់ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារវីង នៅរសៀលថ្ងៃទី៣០ ខែសីហាឆ្នាំ២០២១នេះបាន លើកឡើងថា ផ្សារអេឡិចត្រូនិក ខេមបូឌាត្រេដ ជាផ្នែកមួយយ៉ាងសំខាន់របស់គម្រោង Go4eCAMដែល ទទួលបានការគាំទ្រហិរញ្ញប្បទានពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF)។
ផ្សារមួយនេះ ត្រូវបានផ្តួចផ្តើមបង្កើត និងគ្រប់គ្រងដោយរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ដែលមានគោលបំណងបង្កើនឱកាសសេដ្ឋកិច្ចដល់សហគ្រាសធុនតូចនិងមធ្យមដើម្បីចូលរួមក្នុងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។
ទាក់ទងពិធីអនុស្សរណៈនៃការយោគយល់គ្នាខាងលើនេះក្នុងគោលបំណងតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារវីងសម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដដើម្បីបង្កភាពងាយស្រួល ឆាប់រហ័សនិងមានសុវត្ថិភាពជូនដល់អតិថិជននិងសហគ្រាសធុនតូចនិងមធ្យមកម្ពុជានិងសហការក្នុងការផ្តល់វគ្គបណ្តុះបណ្តាលក្នុងការបង្កើនសមត្ថភាពនិងចំណេះដឹងហិរញ្ញវត្ថុបែបឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារវីង បាននិយាយថាភាពជាដៃគូនេះអនុញ្ញាតឱ្យយើងចូលរួម ចំណែកក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាដោយប្រើការទូទាត់ប្រាក់តាមឌីជីថល។ លោកបន្តថា ការទូទាត់តាមឌីជីថល កំពុងមានការពេញនិយមនៅជុំវិញពិភពលោកដោយសារភាព ងាយស្រួល និងមានសុវត្ថិភាព។
សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានដាក់ដំណើរការសាកល្បងផ្សារអេឡិចត្រូនិកខេមបូឌាត្រេដសម្រាប់ ការចុះឈ្មោះបឋមដោយសហគ្រាសធុនតូច និងមធ្យម នៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២១ដើម្បីជួយ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អាចប្រើប្រាស់ថ្នាលបច្ចេកវិទ្យារួមមួយ(មានទាំងប្រព័ន្ធ ទូទាត់ប្រាក់និងប្រព័ន្ធដឹកជញ្ជូនផងដែរ)ក្នុងការនាំចេញផលិតផលកម្ពុជានិងពង្រើកទីផ្សារកាន់តែទូលំទូលាយជាងមុនទាំងនៅក្នុងប្រទេស និងក្រៅប្រទេស៕សរន.mara