ដោយៈ ជា សីហៈ/ភ្នំពេញ: ក្រសួងទេសចរណ៍បានជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍និងម្ចាស់អាជីវកម្ម សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានាក្នុងន័យលើកទឹកចិត្តឱ្យ ចូលរួមដាក់ពាក្យស្នើសុំវិញ្ញាបនបត្រនិងស្លាកសញ្ញាស្តង់ដារនិងរង្វាន់អាស៊ានដែលគ្រោងនឹងប្រកាសជ័យលាភីក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន នាខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

ក្រសួងបានអះអាងថា ស្លាកសញ្ញាស្តង់ដា និងរង្វាន់អាស៊ានទាំងនោះចំនួន ៣ រួមមាន៖
ទី១. ស្តង់ដារ MICE អាស៊ាន «ប្រភេទបន្ទប់ប្រជុំ (Meeting Room)» លើកទី៣ ឆ្នាំ២០២២-២០២៤
ទី២. ស្តង់ដារ MICE អាស៊ាន «ប្រភេទសាលតាំងពិព័រណ៍ (Exhibition Venue)» លើកទី១ ឆ្នាំ២០២២-២០២៥
ទី៣. រង្វាន់ទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន (ASEAN Sustainable Tourism Award-ASTA) លើកទី៣ សម្រាប់ឆ្នាំ២០២២-២០២៣។

ក្រសួងទេសចរណ៍ក៏បានណែនាំដល់ប្រតិបត្តិករទេសចរណ៍និងម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍អាចដាក់ពាក្យ ស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដា និងរង្វាន់ខាងលើនៅទីស្ដីការក្រសួងទេសចរណ៍ ឬតាមរយៈមន្ទីរទេសចរណ៍រាជធានី-ខេត្ត។

សូមជម្រាបថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF 2022) នឹងប្រារព្ធឡើងជាលើកទី៤០ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ (ASEAN – A Community of Peace and Shared Future)»៕