​ដោយៈ បូកគោ / កំ​ពតៈ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ជំរុញ​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​លឿន និង​បាន​លើកទឹកចិត្ត ប្រជាពលរដ្ឋ​ត្រូវ​រួសរាន់​មក ទទួល​វ៉ា​ក់សាក់ ដើម្បី​សង្គម​កម្ពុជា មាន​ភាពស៊ាំ ហើយ​អាច​រស់នៅ តាមបែប​គន្លង​ថ្មី​។

​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ជំរុញ​បែបនេះ កាលពី​ព្រឹក​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ​២០២១ នៅពេល​លោក​បាន​អញ្ជើញ​ពិនិត្យ​ស្ថានភាព និង​ដំណើរ ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​។​

​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថាៈ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ទូទៅ ត្រូវ​បន្ត​យកចិត្តទុកដាក់ ក្នុងការ​ចូលរួម អនុវត្ត​វិធានការ សុខាភិបាល ពិសេស​វិធានការ​៣​កុំ ៣​ការពារ ឱ្យបាន​ខ្ជាប់ខ្ជួន​។ បន្ថែម​លើ​នេះ សូម​ពលរដ្ឋ​គ្រប់រូប រួសរាន់​មក​ទទួល​វ៉ាក់សាំង​ការពារ ឱ្យបាន​គ្រប់គ្នា ដើម្បី​សង្គម កម្ពុជា មាន​ភាពស៊ាំ ហើយ​អាចរ​រស់នៅ ជាមួយ​ជំងឺ​កូ​វីដ​-១៩ តាមបែប​គន្លង​ថ្មី ដូច​ប្រសាសន៍​ណែនាំ របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​

​លោក ម៉ម ប៊ុនហេង បា​ណែនាំ​ថាៈ មន្ត្រី​សុខាភិបាល ពិសេស​ក្រុមគ្រូពេទ្យ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ បន្ថែមទៀត ចំពោះ​ការផ្តល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ទូទៅ​។​

​លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថាៈ​លោក​សូម​ថ្លែង អំណរគុណ ក្រសួងសុខាភិបាល ពិសេស​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​ដែល​តែងតែ យកចិត្តទុកដាក់ ក្នុងការ​ផ្តល់​ទាំង​សម្ភារៈ ថវិកា ដើម្បី​សុខុមាលភាព​និង​ការពារ​អាយុ ជីវិត ប្រជាពលរដ្ឋ​ទូទៅ​។

​លោក​អភិបាលខេត្ត បាន​រាយការណ៍​ថាៈ គិត​ចាប់ពី​ថ្ងៃទី​២ ខែមីនា រហូតដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២១ លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្តកំពត សម្រេចបាន ៣២៤.០៤៧ នាក់ លើ​ប្រជាពលរដ្ឋ​គោលដៅ ចំនួន ៥៤៦.២៧២ នាក់​។ ក្នុងចំណោម​នោះ កុមារ​អាយុ​ចាប់ពី ១២ ឆ្នាំ ដល់​ក្រោម ១៨ ឆ្នាំ ចំនួន ៩៥.២០១ នាក់ បាន​ចាក់​ជូន​រួចរាល់​៕/V​-PC