ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ បេសកជនអាកាសធាតុអាម៉េរិកលោកចនឃើរីចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុននិងចិននៅថ្ងៃអង្គារនេះខណៈរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនព្យាយាមបង្កើតសម្ទុះនៅមុនកិច្ចប្រជុំកំពូលសំខាន់មួយស្តីពីការប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅផែនដីនៅខែវិច្ឆិកា។
ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា លោកឃើរី ដែលបានធ្វើទស្សនកិច្ចនៅប្រទេសចិនកាលពីខែមេសានឹងទៅទីក្រុងធៀនជីនដើម្បីបន្តការពិភាក្សាអំពីទិដ្ឋភាពសំខាន់ៗនៃវិបត្តិអាកាសធាតុ។
សេចក្តីថ្លែងការណ៍បានបន្ថែមថាក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះដែលនឹងត្រូវបញ្ចប់នៅថ្ងៃសុក្រអតីតរដ្ឋមន្ត្រីការបរទេសរូបនេះនឹងជួបជាមួយសមភាគីអន្តរជាតិនៅទីក្រុងតូក្យូផងដែរដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសកម្មភាពអាកាសធាតុរួម។
ដំណើរទស្សនកិច្ចនៅអាស៊ីរបស់បេសកជនអាម៉េរិក “នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងទ្វេភាគីនិងពហុភាគីរបស់សហរដ្ឋអាម៉េរិកដើម្បីបង្កើនមហិច្ឆតាអាកាសធាតុ”នៅមុនកិច្ចប្រជុំកំពូលអាកាសធាតុ COP26 ដែលនឹងត្រូវរៀបចំឡើងនៅទីក្រុងក្លាហ្គោ ប្រទេសស្កុតឡែនក្នុងខែវិច្ឆិកា។
យោងតាមសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកឃើរីទៅសៀងហៃនៅពាក់កណ្តាលខែមេសា ប្រទេសទាំងពីរបានសន្យាថានឹង “សហការ …ដើម្បីប្រឈមមុខនឹងវិបត្តិអាកាសធាតុ” ប៉ុន្តែទីក្រុងប៉េកាំងបាននិយាយកាលពីចុងខែកក្កដាថា កិច្ចសហប្រតិបត្តិការនេះនឹងពឹងផ្អែកលើ សុខភាព “នៃទំនាក់ទំនងទ្វេភាគី”។
របាយការណ៍អន្តររដ្ឋាភិបាលរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុដែលបានបោះពុម្ពផ្សាយកាលពីខែសីហាបានព្រមានថា ពិភពលោកនឹងឈានដល់កំដៅ ១,៥ អង្សាសេនៅត្រឹមឆ្នាំ ២០៣០ ពោលគឺលឿនជាងការព្យាករណ៍មួយទសវត្សរ៍ ដែលបានព្យាករណ៍កាលពីបីឆ្នាំមុន៕
លោកចន ឃើរី