ដោយ: ម៉េងឆៃ / ភ្នំពេញ: អ្នកគ្រូពេទ្យម្នាក់ បម្រើការងារនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុដែលស្ថិតក្នុង ក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ ដែលគេស្គាល់ថា ជាកងទ័ពអាវស បានទទួលមរណភាពដោយសារ ជំងឺកូវីដ១៩ កាលពីយប់ថ្ងៃ២៩ ខែសីហា ឆ្នាំ២០២១។ នេះជាមរណភាពរបស់គ្រូពេទ្យ ដែលព្យាបាលកូវីដ លើកដំបូង នៅកម្ពុជា។

អ្នកគ្រូពេទ្យ ដែលទទួលមរណភាពនេះឈ្មោះ អ៊ឹម ស្រីនិ អាយុ ២៨ឆ្នាំ ជាគ្រូពេទ្យបម្រើការងារ នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។

ក្រុមគ្រូពេទ្យរួមអាជីព ឲ្យដឹងថា អ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ បានឆ្លងជំងឺកូវីដ១៩។ ដំបូង កញ្ញា ត្រូវបានព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ប៉ុន្តែដោយសារស្ថានភាពជំងឺ ធ្វើទុក្ខខ្លាំងគួបផ្សំនឹងមានជំងឺថ្លើមធ្ងន់ធ្ងរ ផង អ្នកគ្រូពេទ្យ ក៏ត្រូវបានបញ្ជូនទៅព្យាបាលបន្ត នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ព្រីមៀម សែនសុខ ក្នុងរាជធានីភ្នំពេញ។ បានតែរយៈពេល ២ថ្ងៃអ្នកគ្រូពេទ្យរូបនេះក៏បានទទួលមរណភាពដោយសារស្ថានភាព ជំងឺធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះបាន។

ដំណឹងមរណភាពនេះ ក៏ត្រូវបានប្រកាសដោយលោកស្រី ពេជ ច័ន្ទមុនី ភរិយាលោក ហ៊ុន ម៉ាណែត ក្នុងនាមក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា គ្រូពេទ្យ ធីតា។ ក្នុងសារតាមហ្វេសប៊ុក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ លោកស្រី ពេជ ច័ន្ទមុនីបានសម្តែងនូវការ ស្តោកស្តាយ ចំពោះការបាត់បង់អ្នកគ្រូពេទ្យ ឈ្មោះ អ៊ឹម ស្រីនិ ដែលជាកងទ័ពអាវស ប្រឆាំងកូវីដ និងចាត់ទុកមរណភាពនេះ គឺជាការលះបង់ ដើម្បីជាតិ។

កាលពីរសៀលថ្ងៃទី៣០សីហាលោកម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចេញលិខិតរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសព កញ្ញា អ៊ឹម ស្រីនិ អាយុ ២៨ឆ្នាំ ដែលបានទទួលមរណភាពដោយសារជំងឺ កូវីដ១៩ កាលពីម៉ោង ១០យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានចាត់ទុកថា មរណភាពរបស់កញ្ញា អ៊ឹម ស្រីនិគឺជាការបាត់បង់នូវបុគ្គលិក សុខាភិបាលមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការរួមចំណែកថែទាំអ្នកជំងឺកូវីដ១៩។

នៅមានសារលើហ្វេសប៊ុកជាច្រើនទៀត ដែលបានសម្តែងនូវការសោកស្ដាយ រកពាក្យអ្វីប្រៀបផ្ទឹមពុំបាន ពីមិត្តភក្តិរួមកាងារ និងពីមហាជន ជូនអ្នកគ្រូពេទ្យ ស្រីនិ ដែលបានលះបង់គ្រប់យ៉ាង ទាំងជីវិត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ អ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ ត្រូវបានប្រសិទ្ធនាមថាជា «វីរៈជនអាវសរបស់ពួកយើង» ដែលយើងគ្រប់គ្នាស្រឡាញ់ និងតែងតែចងចាំទង្វើល្អរបស់អ្នកគ្រូពេទ្យ នៅលើសមរភូមិ កូវីដ១៩ នៅកម្ពុជា។

ពេលនេះ កូវីដ១៩ នៅកម្ពុជា ទោះបីអត្រាអ្នកឆ្លងប្រចាំថ្ងៃ បានថយចុះមកត្រឹមជាង ៤០០នាក់ ក្នុង ១ថ្ងៃ ហើយស្លាប់ជាង ១០នាក់ ក៏ដោយ តែកូវីដ នៅតែវាយលុក និងឆ្លងរាលដាល នៅគ្រប់រាជធានីខេត្ត ពិសេសមេរោគបំប្លែងថ្មី ដែលតា។

