ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ វៀតណាមបានបន្ថែមការព្រួយបារម្ភអំពីការផ្គត់ផ្គង់កាហ្វេលើពិភពលោក ខណៈទីក្រុងធំបំផុតរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅតែបន្តបិទខ្ទប់។
មជ្ឈមណ្ឌលនាំចេញនៃក្រុងហូជីមិញបានបន្តស្ថិតក្រោមការរឹតបន្តឹងការធ្វើដំណើរដ៏តឹងតែង បន្ទាប់ពីមានការកើនឡើងករណីវីរុសកូរ៉ូណាបំប្លែងខ្លួន Delta។
វៀតណាមគឺជាអ្នកផលិតរ៉ូបូស្តាដ៏សំខាន់ ដែលជាកាហ្វេរសជាតិល្វីងប្រើក្នុងកាហ្វេឆុងក្តៅភ្លាមៗ និង កាហ្វេ Espresso Blend ។
តម្លៃគ្រាប់កាហ្វេរ៉ូបូស្តាលក់ដុំបានកើនឡើងប្រហែល ៥០ ភាគរយគិតមកទល់ឆ្នាំនេះ។
ការបិទទីក្រុងហូជីមិញមានន័យថាអ្នកនាំចេញរបស់វៀតណាមកំពុងពិបាកក្នុងការដឹកជញ្ជូនទំនិញរួមទាំងគ្រាប់កាហ្វេទៅកាន់កំពង់ផែសម្រាប់ការដឹកជញ្ជូនទូទាំងពិភពលោក។
ការរឹតបន្តឹងលើការធ្វើដំណើរបានបង្ហាញពីបញ្ហាប្រឈមមួយទៀតចំពោះអ្នកនាំចេញដែលកំពុងប្រឈមមុខនឹងការខ្វះខាតកុងតឺន័រដឹកជញ្ជូននិងការកើនឡើងថ្លៃដឹកជញ្ជូនរួចជាស្រេច។
ទីក្រុងហូជីមិញនិងកំពង់ផែរបស់ខ្លួនគឺជាផ្នែកសំខាន់មួយនៃបណ្តាញដឹកជញ្ជូនទូទាំងពិភពលោកដែលធ្វើដំណើរពីចិនរហូតដល់ទ្វីបអឺរ៉ុប។
សមាគមកាហ្វេ-កាកាវវៀតណាមនិងអង្គការពាណិជ្ជកម្មដទៃទៀតបានអំពាវនាវដល់រដ្ឋាភិបាលរបស់ប្រទេសនេះឱ្យបន្ធូរបន្ថយការរឹតបន្តឹងដើម្បីជួយបញ្ចៀសការពន្យារពេលបន្ថែមទៀតចំពោះការដឹកជញ្ជូននិងថ្លៃដើមពាក់ព័ន្ធ។
កាលពីសប្តាហ៍មុនរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាមបានឆ្លើយតបទៅនឹងការព្រួយបារម្ភនេះ ដោយបញ្ជាឱ្យអាជ្ញាធរតំបន់នៅភាគខាងត្បូងនៃប្រទេសចាត់វិធានការបន្ធូរបន្ថយបន្ទុកមិនចាំបាច់លើការដឹកជញ្ជូនទំនិញរួមទាំងកាហ្វេផងដែរ។
បញ្ហាដែលផលិតករវៀតណាមកំពុងជួបប្រទះគឺគ្រាន់តែជាបញ្ហាចុងក្រោយបំផុតមួយទៀតដែលជះឥទ្ធិពលដល់ឧស្សាហកម្មកាហ្វេ។
ប្រេស៊ីលដែលជាប្រទេសផលិតគ្រាប់កាហ្វេអារ៉ាប៊ីកាលំដាប់ខ្ពស់បំផុតរបស់ពិភពលោកបានឃើញដំណាំរបស់ខ្លួនរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតនិងការត្រជាក់កកខូចដំណាំកាហ្វេ។
ការកកដ៏អាក្រក់បំផុតនៅក្នុងប្រទេសប្រេស៊ីលចាប់តាំងពីឆ្នាំ ១៩៩៤ បានធ្វើឱ្យថ្លៃដើមគ្រាប់កាហ្វេដែលមិនទាន់ដុតកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៧ ឆ្នាំ។
យោងតាមរបាយការណ៍ ការខូចខាតពីការត្រជាក់កកដំណាំគឺធ្ងន់ធ្ងរណាស់រហូតដល់ថ្នាក់កសិករដាំកាហ្វេខ្លះត្រូវដាំដើមកាហ្វេឡើងវិញដែលអាចមានន័យថាវាត្រូវការពេលរហូតដល់បីឆ្នាំដើម្បីអាចបន្តការផលិតកាហ្វេបានឡើងវិញ៕