ដោយៈ សរិទ្ធ / ភ្នំពេញ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ នៅពេលបុរសនោះ បានកំពុងបើកម៉ូតូ ទាំងមេឃកំពុងធ្លាក់ភ្លៀង ជ្រុលបុករថយន្ត បើកឆ្លងផ្លូវ ពេញទំហឹង កាលពីវេលាម៉ោង ១០និង៣០នាទី យប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ តាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ប៉ែន ចាន់កាឌីន ភេទប្រុស អាយុ ៣៩ ឆ្នាំ មានលំនៅ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មាន បានឱ្យដងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកតូយ៉ូតា ឡង់គ្រីស័រ ប្រាដូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2H 1578 ធ្វើដំណើរចេញពី អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បើកឆ្លងផ្លូវ ភ្លាមនោះ ស្រាប់តែមានបុរសម្នាក់ បើកម៉ូតូ ម៉ាកសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE 6870 ធ្វើដំណើរតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ទាំងមេឃ កំពុងធ្លាក់ភ្លៀងផងនោះ ក្នុងទិសដៅពីខាងលិច ទៅខាងកើត ក៏ជ្រុលបុកពីចំហៀងរថយន្ត ពេញទំហឹង បណ្តាលឱ្យបោកក្បាល ជាមួយកញ្ចក់ផ្នែកខាងក្រោយ នៃចំហៀងខាងឆ្វេង ធ្វើឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ ភ្លាមនោះ រថយន្តបើកគេចខ្លួន រហូតទៅដល់ផ្លូវបេតុង សង្កាត់គោលឃ្លាង ខណ្ឌសែនសុខ ក៏ត្រូវបានសមត្ថកិច្ច ឃាត់បាន។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ និងទំនាក់ទំនង ទៅក្រុមគ្រួសារ មកទទួលយកសព ។ ចំណែកម៉ូតូ និងរថយន្តបង្ក រួមទាំងម្ចាស់ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយ នៅពេលក្រោយ៕/V-PC