នៅកម្ពុជាយើង ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាល ប្រកាសថា មានករណីឆ្លងកូវីដ១៩ ចំនួន ៤០៨នាក់ ជាសះស្បើយ ៣២៤នាក់ និងស្លាប់ ១១នាក់ កាលពីថ្ងៃទី២៩ ខែសីហា។ ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ ទាំង ៤០៨នាក់ គឺមាន ៩០នាក់ ជាករណីនាំចូលពីក្រៅប្រទេស។ ជារួម គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅទូទាំងប្រទេស មានករណីឆ្លងកូវីដ១៩ សរុបចំនួន ៩២.៦១៦នាក់។ ករណីជាសះស្បើយ មានចំនួន ៨៨.៤៤៣នាក់ និងករណីស្លាប់សរុប កើនឡើងដល់ចំនួន ១.៨៩២នាក់។

មរណភាពគ្រូពេទ្យជួរមុខ ដែលប្រយុទ្ធនឹងកូវីដ១៩ នាពេលនេះ មិនមែនធ្វើឲ្យយើងម្នាក់ៗ ពិសេសក្រុមជួរមុខ ក៏ដូចជាក្រុមគ្រូពេទ្យ រុញរា ខ្លាចកូវីដនោះទេ។ ផ្ទុយទៅវិញ វាជាស្នូរជួងដាស់ស្មារតីឲ្យយើងម្នាក់ៗ ត្រូវបង្កើនការប្រុងប្រយ័ត្នថែមទៀត។ នោះគឺម្នាក់ៗ ធ្វើយ៉ាងណា កុំឲ្យឆ្លងកូវីដ ខណៈដែលអាជ្ញាធរសមត្ថកិច្ច ពិសេសក្រុមគ្រូពេទ្យ ដែលកងទ័ពអាវស នៅមើលថែទាំអ្នកជំងឺកូវីដ១៩ ត្រូវតែបង្កើនការប្រុងប្រយ័ត្ន ឲ្យបានច្រើនជាងមុន។

សម្រាប់គ្រូពេទ្យជួរមុខ ត្រូវតែប្រាកដថា មានឧបករណ៍សម្ភារៈគ្រប់គ្រាន់ ដូចជា សម្លៀកបំពាក់ ម៉ាស ស្រោមដៃ របាំងមុខ ជាដើម ហើយបំពាក់ស្របតាមវិធានសុខាភិបាលត្រឹមត្រូវ និងឆ្លងកាត់ការបណ្តុះបណ្តាល ហ្វឹកហាត់ហ្មត់ចត់ ទើបអាចចូលសមរភូមិបាន។ អ្នកទទួលខុសត្រូវលើការងារនេះ ត្រូវត្រួតពិនិត្យ ហើយពេទ្យខ្លួនឯង ក៏ត្រូវតែឲ្យច្បាស់លាស់លើវិធានការការពារខ្លួន និងអាវុធ ត្រូវមានគ្រប់គ្រាន់ ពេញដៃ មុននឹងចូលប្រយុទ្ធនឹងកូវីដ។

បទពិសោធន៍កន្លងមក ក្រុមគ្រូពេទ្យយើងរាប់ម៉ឺននាក់ នៅទូទាំងប្រទេស បានរួមប្រយុទ្ធនឹងកូវីដ ចាប់តាំងពីកូវីដ មានវត្តមាននៅកម្ពុជា ក្នុងទឹកដីខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។ បន្ទាប់មក ក៏មានករណីឆ្លងលើអ្នកដំណើរចូលមកកម្ពុជា តាមជើងហោះហើរ ក៏ដូចជា អ្នកឆ្លងដែនមកពីប្រទេសថៃ។ ក្នុងនោះ ក៏មានគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលមួយចំនួន ឆ្លងកូវីដ១៩ ខណៈដែលប៉ូលិសទាហាន អាជ្ញាធរសមត្ថកិច្ចមួយចំនួនទៀត ក៏រកឃើញឆ្លងកូវីដដែរ ដោយសារតែអ្នកទាំងអស់នោះ នៅប្រឡូកផ្ទាល់នឹងអ្នកជំងឺកូវីដ។តែក៏មិនមែនមានន័យថា ឲ្យតែអ្នកធ្វើការប្រឆាំងនឹងកូវីដ សុទ្ធតែឆ្លងជំងឺកូវីដ១៩ នោះទេ។ នោះគឺ កូវីដ ជាជំងឺឆ្លង ហើយក៏មិនមែនចេះតែឆ្លងគ្រប់គ្នានោះឡើយ។ បើម្នាក់ៗ ការពារតាមវិធានត្រឹមត្រូវ ពោលគឺពាក់ម៉ាស លាងសម្អាតដៃ និងរក្សាគម្លាតសុវត្ថិភាព ហើយពេទ្យ និងអាជ្ញាធរសមត្ថកិច្ច ត្រូវមានឧបករណ៍សម្ភារៈ រួមទាំងសម្លៀកបំពាក់ត្រឹមត្រូវ តាមក្បួនសុខាភិបាល នោះនឹងមិនមានឆ្លងរាលដាលជំងឺកូវីដ១៩ ឡើយ៕សរន