ដោយ៖តារារិទ្ធ/ភ្នំពេញ៖រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង នៅថ្ងៃទី៣០ ខែសីហាឆ្នាំ២០២១នេះបានផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះក្រុមគ្រួសារ សពអ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ ដែលបានស្លាប់ដោយសារជំងឺកូវីដ ១៩ ។

ក្នុងសារលិខិតរំលែកមរណទុក្ខបានថា៖ «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃក្រសួងសុខា ភិបាលទាំងអស់មានក្តីក្តុកក្ដួលរន្ធត់ចិត្តដោយបានទទួល ដំណឹងថាកញ្ញា អ៊ឹម ស្រីនិ មន្ត្រីសុខាភិបាលបម្រើការ ងារនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានទទួលមរណភាពនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១វេលាម៉ោង១០៖០០ នាទីយប់ក្នុងជន្មាយុ២៨ឆ្នាំដោយសារជំងឺកូវីដ-១៩។

មរណភាពរបស់ កញ្ញា អ៊ឹម ស្រីនិ គឺជាការបាត់បង់នូវបុគ្គលិកសុខាភិបាលមួយរូបដែលបានលះបង់កម្លាំងកាយចិត្តក្នុងការរួមចំណែកថែទាំអ្នកជំងឺកូវីដ-១៩។ ក្នុងឱកាស ប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមសម្តែងនូវមរណទុក្ខ ដោយក្តីស្រណោះ អាឡោះអាល័យ ជាមួយក្រុមគ្រួសារព្រមទាំងញាតិមិត្តទាំង អស់នៃសពហើយសូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធកញ្ញាបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ​។

សូមជម្រាបថាអ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ បានឆ្លងជំងឺកូវីដ១៩ និងព្យាបាលនៅខេត្តព្រះសីហនុដោយសារស្ថានភាពជំងឺធ្វើទុកខ្លាំងក៏ត្រូវបញ្ជូនមកព្យាបាលនៅមណ្ឌលព្យា បាលជំងឺកូវីដ១៩ ព្រីមៀមសែនសុខបានតែ២ថ្ងៃ ក៏ទទួល មរណភាពដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរមិនអាចជួយសង្គ្រោះបាន ។ នេះបើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

អ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ ដែលជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុផ្នែកព្យាបាលអ្នកជំងឺ កូវីដ១៩ បានស្លាប់នៅម៉ោង ១០​ យប់ ថ្ងៃ២៩ ខែសីហា ឆ្នាំ ២០២១ ដោយសាជំងឺកូវីដ ១៩ ។

សពអ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ បានធ្វើការបូជារួចហើយកាលពីម៉ោង២រសៀននេះនៅវត្ត អូរត្រិះ ដែលជាទីតាំងបូជាសពអ្នកជំងឺកូវីដ-១៩។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុបានឲ្យដឹងថារួមជាមួយជំនួយពីរដ្ឋាភិបាល រដ្ឋបាលខេត្តព្រះសីហនុបានចូលបច្ច័យរំលែកទុក្ខគ្រួសារសពចំនួន ១០ លានរៀលនិងឯកឧត្ដម ហ៊ុន ម៉ាណែតបានផ្ញើចូលបច្ច័យ ១,០០០ ដុល្លារអាមេរិក ៕