ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោក ម៉ាសាហ៊ីរ៉ូ មិកាមិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានអបអរសាទរនិងវាយ តម្លៃខ្ពស់ចំពោះចំណាត់ការយ៉ាងឆាប់រហ័ស ទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋា ភិបាលកម្ពុជាក្រោមការដឹកនាំផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកវីដ-១៩ នៅក្នុងសហគមន៍ ដែលកម្ពុជាគឺជាប្រទេសទី២ក្នុងអាស៊ាន ដែលមានអត្រាប្រជាជនបានចាក់វ៉ាក់សាំងខ្ពស់ជាងគេហើយជាលទ្ធផលបានធ្វើឱ្យសភាពការណ៍នៃការរីករាលដាលស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។

រូបថតៈលោក ម៉ាសាហ៊ីរ៉ូ មិកាមិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា

ការសាទររបស់លោកទូតជប៉ុនប្រចាំកម្ពុជាបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី២២នៃគណៈកម្មាធិការចម្រុះ កម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូ ជាមួយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅរសៀលថ្ងៃទី៣០ ខែសីហា នេះ។

គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានសរសេរនៅក្នុងផេកហ្វេសបុកផ្លូវការកាល ពីល្ងាចថ្ងៃទី ២៨ ខែសីហា ថា មកទល់ពេលនេះកម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន៩លាននាក់ គឺស្មើនឹង ៩០ភាគរយ នៃប្រជាពលរដ្ឋ ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ ចំនួននេះមិនទាន់គិតពីការចាក់ជូនកុមារនិងយុវ វ័យដែលមកដល់ពេលនេះចាក់បាន ៦៩.៤៧ ភាគរយនៃចំនួន ១.៩៦៦.៩៣១ នាក់ដែលត្រូវចាក់ព្រមទាំងបងប្អូនដែលបានចាក់ដូសទី ៣ឬ ដូសជំរុញនោះទេ។ប្រសិននិយាយពីតួលេខសរុប យើងចាក់បានលើស១០លាននាក់ដែលប្រមាណ ៦៥ភាគ រយនៃប្រជាជនសរុប១៦លាននាក់។

យោងតាមមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ មាន ៩០,៩២ភាគរយ ធៀបជាមួយចំនួនប្រជាជន គោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៧៤,៧៨ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ១.៩៦៦.៩៣១ នាក់៕សរន